ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ខ្មែរ​៣​នាក់​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​ឱ្យ​មាន​សេរីភាព

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ចំនួន​៣​នាក់​ឱ្យ​មាន​សេរីភាព​វិញ រួច​នាំ​ខ្លួន​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ នៅ​វេលា​ម៉ោង​១​និង​៤០​នាទី នា​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ចំនួន​៣​នាក់​ឱ្យ​មាន​សេរីភាព​វិញ រួច​នាំ​ខ្លួន​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ នៅ​វេលា​ម៉ោង​១​និង​៤០​នាទី នា​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ក្រុម​អ្នកទោស​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែង​ខាងលើ មាន ៖ ១-​ឈ្មោះ រ៉ាវ ឡា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តា​ប្រុស ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ហើយ​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៧ ដែល​បាន​ចូល​តាម​ច្រក​អូ​ស្វាយ និង​ជាប់គុក​នៅ​ខេត្ត​ស៊ី​សាកេ​ត​។

២-​ឈ្មោះ​ហិន ស្រុ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​វាល​ពោធិ៍ ឃុំ​ប្លុង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដែល​បាន​ចូល​តាម​ច្រក​អានសេះ និង​ជាប់គុក​នៅ​ខេត្ត​អូរ​ប៊ុ​ន ។ និង​៣- ឈ្មោះ​ប៊ុ​ន ថា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ទាហាន​ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ ទាំង​៣​នាក់ ជាប់​ទោស​ពី​បទ​ឆ្លង​ដែន​រុករក​កាប់​ឈើ​គ្រ​ញួ​ង​ក្នុង​ទឹកដី​ថៃ​។

ក្រុម​អាជ្ញាធរ​កម្ពុជា ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ បានឱ្យ​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​ទាំង​៣​នាក់​ពី​ក្រុម​អាជ្ញាធរ​ថៃ​រួច ខាង​សមត្ថកិច្ច​កម្ពុជា ក៏​បាន​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ រួម​ទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ឆ្លង​ដែន​ដោយ​ខុសច្បាប់​បន្ត​ទៀត​។

ក្រុម​សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​រួច ក៏​ត្រូវ​បាន​ប្រគល់​ខ្លួន​ទៅ​ឱ្យ​ក្រុមគ្រូ​ពេទ្យ​ប្រចាំការ​ច្រក​អន្តរជាតិ​ជាំ បាញ់​អាកុល វាស់​កំ​ដៅ រួច​ក៏​បញ្ជូន​បន្ត​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​បឋម​សិក្សា​អន្លង់​វែង​ផង​ដែរ​។

គួ​រំលឹក​ផង​ដែ​ថា ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ គឺ​កន្លង​មក ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ដែល​ជាប់​ទោស​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រ​ញួ​ង រួច​នាំ​ខ្លួន​ប្រគល់​ឱ្យ​ក្រុម​អ​ជ្ញា​ធរ​កម្ពុជា​ជា​បន្តបន្ទាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ