ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹម​កង្កែប​នៅ​តែ​ផ្តល់​ប្រាក់​ចំណូល​ច្រើន​ដល់​កសិករ ទោះជា​កូ​វី​ដ​១៩​កំពុង​ផ្ទុះ​ក៏​ដោយ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​កង្កែប​លក់​នៅ​ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​អះអាង​ថា ខណៈ​ពេល​នេះ បើ​ទោះបីជា​ជំងឺ​កូ​វី​ដ​១៩ កំពុង​ឆ្លង​រាលដាល​ខ្លាំង រហូត​ធ្វើ​អោយ​រាជរដ្ឋាភិបាល…

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​កង្កែប​លក់​នៅ​ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​អះអាង​ថា ខណៈ​ពេល​នេះ បើ​ទោះបីជា​ជំងឺ​កូ​វី​ដ​១៩ កំពុង​ឆ្លង​រាលដាល​ខ្លាំង រហូត​ធ្វើ​អោយ​រាជរដ្ឋាភិបាល ត្រូវ​បង្ខំចិត្ត​បិទ​ផ្សារ​ជា​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ដោយ ប៉ុន្តែ​សំរាប់​ខេត្តព្រៃវែង​វិញ កង្កែប​នៅ​តែ​មាន​ទីផ្សារ​ល្អ ទាំង​កង្កែប​កូន និង​កង្កែប​សាច់​។

បើ​តាម​អ៊ុំ​ប្រុស រស់ ផល្លា ប្រធាន​សហគមន៍​ចិញ្ចឹម​កង្កែប​នៅ​ឃុំ​កោះ​ចេក បានអោយ​ដឹង​ថា កាលពីមុន​នៅ​ក្នុង​ឃុំ​មាន​តែ​គ្រួសារ​គាត់​មួយ​ទេ ដែល​ចាប់​យកមុខ​របរ​ចិញ្ចឹម​កង្កែប​នេះ ក្រោម​ការ​ជួយ​បង្ហាត់បង្រៀន និង​ជួយ​ជ្រំ​ជ្រែង​ពី​មន្ត្រី​ជំនាញ​ជលផល​ខេត្ត ប៉ុន្តែ​ដោយ​មើលឃើញ​ថា គ្រួសារ​គាត់​ចិញ្ចឹម​កង្កែប​បាន​ចំណូល​ច្រើន ជីវភាព​កាន់តែ​ធូរធា​ជាង​មុន ស្រាប់តែ​អ្នក​ជិតខាង​ក្នុងភូមិ​ក៏​នាំ​គ្នា​ចិញ្ចឹម​តាម​គាត់ រហូត​មក​ដល់​ពេល​នេះ គឺ​មាន​ចំនួន​ជាង​៥០​គ្រួសារ​ហើយ​។

អ៊ុំ​ប្រុស រស់ ផល្លា បាន​បន្ត​ថា ការ​ចិញ្ចឹម​កង្កែប​នេះ ពួក​គាត់​បង្កាត់​ពូជ​កង្កែប​ដោយ​ខ្លួនឯង ហើយ​ចិញ្ចឹម​លក់ ទាំង​កង្កែប​សាច់ និង​កូន​កង្កែប​ផង​ដែរ ព្រោះ​មាន​អ្នក​នៅ​ស្រុក​ផ្សេង ឬ​ខេត្ត​ផ្សេង ចង់​ចិញ្ចឹម​ដែរ តែ​មិន​ចេះ​បង្កាត់​ពូជ​ក៏​មក​រក​ទិញ​កូន​យក​ទៅ​ចិញ្ចឹម​តែ​ម្តង​។

អ៊ុំ​ប្រុស រស់ ផល្លា បាន​បន្ត​ទៀត​ថា សំរាប់​តម្លៃ​កង្កែប​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ កង្កែប​សាច់​១​គីឡូ​ពី​៨​ពាន់​រៀល​ទៅ​១​ម៉ឺន​រៀល ចំណែក​កូន​កង្កែប​ដែល​ចិញ្ចឹម​បាន​រយៈពេល​១៥​ថ្ងៃ​ហើយ​លក់​បាន​១​ក្បាល​៤៥០​រៀល​ទៅ​៥០០​រៀល ហើយ​មាន​អ្នក​កុម្ម៉ង់​ទុក​មុន​ថែម​ទៀត​ផង​។

ទោះជា​យ៉ាងនេះ​ក្តី កសិករ​ទាំង​អស់នេះ​បាន​បញ្ជាក់​ថា មុន​ពេល​ដែល​មិន​ទាន់​ផ្ទុះ​កើត​ជំងឺ​កូ​វី​ដ​១៩ កង្កែប​មាន​ហាងឆេង​ល្អ​ណាស់ ហើយ​ទីផ្សារ​មិន​ត្រឹមតែ​នៅ​ក្នុងស្រុក​នោះ​ទេ គឺ​មាន​អ្នក​មក​ពី​ខេត្ត​ផ្សេង​ៗ និង​ភ្នំពេញ​ផង​ដែរ បាន​មក​កុម្ម៉ង់​ទិញ​ច្រើន​ណាស់ ប៉ុន្តែ​ពេល​នេះ អ្នក​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ មិន​អាច​មក​ទិញ​ទៀត​បាន​ទេ ព្រោះ​គេ​បិទ​ហាម​ចរាចរណ៍​ឆ្លងខេត្ត ដូច្នេះ​ទីផ្សារ​សព្វថ្ងៃ គឺ​នៅ​តែ​ក្នុងស្រុក និង​នៅ​ទីរួមខេត្ត​ប៉ុណ្ណោះ ប៉ុន្តែ​តម្លៃនៅលើទីផ្សារ គឺ​នៅ​ខ្ពស់​ល្អ​ដដែល មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ