ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ភូមិ​ត្នោត​ជា​បណ្តោះអាសន្ន ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រហូត​ដល់​៨​នាក់​ហើយ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ប្រកាស​បិទ​ភូមិ​ត្នោត ក្នុង​ឃុំ​រាប ជា​បណ្តោះអាសន្ន…

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ប្រកាស​បិទ​ភូមិ​ត្នោត ក្នុង​ឃុំ​រាប ជា​បណ្តោះអាសន្ន ដោយ​ហាម​មិន​អោយ​មានការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​នោះ​ទេ ដោយសារ​តែ​នៅ​ក្នុងភូមិ​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រហូត​ដល់​ទៅ​៨​នាក់​ហើយ គិត​មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ម្សិលមិញ​នេះ​។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ពារាំង បាន​បង្ហាញ​ថា នៅ​ក្នុងភូមិ​ត្នោត​នេះ កាលពី​ថ្ងៃ​ទី​២១ មេ​សា គេ​បាន​រក​ឃើញ​ស្ត្រី​ម្នាក់​ឈ្មោះ ឌឿ​ន ច​ន្ធា ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហើយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ក៏​បាន​នាំ​យក​ស្ត្រី​រូប​នោះ​ទៅ​ព្យាបាល និង​ប្រមូល​អ្នក​ជាប់​ពាក់ព័ន្ធ​សរុប​ចំនួន​៩៣​នាក់ យក​ទៅ​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ជា​លទ្ធផល មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៥ មេ​សា បាន​រក​ឃើញ​មាន​មនុស្ស​ចំនួន​៧​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​ឈ្មោះ ឌឿ​ន ច​ន្ធា នោះ ទើប​អាជ្ញាធរ​ស្រុក​ពារាំង សម្រេច​បិទ​ភូមិ​ត្នោត​ជា​បណ្តោះអាសន្ន រហូត​ទាល់តែ​មាន​ស្ថានភាព​ប្រសើរ​ឡើង​វិញ​។

ដោយឡែក​នៅ​ឯ​ស្រុក​ស្វាយ​អ​ន្ទ​រ​ឯណោះ​វិញ នៅ​ថ្ងៃ​ទី​២៦ មេ​សា​នេះ​ដែរ ក៏​បាន​រក​ឃើញ​មនុស្ស​ចំនួន​៦​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​ដែរ ដែល​អ្នក​ទាំង​អស់នេះ​សុទ្ធតែ​ជា​អ្នក​មក​ពី​រាជធានី​ភ្នំពេញ ដោយ​អ្នក​ខ្លះមក​ដល់​កាលពី​ថ្ងៃ​ទី​១៣ មេ​សា និង​ខ្លះ​ទៀត​មក​ដល់​ថ្ងៃ​ទី​១៥ មេ​សា ។ ហើយ​ពេល​មក​ដល់​ភ្លាម ក៏​ត្រូវ​បាន​អាជ្ញាធរ​ស្រុក ប្រមូល​យក​មក​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ទៅ​ពិនិត្យ​រក​ជំងឺ​កូ​វី​ដ​១៩​ភ្លាម​ៗ ប៉ុន្តែ​ការ​ពិនិត្យ​សំណាក​លើក​ទី​១ លទ្ធផល​គឺ​ឃើញ​អវិជ្ជមាន លុះ​មក​ដល់​លើក​ទី​២ ទើប​លទ្ធផល​ឃើញ​ថា វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​បច្ចុប្បន្ន​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នាំ​យក​មក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ស្រុក​ស្វាយ​អ​ន្ទ​រហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ