រាជធានីភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ តុលា នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី ។
យោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរក្នុងទំព័រសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានលើកយកសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍មកពិភាក្សាដែលខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់នេះមានគោលបំណង ៖
-ធានាការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញ និងការផ្គត់ផ្គង់សេវាទូរគមនាគមន៍ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព គុណភាព ភាពអាចទុកចិត្តបាន និងថ្លៃសមរម្យ ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ។
-ធានាការចូលរួមនិងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងការប្រកួតប្រជែងស្របច្បាប់ និងប្រកបដោយប្រសិទ្ធភាព និងធានាការពារអ្នកប្រើប្រាស់ និងជំរុញការកៀរគរចំណូលថវិកាជាតិ ។
លោក ផៃ ស៊ីផាន លើកឡើងទៀតថា ច្បាប់នេះមានគោលដៅកំណត់អំពីដែនសមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បង្កើតមុខងារនិងភារកិច្ចរបស់និយ័តករទូរគមនាគមន៍កម្ពុជា ។ ចំណាត់ថ្នាក់និងប្រភេទនៃលិខិតអនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណ ។ សមត្ថកិច្ចគ្រប់គ្រង និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញស្តង់ដាគុណភាពនៃសេវា និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ កាតព្វកិច្ចសេវាសាកល ការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ ប្លង់លេខទូរគមនាគមន៍ជាតិ និងអាសយដ្ឋានអេឡិចត្រូនិក ។
វិធានស្ដីពីថ្លៃសេវាទូរគមនាគមន៍ និងការប្រកួតប្រជែងដោយស្របច្បាប់ និងស្មោះត្រង់ និងសិទ្ធិរបស់ប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងស័យទូរគមនាគមន៍ និងសិទិ្ធរបស់អ្នកប្រើប្រាស់ ។
លោក ផៃ ស៊ីផាន ថ្លែងថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ និយមន័យនៃពាក្យបច្ចេកទេសក្នុងច្បាប់នេះ ត្រូវបានកំណត់ដោយសទ្ទានុក្រម ដែលជាឧបសម្ព័ន្ធនៃច្បាប់នេះ ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សរសេរកាត់ថា (កបទ) មានសមត្ថកិច្ចដូចតទៅ ៖
ទី១-រៀបចំគោលនយោបាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងក្របខណ្ឌគតិយុត្តសម្រាប់គ្រប់គ្រងប្រតិបត្តិការទូរគមនាគមន៍និងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញនៅព្រះរាជាណាចក្រកម្ពុជា ។
ទី២-ធ្វើជាហត្ថលេខី និងជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យទូរគមនាគមន៍ ។
ទី៣-ជំរុញការបង្កើត និងប្រើប្រាស់កម្មវិធីកាតព្វកិច្ចសេវាសាកល និងផែនការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ ។
ទី៤-ផ្តល់សេចក្តីណែនាំ ជួយសម្រួលកិច្ចការពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ដល់ប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ។
ទី៥-លើកកម្ពស់ និងជំរុញការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាព និងចេញប្រកាសពាក់ព័ន្ធនឹងចំណុចដូចខាងក្រោម៖
១-លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ការកែប្រែ ការព្យួរ ការផ្ទេរ និងការដកហូតលិខិតអនុញ្ញាតវិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណ
២-ការតភ្ជាប់បណ្តាញរវាងប្រតិបត្តិករទូរគមនាគមន៍
៣-កំណត់ស្តង់ដាសម្រាប់ការប្រើបាស់ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញ និងការផ្តល់សេវាទូរគមនាគមន៍ព្រមទាំងស្តង់ដាគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍
៤-ប្លង់លេខទូរគមនាគមន៍ជាតិ និងអាសយដ្ឋានអេឡិចត្រូនិក លក្ខខណ្ឌនៃការបែងចែក និងការប្រើប្រាស់បន្ទារហ្វ្រកង់ និងការផ្តល់ការកែប្រែ ការព្យួរ ការផេ្ទរ និងការដកហូតអាជ្ញាប័ណ្ណហ្វ្រេកង់វិទ្យុ
៦-សកម្មភាពប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់របស់ប្រតិបត្តិករទូរគមនាគមន៍ ឬ បុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
៧-ការគ្រប់គ្រងប្រព័ន្ធនិងសេវាអ៊ីនធើរណេត៕
ចែករំលែកព័តមាននេះ