អូទ្រីស ៖ យោងតាមការបញ្ជាក់ពីសំណាក់មន្ត្រីរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca នៅក្នុងប្រទេសអូទ្រីសបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ក្រុមហ៊ុន AstraZeneca កំពុងត្រូវបានអភិវឌ្ឍប្រសិទ្ធិភាពវ៉ាក់សាំងខ្លួនដែលមានសមត្ថភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងថ្មី ដោយការផលិតអាចនឹងរួចរាល់នៅចុងឆ្នាំ ២០២១។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters។
លោកស្រី Sarah Walters មន្ត្រីគ្រប់គ្រងប្រចាំប្រទេសអូទ្រីសបានប្រាប់កាសែត Kurier ឱ្យដឹងថាតាមការសិក្សាបានបង្ហាញថាវ៉ាក់សាំងរបស់ AstraZeneca ដែលមានស្រាប់គឺមិនទាន់មានប្រសិទ្ធិភាពគ្រប់គ្រាន់ប្រឆាំងនឹងវីរុសបំប្លែងថ្មី ដែលត្រូវបានកត់ត្រាករណីឆ្លងដំបូងនៅអាហ្វ្រិកខាងត្បូងនោះទេ។
លោកស្រីបន្តទៀតថា «ក្នុងពេលដំណាលគ្នានេះក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford បានចាប់ផ្តើមធ្វើការកែប្រែ និងអភិវឌ្ឍប្រសិទ្ធិភាពវ៉ាក់សាំង ដើម្បីអាចប្រឆាំងទៅនឹងវីរុសបំប្លែងថ្មីនេះ។ ហើយយើងរំពឹងថាវានឹងរួចរាល់នៅដំណាច់ឆ្នាំនេះ ប្រសិនបើចាំបាច់ខ្លាំង»។
ជាមួយគ្នានេះ លោកស្រីក៏បានលើកពីបញ្ហាប្រឈមរួមមាន ការពន្យារពេលការបញ្ជូនថ្នាំរបស់ AstraZeneca នៅកាន់សហភាពអឺរ៉ុប, ការផលិតវ៉ាក់សាំងគួបផ្សំនិងតម្រូវការខ្ពស់បំផុតដែលកើតឡើងអំឡុងពេលនេះ។ ខណៈដែលក្រុមហ៊ុនប្តេជ្ញាចិត្តក្នុងការផ្តល់វ៉ាក់សាំងចំនួន ៣០០លានដូសទៅសហភាពអឺរ៉ុបនៅក្នុងឆ្នាំនេះ។
នៅក្នុងបទសម្ភាសន៍ លោកស្រីបានលើកឡើងដោយផ្ទាល់ពីបញ្ហាសុវត្ថិភាពសុខភាព ស្របពេលប្រទេសនៅអ៊ឺរ៉ុបមួយចំនួន បានដាក់ស្លាកព្រមានអំពីបញ្ហាឈាមកកក្នុងសរសៃឈាម ដែលទាក់ទងនឹងការចាក់វ៉ាក់សាំងរបស់ AstraZeneca។
លោកស្រីនិយាយថា ផែនការរបស់ក្រុមហ៊ុនគឺបន្តផ្តល់ព័ត៌មានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដល់វេជ្ជបណ្ឌិត។ ដើម្បីឱ្យពួកគេអាចផ្តល់ព័ត៌មានដល់ប្រជាជនឱ្យបានគ្រប់គ្រាន់អំពីអត្ថប្រយោជន៍ និងហានិភ័យនៃវ៉ាក់សាំង។
ទោះបីយ៉ាងនេះក្តី និយ័តករឱសថរបស់សហភាពអឺរ៉ុប និងអង់គ្លេសបាននិយាយថាអត្ថប្រយោជន៍ទូទៅនៃការប្រើប្រាស់វ៉ាក់សាំងនេះ មានចំនួនច្រើនជាងហានិភ័យ៕
ចែករំលែកព័តមាននេះ