ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២០​កម្ពុជា​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​ជិត​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ពិភពលោក​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឱ្យ​ប្រទេស​ដែល​ធ្លាប់​ទទួល​បាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ក៏​មាន​ភាព​រង្គោះរង្គើ និង​ធ្វើ​បាត់បង់​ចំណូល​យ៉ាងច្រើន ជាក់ស្ដែង​នៅ​ក្នុង​វិស័យ​ទេសចរណ៍​អន្តរជាតិ​កម្ពុជា ក៏​បាន​បាត់បង់​ចំណូល​ប្រមាណ​ជិត​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២០​កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ពិភពលោក​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឱ្យ​ប្រទេស​ដែល​ធ្លាប់​ទទួល​បាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ក៏​មាន​ភាព​រង្គោះរង្គើ និង​ធ្វើ​បាត់បង់​ចំណូល​យ៉ាងច្រើន ជាក់ស្ដែង​នៅ​ក្នុង​វិស័យ​ទេសចរណ៍​អន្តរជាតិ​កម្ពុជា ក៏​បាន​បាត់បង់​ចំណូល​ប្រមាណ​ជិត​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២០​កន្លង​ទៅ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​ចេញផ្សាយ​កន្លង​ទៅ កាលពី​ឆ្នាំ​២០១៩ កម្ពុជា​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​បាន​ប្រមាណ​ជិត​៤,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក តែ​ដល់​ឆ្នាំ​២០២០​របាយការណ៍​បាន​បង្ហាញ​ថា​ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​មាន​តែ​ប្រមាណ​១.០២៣​លាន​ដុល្លា​អា​មេ​រិ​ក​ប៉ុណ្ណោះ ពោល​គឺ​ធ្លាក់​ចុះ​ប្រមាណ​៧៩,២​ភាគរយ​ឬ​ប្រមាណ ៣,៨៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។
យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​ក៏​បានឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ ២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមា​ន​៦,៦​លាន​នាក់ ហើយ​ក្នុង​ឆ្នាំ​នោះ​ដែរ​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​ក៏​មានដំណើរ​ការ​ល្អ​ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរ​ទទួល​បាន​សកម្មភាព​អាជីវកម្ម​យ៉ាង​ល្អ​ប្រសើរ និង​បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់ ។ ចូល​ដល់​ឆ្នាំ​២០២០​ពោល​គឺ​ក្រោយ​មានការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​ជា​លក្ខណៈ​សកល កម្ពុជា​បាន​ចាប់ផ្ដើម​បាត់បង់​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​បន្តិច​ម្ដង​ៗ ដែល​ធ្វើ​ឱ្យ​សកម្មភាព​ទេសចរណ៍​បាន​ធ្លាក់​ចុះ ស្ទើរតែ​ដល់​កម្រិត​សូន្យ ។

ក្នុង​ឆ្នាំ​២០២០ សកម្មភាព​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​របស់​កម្ពុជា ដែល​ធ្លាប់តែ​មមាញឹក​ទទួលភ្ញៀវ​អន្តរជាតិ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ បែរជា​ស្ងាត់ជ្រងំ យន្តហោះ​ដែល​ធ្លាប់តែ​ហោះ​ដឹក​អ្នកដំណើរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ក៏​បាន​ស្ងាត់ ហើយ​ប្រែ​ក្លាយជា​ដឹក​ទំនិញ​ទៅ​វិញ និង​មិនសូវ​មាន​សកម្មភាព​ដូច​មុន​ឡើយ ។

លោក​ហូ វ​ណ្ឌី ទីប្រឹក្សា​ទីភ្នាក់ងារ​សមាគម​ទេសចរណ៍​កម្ពុជា​បានឱ្យ​ដឹង​ថា សម្រាប់​វិស័យ​ទេសចរណ៍​ពី​ឆ្នាំ​២០២១ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត បើសិនជា​ប្រទេស​ណា​បាន​គិតគូរ​ពី​គោលនយោបាយ​មុនគេ​ប្រទេស​នោះ នឹង​ទទួល​បាន​ផលប្រយោជន៍​មុនគេ ជា​ពិសេស​គោលនយោបាយ​វ៉ាក់សាំង ។ លោក​ថា​៖« ប្រទេស​ណា​ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ដែល​ចាក់​វ៉ាក់សាំង​រួច​អាច​ចូល​ទស្សនា​ប្រទេស​នោះ ប្រទេស​គេ​នឹង​ទទួល​បាន​ភ្ញៀវ​មុនគេ​និង​មាន​ភ្ញៀវ​កាន់តែ​ច្រើន​ទៅ​កម្សាន្ត​បន្តបន្ទាប់ ។ កម្ពុជា​ក៏​ដូច​គ្នា បើសិនជា​រដ្ឋាភិបាល​បាន​គិតគូរ​ត្រង់​ចំណុច​នេះ កម្ពុជា​នឹង​ទទួល​បាន​សកម្មភាព​ទេសចរណ៍​ឡើង​វិញ​មុនគេ​ផង​ដែរ »​។

លោក ធួន ស៊ី​ណា​ន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០២១​នេះ វិស័យ​ទេសចរណ៍​នឹង​នៅ​តែ​មិន​ទាន់​អាច​ងើបឡើង​វិញ​បាន​នោះ​ទេ ខណៈ​មេរោគ​កូ​វី​ដ​១៩​នៅ​តែ​បន្ត​រាលដាល​ក្នុង​លក្ខខណ្ឌ​ទូ​ទាំង​ពិភពលោក ជា​ពិសេស​ក្នុង​ប្រទេស​គោលដៅ​ទេសចរ​របស់​យើង​ដូច​ជា​ប្រទេស​អឺរ៉ុប​អា​មេ​រិ​ក​ជាដើម ។ ចង់ឱ្យ​ទេសចរណ៍​ពិភពលោក​ងើបឡើង​វិញ​លុះត្រាតែ​ពិភពលោក​កាត់​បន្ថយ​ការ​រាល​នៃ​ជំងឺ​នេះ​មក​នៅ​ទាប​បំផុត ឬ​អាច​បញ្ចប់​វា​បាន​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ