ខេត្តបាត់ដំបង៖ បុរសម្នាក់ទំនងជាស្រវឹងស្រាផង ត្រូវចោរឡើងជិះម៉ូតូគាត់គេចខ្លួនបាត់នៅពេលគាត់ឈប់ម៉ូតូនៅក្បែរចិញ្ចើមថ្នល់ រួចចុះដើរទៅបត់ជើងតូចមួយភ្លេត តែប៉ុន្មានម៉ោងក្រោយមក លោកចោរចិត្តស្លុយនោះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្រាបជ្រាវចាប់ខ្លនបាន តែជនដៃដល់បានវាយតបបណ្ដាលឲ្យមន្ត្រីម្នាក់របួសបាក់ម្រាប់ដៃមួយ។
លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៨ មេសា នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង។ ប៉ុន្តែត្រូវកម្លាំងរបស់លោកតាមចាប់ខ្លួនបាននៅវេលាម៉ោងជាង៣រំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ មេសា នៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
លោកគឹមសុង បានប្រាប់ថា ជនសង្ស័យឈ្មោះ ភាព សុភា ហៅតូច អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ លោកថា ជននេះបានឆក់ឱកាសលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហួន យឿម ប្រុសអាយុ៦០ឆ្នាំ រស់នៅក្នុងភូមិ.សង្កាត់កើតហេតុ ខណ:ពេលគាត់ឈប់ម៉ូតូក្បែរចិញ្ចើមថ្នល់រួចចុះបត់ជើងតូចនៅក្បែរនោះ តែមិនបានដកសោរ លុះជនដៃដល់ដើរមកពីក្រោយឡើងជិះប្រុយទៅបាត់ធ្វើឲ្យម្ចាស់ម៉ូតូរត់ដេញតាមស្រែកឆោឡោផ្អើលពេញភូមិ។
បើតាមជនរងគ្រោះឈ្មោះ ហួន យឿម បានអះអាងប្រាប់សមត្ថកិច្ចនៅកន្លែងកើតហេតុ ដែលមើលកាយវិការទំនងជាស្រវឹងផង គាត់បាននិយាយថា គាត់បានជិះម៉ូតូមកដល់មុខផ្ទះ ហើយបានឈប់ក្បែរចិញ្ចើមថ្នល់ ដើម្បីចុះបត់ជើងតូចមួយ មុនពេលចូល
ផ្ទះ។ ប៉ុន្តែពេលគាត់ចុះដើរទៅក្បែររបងកំពុងនោម ស្រាប់តែមានជនម្នាក់ដែលអង្គុយនៅទីនោះជាស្រេចបានរត់ទៅបុកគាត់ រួចឡើងជិះម៉ូតូគាត់ទៅបាត់។ ប៉ុន្តែត្រង់ចំណុចដែលម្ចាស់ម៉ូតូបានអះអាងនេះ ហាក់ដូចជាមិនស៊ីសង្វាក់នឹងសកម្មភាពដែលលោកចោរចិត្តស្លុយបានធ្វើនោះទេ។ សមត្ថកិច្ចបាននិយាយថា ម្ចាស់ម៉ូតូទំនងជាស្រវឹងធ្ងន់គួរសម ព្រោះគាត់និយាយខុសពីសកម្មភាពរបស់លោកចោរដែលបានលួចម៉ូតូគាត់។ នេះបើពិនិត្យលើសកម្មភាពរបស់លោកចោរបែកស្លុយ ដែលជាប់នៅក្នុងកាមេរ៉ា
សុវត្ថិភាពដែលគេបំពាក់នៅទីនោះ។
នៅក្នុងកាមេរ៉ាសុវត្ថិភាព ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូទៅឈប់ក្បែរចិញ្ចើមថ្នល់ខាងស្ដាំ រួចចុះដើរទៅនោមនៅក្បែររបងខាងមុខផ្ទះ។ ស្របពេលនោះគេក៏ឃើញជនម្នាក់បានដើរទៅតាមក្រោយ លុះដល់ម៉ូតូក៏ឡើងជិះចេញទៅប្រុយយ៉ាងរំភើយ។ ប៉ុន្តែបើពិនិត្យលើសកម្មភាពនេះ ភ្លាមៗគេឃើញម្ចាស់ម៉ូតូស្រែកឆោឡោ ហើយបានស្ទុះរត់ដេញតាមដែលទំនងមិនទាន់ទាំងបញ្ចប់បេសកកម្មស្រូលបូលផង។ លោកឈឿង គឹមសុង បាននិយាយថា បើពិនិត្យសកម្មភាពនៅក្នុងកាមេរ៉ា គឺជនសង្ស័យបានលួចយកម៉ូតូជនរងគ្រោះ នៅពេលគាត់ចុះទៅបត់ជើងតូចហើយមិយមនបានដកសោរ មិនជនសង្ស័យរត់ទៅបុកគាត់ដណ្ដើមយកម៉ូតូដូចគាត់និយាយនោះទេ។
លោកឈឿង គឹមសុង បានបញ្ជាក់ថា ជនដៃដល់បានវាយតបតសមត្ថកិច្ចវិញយ៉ាងចាស់ដៃពេលចុះប្រតិបត្តិការបង្ក្រាប ដែលធ្វើឱ្យមន្ត្រីរបស់លោកម្នាក់គឺលោក សុង ហាក់ រងរបួសបាក់ម្រាម (ប្រអប់ដៃ) ខាងឆ្វេង និង ត្រូវលោកចោរចាប់ហែកអាវរហែកអស់គ្មានសល់។ ជាមួយនឹងកាការឃាត់ខ្លួននេះ កម្លាំងរបស់លោក ដកហូតបានម៉ូតូ០១ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ បិតតែមឆ្នាំ ២០១៥ គ្មានស្លាកលេខ ( ជារបស់ជនរងគ្រោះ )។ ពេលនេះលោកស្នងការបានបញ្ជាឲ្យមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វេីការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ៕ ដោយ៖ ឆោម ពិសម័យ
ចែករំលែកព័តមាននេះ