ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ៖ ការ​កាន់​រំពាត់​ដេញ​ពលរដ្ឋ​ឲ្យ​ចូល​ផ្ទះ គ្រាន់តែ​គំរាម មិនមែន​ប្រើ​អំពើ​ហិ.ង្សា​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ នេះ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ នេះ បាន​បញ្ជាក់​ថា ការ​កាន់​រំពាត់​ដេញ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ផ្ទះ​របស់​កងកម្លាំង​មាន​សមត្ថកិច្ច គឺ​គ្រាន់តែ​ជា​ការ​គំរាម​ប្រជាពលរដ្ឋ​ដែល​នៅ​តែ​គឃ្លើន​ប៉ុណ្ណោះ មិនមែន​ជា​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នោះ​ទេ​។

លោក ឃួ​ង ស្រេង បាន​អះអាង​ទៀត​ថា ការ​កាន់​រំពាន​នេះ ប្រៀប​ដូច​ជា​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល ប្រដៅ​កូនចៅ​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។

លោក​បន្ថែម​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ​នៅ​តែ​មិន​ស្ដាប់​អាជ្ញាធរ​ណែនាំ​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ ហើយ​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី ពិសេស​ចាប់​ផាកពិន័យ​តាម​ច្បាប់​កំណត់​តែ​ម្ដង​។

ការ​ចេញ​មក​បកស្រាយ​របស់​លោក ឃួ​ង ស្រេង ធ្វើ​ឡើង បន្ទាប់​ពី​សង្កេត​ឃើញ​ថា កងកម្លាំង​មាន​សមត្ថកិច្ច​បាន​កាន់​រំពាត់​ដើរ​គំរាម​ប្រជាពលរដ្ឋ​ដែល​នៅ​តែ​បន្ដ​ដើរ​ចេញ​ក្រៅ​ផ្ទះ​មិន​ស្ដាប់ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ដាក់​ជា​តំបន់​ក្រហម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។

គេ​សង្កេត​ឃើញ​ថា បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច បាន​កាន់​រំពាត់​ដើរ​គំរាម​ប្រជាពលរដ្ឋ​នោះ ពួក​គាត់​ក៏​មានការ​ខ្លាចរអារ និង​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ