ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់ ៖ សាច់ជ្រូកឡើងថ្លៃ ២០% ត្រីរ៉ស់ឡើង ៨១% ចំណែកបន្លែភាគច្រើនបានធ្លាក់ថ្លៃទៅវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានស្រង់តម្លៃទំនិញ និងស្បៀងអាហារដែលជាតម្រូវការប្រចំាថ្ងៃប្រជាពលរដ្ឋឃើញថា នៅក្នុងកំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលនេះ មានស្បៀងអាហារខ្លះឡើងថ្លៃខ្លំាង ហើយខ្លះធ្លាក់ថ្លៃទៅវិញ ។ ប្រភេទសាច់…

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានស្រង់តម្លៃទំនិញ និងស្បៀងអាហារដែលជាតម្រូវការប្រចំាថ្ងៃប្រជាពលរដ្ឋឃើញថា នៅក្នុងកំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលនេះ មានស្បៀងអាហារខ្លះឡើងថ្លៃខ្លំាង ហើយខ្លះធ្លាក់ថ្លៃទៅវិញ ។ ប្រភេទសាច់ ភាគច្រើនបានឡើងថ្លៃ ឡើងថ្លៃទំាងសាច់ស្រស់ និងសាច់កែច្នៃ ដូចជាត្រីងៀត ជាដើមនោះ ។ ចំណែកបន្លែភាគច្រើនបានធ្លាក់ថ្លៃទៅវិញ ដោយឡែកចំពោះអង្ករមិនសូវជាឡើងថ្លៃនោះទេ ។

បើតាមក្រសួងពាណិជ្ជកម្ម ទំនិញលក់នៅថ្ងៃទី ២៣ខែមេសានេះ អង្ករផ្ការម្លិះ ឬអង្ករមានគុណភាពប្រហាក់ប្រហែលផ្សេងទៀត ដែលគេចាត់ទុកប្រភេទអង្ករលេខមួយនោះ ជាមធ្យមមួយគីឡូក្រាម ៣៦៥០ រៀល គឺធ្លាក់ថ្លៃប្រមាណជាង ២% ប៉ុន្តែបានឡើងថ្លៃប្រភេទអង្ករលេខ ២ ទៅវិញ ។ អង្ករផ្សារខ្ញី និងប្រភេទប្រហាក់ប្រហែល ជាប្រភេទអង្ករលេខ ២ នោះ គឺជាមធ្យមលក់ចេញនៅថ្ងៃនេះ៣ពាន់រៀល គឺបានឡើងថ្លៃប្រមាណជាង ៤% ។

ចំណែកសាច់ជ្រូកវិញ សាច់សុទ្ធមួយគីឡូក្រាម ៣ មុឺនរៀល ក្រសួងបានវាយតម្លៃថា បានឡើងថ្លៃប្រមាណ ២០% ចំពោះសាច់ជ្រូកសាច់បីជាន់ ជាទូទៅឈ្មួញបានលក់ក្នុងតម្លៃ ៣ មុឺនរៀលក្នុងមួយគីឡូក្រាម គឺប្រភេទសាច់នេះ ឡើងថ្លៃជាង ២៧% ។ ត្រីរ៉ស់ជាប្រភេទសាច់ដែលបានឡើងថ្លៃជាងគេរហូតដល់ ៨១% នៅលើទីផ្សារលក់ត្រីរ៉ស់មួយគីឡូក្រាម ២ មុឺនរៀល ។ ចំណែកត្រីងៀត ប្រភេទត្រីឆ្តោរលេខ ១ មួយគីឡូក្រាមថ្លៃ ៥២ ៥០០ រៀលឡើងថ្លៃប្រមាណជាង ១១% ។ សាច់មាន់មួយគីឡូក្រាម ៣២ ៥០០រៀល គឺឡើងថ្លៃប្រមាណ ១៦% ខណៈដែលសាច់គោឡើងថ្លៃជាង ១៣% សាច់គោមួយគីឡូក្រាមថ្លៃ ៤៥ ០០០រៀល ។ ចំពោះបន្លែផ្សេងៗពិសេសស្ពៅ និងត្រកួនវិញបានធ្លាក់ថ្លៃ ចន្លោះពី ៤ ទៅ ២០% ។ រឺឯផ្អក ប្រហុកវិញបានឡើងថ្លៃប្រមាណជា ៣០% ។

គួរជម្រាបថា ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានបង្ករជាផលលំពាកដល់ពលរដ្ឋនៅក្នុងទិញស្បៀងអាហារទទួលទានប្រចំាថ្ងៃបើទោះបីជារដ្ឋាភិបាល អាជ្ញាធរផ្តល់អាទិភាពដល់ការដឹកជញ្ជួន បន្លែ ត្រីសាច់ ទៅផ្គត់ផ្គង់ដល់ជីវភាពពលរដ្ឋ ដោយមិនមានការហាមឃាត់យ៉ាងណាក្តី ។ នៅពេលការដឹកជញ្ជួនមានការលំបាក ផ្សារលក់ដូរមួយចំនួនបានផ្អាកបណ្តោះអាសន្ន ដោយមានផ្ទុះជំងឺកូវីដ ១៩ និងក្នុងពេលពលរដ្ឋមិនអាចចេញពីផ្ទះដោយសេរី បានធ្វើឲ្យឈ្មួញខ្លះឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ។ 

អាជ្ញាធរបានព្រមានចាត់វិធានការចំពោះឈ្មួញដំឡើងថ្លៃទំនិញពេលពលរដ្ឋលំបាកនេះ លើសពីនេះ ក្រសួងពាណិជ្ជកម្ម និងស្ថាប័នជាច្រើន បានបញ្ចេញស្បៀងអាហារលក់ដល់ពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ពិសេសតំបន់ក្រហមដែលពលរដ្ឋពិបាកចេញចូលនេះ ប៉ុន្តែហាក់មិនទប់ស្កាត់ការឡើងថ្លៃទំនិញបាននោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ