ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លាមៗ អភិបាលខេត្តចេញ​បញ្ជាឱ្យ​ស្រុក​ចំនួន​៣​ជាប់​ព្រំ​ប្រទល់​​ខេត្ត​បន្ទាយមានជ័យរឹត​បន្ដឹង​គ្រប់​ច្រក​​ទាំង​អស់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អភិបាលខេត្ត​បាត់ដំបង លោក ងួ​ន រតនៈ បាន​ចេញ​បញ្ជា​ភ្លាម​ៗ​តាម​រយៈ​សារ​ជា​សម្លេង កាលពី​ថ្ងៃ​ទី​២៤ មេ​សា ទៅ​កាន់​អាជ្ញាធរ…

ខេត្តបាត់ដំបង ​៖ អភិបាលខេត្ត​បាត់ដំបង លោក ងួ​ន រតនៈ បាន​ចេញ​បញ្ជា​ភ្លាម​ៗ​តាម​រយៈ​សារ​ជា​សម្លេង កាលពី​ថ្ងៃ​ទី​២៤ មេ​សា ទៅ​កាន់​អាជ្ញាធរ និងសមត្ថកិច្ច​តាម​បណ្ដា​ស្រុក​នានា ជា​ពិសេស​ស្រុក​ចំនួន​០៣ ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្តបន្ទាយមានជ័យ ដែល​ការ​បញ្ជា​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ប្ដី​ប្រពន្ធ​០២​នាក់ ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត លួច​ឆ្លង​ព្រំប្រទល​ខេត្ត ឆ្ពោះទៅ​កាន់​ផ្ទះ​របស់​ខ្លួន​នៅ​ស្រុក​មោង​ប្ញ​ស្សី មាន
«​វិជ្ជមាន​កូ​វី​ដ​១៩» ក្រោយ​ធ្វើតេស្ត​លើក​​ដំបូង​ ។

តាម​រយៈ​សារ​ជា​សម្លេង ដែល​លោក​អភិបាលខេត្ត ផ្ញើ​ជា​ពិសេស​ទៅ​កាន់​លោក​អភិបាលស្រុក និងកងកម្លាំង​សមត្ថកិច្ច​ចំនួន​០៣ ដែល​ជាប់​ព្រំប្រទល​ខេត្តបន្ទាយមានជ័យ គឺ​ស្រុក​ថ្មគោល ស្រុក​ប​វេ​ល និង ស្រុក​សំពៅ​លូន លោក ងួ​ន រតនៈ បាន​មាន​ប្រសា​ស​ន៍​ដូច្នេះ​ថា «​ឥឡូវនេះ កូ​វី​ដ​១៩ផ្ទុះ​ខ្លាំង​នៅ​ប៉ោយ​ប៉ែ​ត មនុស្ស​បុក​ច្រាល​ខ្លាំង​ចេញពី​ប៉ោយ​ប៉ែ​តមក​បាត់ដំបង តាម​គ្រប់​មធ្យោបាយ ឥឡូវ​មក​ដល់​ស្រុក​មោង ពីរ​នាក់​មាន​ទាំង​ពីរ​ ។ អីចឹង ​គាត់​មក​តាម​ម៉ា​ឡៃ មក​តាម​បឹង​ប្រាំ រូង​ជ្រៃ ឬ ក៏​ផ្លូវ​ផ្សេង​ទៀត អីចឹង​សូម​ឲ្យ​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​នីមួយ​ៗ ចាត់​តាំង​កម្លាំង​ល្បាត​ភ្លាម ព្រោះ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​បាន​ដាក់​ពង្រាយ​តាម​ផ្លូវ​ធំ​ៗ​អស់ហើយ​»​។

នៅ​ក្នុង​សារ​ជា​សម្លេង​នោះ លោក​អភិបាលខេត្ត​បាន​បញ្ជា​កម្លាំង​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​ទាំង​០៣​នេះ ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​នានា គ្រប់​ច្រកល្ហក​ទាំងអស់​នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​របស់​ខ្លួន​។ ជាមួយនឹង​ការ​រឹតត្បិត​នេះ លោក​អភិបាលខេត្ត ក៏​បាន​ចេញ​បញ្ជា​យ៉ាង​តឹង​រឹង ឲ្យ​ចាប់​ឃាត់ខ្លួន​អ្នកដំណើរ​ទាំងអស់ ដើម្បី​សួរនាំ​។ ត្រង់​ចំណុច​នេះ លោក ងួ​ន រតនៈ បាន​សង្កត់ធ្ងន់​ថា «​ខ្ញុំមិន​ជឿ​ថា អ្នក​រត់​តាក់ស៊ីមក​រត់​តាម​ផ្លូវ​ជនបទ​អីចឹង​ទេ ដូច្នេះ​ ត្រូវ​ចាប់​ទាំងអស់ចាប់​យក​មក​សួរនាំ​»​។

សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២៣ មេ​សា កន្លង​ទៅ​នេះ មាន​រដ្ឋ​ចំនួន​០២​នាក់ ជា​ប្ដី​ប្រពន្ធ គឺ​ប្ដី​ឈ្មោះ ផាត់ ផ​ន អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ទឹម សា​ម៉​ន អាយុ​៤២​ឆ្នាំ បាន​ធ្វើ​ដំណើរ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត តាម​មធ្យោបាយ​គ្រប់យ៉ាង លួច​ឆ្លង​ព្រំប្រទល់​ខេត្ត គេច​វែ​ស​ពី​គោលដៅ​ត្រូ​ត​ពិនិត្យ​របស់​សមត្ថកិច្ច​នានា ជា​ពិសេស​គេច​ពី​គោលដៅ​លើ​ផ្លូវជាតិ​លេខ​៥ ឆ្ពោះ​មក​កាន់​ផ្ទះ​របស់​គាត់​នៅ​ភូមិ​ទូល​តា​ផូ ឃុំ​របស់​មង្គល ស្រុក​មោង​ឬ​ស្សី​។ ប៉ុន្តែ​ពេល​មក​ដល់​ផ្ទះ អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​រាយ​ការ​ណ៏​និង​បាន​នាំ​ប្ដី​ប្រពន្ធ​នេះ ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​ធ្វើតេស្ត​រក​មេរោគ​ភ្លាម​ៗ​ដែរ​។

បើ​តាម​របាយ​ការ​ណ៏​បឋម​របស់​គ្រូពេទ្យ ក៏​ដូច​មន្ត្រី​រដ្ឋបាល​ស្រុក​មោង​ឬ​ស្សី បាន​អះអាង​ថា ការ​ធ្វើតេស្ដ​រហ័ស​លើក​ទី​ដំបូង គឺ​ប្ដី​ប្រពន្ធ​នេះ​មាន​«​វិជ្ជមាន​កូ​វី​ដ​១៩»​។ ប៉ុន្តែ​បើ​យោង​លើ​របាយ​ការ​ណ៏​របស់​លោក វឿ​ង ប៊ុ​ន​រេ​ត ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត ដែល​បាន​បញ្ជាក់​អំពី​ការ​ធ្វើតេស្ដ​ជំ​ហ៊ាន​ទី​០២ ទៅ​លើ​ប្ដី​ប្រពន្ធ​នេះ បាន​ឲ្យ​ដឹង​ថា លទ្ធផល​បញ្ជាក់​តេស្ដ Gyne Expert នៅ​មន្ទីរ​ពិសោធ​ន៏ នៃ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​២៤ មេ​សា គឺ ប្ដី​ប្រពន្ធ​នេះ «​អវិជ្ជមាន​» ហើយ​សំណាក​ទាំង​០២ នឹង​ត្រូវធ្វើ​តេស្ដ នៅ​៤៨​ម៉ោង​ក្រោយ​ម្ដងទៀត​។

យ៉ាងណា​ក៏​ដោយ ប្ដី​ប្រពន្ធ​ទាំង​០២​នាក់​នេះ ពេល​នេះ​កំពុង​ត្រូវ​បាន​ឲ្យ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​មោង​ឬ​ស្សី​។ ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ ក៏​បាន​បញ្ជាក់​ដែរ​ថា ជាមួយនឹង​ការ​រក​ឃើញ​ប្ដី​ប្រពន្ធ​មាន​«​វិជ្ជមាន​»​ខាងលើ​នេះ ក្រុមការងារ​ក៏​បាន​ស្រាវជ្រាវ​រក​ឃើញ​មនុស្ស​ចំនួន​០៣​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​ដែល​ត្រូវជា​កូន​និង​ក្មួយ តែ​ពួក​គេ អវិជ្ជមាន ក្រោយ​ធ្វើតេស្ដ​។ ពេល​នេះ​កំពុង​ដាក់​ឲ្យ​ច​ត្តា​ឡី​ស័ក​ទាំងអស់​គ្នា​។

ពាក់ព័ន្ធ​នឹង​ការ​រឹត​បន្ដឹង​នៅ​តាម​ដងផ្លូវ ឬ តាម​បណ្ដា​ច្រក​នានា នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ចំនួន​០៣ នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្តបន្ទាយមានជ័យ តាម​បទបញ្ជា​របស់​លោក​អភិបាលខេត្ត​បាត់ដំបង ខាងលើ​នេះ បើ​តាម​សមត្ថកិច្ច​ប្រចាំការ​តាម​គោលដៅ​នីមួយ​ៗ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​ស្ទើរ​គ្រប់​ច្រក​ហ្ហក​ទាំងអស់ មិន​ថា ផ្លូវ​តូច​ឬ​ផ្លូវ​ធំ​នោះ​ទេ​។

លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​របស់​លោក មាន​ចំនួន​០៥​គោលដៅ ដែល​កម្លាំង​ចម្រុះ​របស់​លោក​កំពុង​ដាក់​ពង្រាយ​ត្រូ​ត​ពិនិត្យ​អ្នកដំណើរ​។ ក្នុង​នោះ​មាននៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​បឹង​ប្រាំ មាន​០២​គោលដៅ និង នៅ​ក្នុង​ឃុំ​ល្វា មាន​ចំនួន​០៣​គោលដៅ​។

ដោយឡែក នៅ​ក្នុងភូមិ​សស្ត្រ ស្រុក​ថ្មគោល​វិញ លោក ផង់ សុភាព អធិការ​ស្រុក​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា កម្លាំង​ចម្រុះ​របស់​លោក​មួយ​ចំនួន​ធំ ឈរ​នៅ​លើ​គោលដៅ​ធំ ផ្លូវជាតិ​លេង​៥ ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ រីឯ​កម្លាំង​មួយ​ចំនួន​ទៀត បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​នានា ដែល​ចុះ​ទៅ​តាម​មូលដ្ឋាន​។

ជាមួយនឹង​វិធានការ​ក្រឡា​ញឹក​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​ទប់​ស្គា​ត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩ នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧប​នាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហាញ​ការ​គាំទ្រ​ទាំងស្រុង​ចំពោះ​ផែនការ​នេះ​។ សម្ដេច​ក្រឡាហោម បាន​ផ្ញើ​សារ​ជា​សម្លេង ទៅ​កាន់​អាជ្ញា​ធរ​ភូមិ ឃុំ ស្រុក ខេត្ត ទូ​ទាំង​ប្រទេស​យ៉ាង​ដូច្នេះ​ថា « ធ្វើ​ម៉េច​ត្រូវ​គ្រប់គ្រង ការ​ចេញចូល​របស់​ពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​ណែន តែបើ​ក្ដាម​មិន​បាន​អាហ្នឹង​វា​រីកសាយ​ហើយ​។ ធ្វើ​ម៉េច​ប្រចាំ​ថ្ងៃ​ហ្នឹង ឲ្យ​ក្ដាប់​ឲ្យ​ជាប់ បើ​មានអី​ត្រូវ​ដោះស្រាយ​ភ្លាម មាន​តែ​ធ្វើ​ចឹ​ង​ទេ ឲ្យ​គ្រប់​ភូមិ
ប៉ុ​ស្តិ៍នគរបាល សំខាន់​ភូមិ​តែ​ម្ដង​ ដែល​នៅ​ផ្ទាល់ដឹង​ថា មាន​អ្នក​ថ្មី ឬក៏​អ្នក​ភូមិ​ហ្នឹង​ក្ដី ដែល​ទៅ​ណា​បាត់​.. ហើយ​ត្រឡប់​មក​វិញ អាហ្នឹង​ត្រូវ​តែ​ផ្ដល់​ព័​ត៏​មាន ឬ ក៏​ត្រូ​ត​ពិនិត្យ​បែប​ណា​នោះ ដើម្បី​ឲ្យ​ដឹង​ ។ ចឹ​ង​ធ្វើ​ហ្នឹង​ល្អ​ហើយ​.. (​វិធានការ​រឹត​បន្ដឹង​តាម​មូលដ្ឋាន​) បិទ​ទៅ​.. បើ​ទុក​ដូច​នៅ​ប៉ោយ​ប៉ែ​ត ស្រាប់តែ​ផ្ទុះ​ឡើង​៧០-៨០​នាក់​ចឹ​ង​អន្តរធាន​ហើយ​..» ៕ ដោយ៖ ឆោម ពិសម័យ​

អត្ថបទសរសេរ ដោយ