ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ២០២០ ផលិតផលកសិកម្មជាង ១៣លានតោន បាននាំចេញទទួលបានចំណូល ៣.៤៣៣លានដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផលិតផលកសិកម្មនៅកម្ពុជានៅក្នុងឆ្នាំ ២០២០ ដាំដុះបានជាង ២០លានតោន  និងបានធ្វើការនាំចេញកសិផលសរុបបានជាង ១៣លានតោន ដោយទទួលបានចំណូលជាង ៣.៤៣៣លានដុល្លារ…

រាជធានីភ្នំពេញ ៖ ផលិតផលកសិកម្មនៅកម្ពុជានៅក្នុងឆ្នាំ ២០២០ ដាំដុះបានជាង ២០លានតោន  និងបានធ្វើការនាំចេញកសិផលសរុបបានជាង ១៣លានតោន ដោយទទួលបានចំណូលជាង ៣.៤៣៣លានដុល្លារ ។ នេះជាការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ការលើកឡើងរបស់ក្រសួងនេះមិនបានលម្អិតថា ការផលិតផលកសិកម្មនោះជាប្រភេទដំណាំអ្វីនោះទេ ប៉ុន្តែការអះអាងនេះធ្វើឡើងនៅពេលការបកស្រាយរបស់ក្រសួងចំពោះការលើកឡើងថា កម្ពុជាខ្វះបន្លែផ្គត់ផ្គង់នៅក្នុងស្រុកហើយនៅតែពឹងលើបន្លែនាំចូលពីប្រទេសជិតខាង ។ 

បើតាមក្រសួងកសិកម្ម កម្ពុជាមិនត្រឹមមានលទ្ធភាពផ្គត់ផ្គង់បន្លែក្នុងស្រុកនោះទេ ផលកសិកម្មជាច្រើនបាននាំចេញទៅក្រៅប្រទេសទៀតផង ។ ក្រសួងកសិកម្មនៅថ្ងៃទី ២១មេសានេះអះអាងថា ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារកសិកម្ម ក្រសួង បានខិតខំជំរុញការចរចារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើមុខដំណាំសំខាន់ៗ ដើម្បីបើកទីផ្សារជាមួយបណ្តាប្រទេសដែលមានបំណងនាំចូលកសិផលកម្ពុជា ដែលសម្រេចបាន ជោគជ័យជាច្រើនរួចមកហើយ ។ «ជាក់ស្តែងនៅឆ្នំា ២០២០ យើងអាចផលិតនូវផលិតផលកសិកម្ម បានជាង ២០លានតោន  ហើយនាំចេញកសិផលសរុបបានជាង ១៣លានតោន ដោយទទួលបានចំណូលពីការនាំចេញបានជាង ៣.៤៣៣លានដុល្លារ» ។

ជាមួយគ្នានេះក្រសួងបានកំពុងបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសទំនើបដល់កសិកររាប់មុឺននាក់ជារៀងរាល់ឆ្នំា ជាក់ស្តែងអគ្គនាយកដ្ឋានកសិកម្ម បានបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស ម្ចាស់កសិដ្ឋាន កសិករគំរូ ប្រជាកសិករ និងសមាជិកសហគមន៍កសិកម្ម ចំនួន ៣២ ៤៦០នាក់ និងគម្រោងនានារបស់ក្រសួង បានបណ្តុះបណ្តាលកសិករក្នុងខេត្តគោលដៅរបស់គម្រោងរាប់មុឺនគ្រួសារ ។ ក្រសួងកសិកម្ម បន្តជំរុញកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន ពិសេសក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម និងកសិឧស្សាហកម្ម  ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមនៃការអភវិឌ្ឍវិស័យកសិកម្ម នៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

បើតាមក្រសួងជំនាញថា នៅក្នុងការជំរុញការដាំដុះ និងការរកទីផ្សារលក់កសិផលនេះ ក្រសួងបានខិតខំចងក្រងសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការផ្តល់បច្ចេកទេស ឥណទាន និងភ្ជាប់ទីផ្សារលក់ផលិតផលតាមរយៈការធ្វើផលិតកម្ម កសិកម្មតាមកិច្ចសន្យា ។ មកទល់ពេលនេះ យើងបានបង្កើត សហគមន៍កសិកម្មសរុប ១២០០ សហគមន៍ ដោយមានម្ចាស់ភាគហ៊ុនចំនួន ១៤៤ ៣០៦នាក់ និងប្រាក់ភាគហ៊ុនចំនួនប្រមាណ ១២លានដុល្លារអាមេរិក និងដើមទុនសរុបប្រមាណ ២៤,៨លានដុល្លារអាមេរិក  ព្រមទំាងបានចុះកិច្ចសន្យាផលិតកម្ម កសិកម្មចំនួន ១៦៥ សហគមន៍ ។ «លើសពីនេះទៀត យើងបានបង្កើតបណ្តុំអាជីវកម្មនៃអ្នកផលិត អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញផលិតផលកសិកម្ម ចំនួ ១៩២០ បណ្តុំអាជីវកម្ម ដែលមានសមាជិកសរុប ៦១.៧៣៥គ្រួសារ ប៉ុន្តែបញ្ហាទីផ្សារលក់ផលិតផលកសិកម្ម នៅតែជាបញ្ហាប្រឈមសម្រាប់កសិករ និងសហគមន៍កសិកម្ម» ។

គួរជម្រាបថា តម្រូវការបន្លែក្នុងស្រុកប្រចំាឆ្នំាមានប្រមាណ ១លានតោន ។ ក្រសួងកសិកម្មថា ការផលិតនិងការផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០,៧៥ លានតោន ។ ដូច្នេះអាចផ្គត់បានប្រហែល ៧៥% ជាមធ្យម (អាចប្រែប្រួលតាមរដូវ ពោលគឺនៅរដូវប្រាំង ក្រោម ៧០% និងរដូវរំហើយ ៨០%)ហើយនៅសល់ពីនេះពឹងលើបន្លែនាំចូលលើប្រភេទដំណាំមួយចំនួនដែលកម្ពុជាមិនអាចដាំដុះបាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ