រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ ២០២០ កន្លងទៅ វិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិកូវីដ១៩ និងធ្វើឱ្យបាត់បង់ឱកាសការងារនៅក្នុងវិស័យជាច្រើននាក់ ដែលឈានដល់ការបាត់បង់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គត់ជីវភាពគ្រួសារផងដែរ ។ នៅក្នុងនោះដែរ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ ចំណូលពីវិស័យទេសចរណ៍អន្តរជាតិធ្លាក់ចុះជាង៧៩ភាគរយធៀបនឹងឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយថ្ងៃទី ១៩ មេសា ២០២១នេះឱ្យដឹងថា ក្នុងមួយឆ្នាំពេញ ២០២០កម្ពុជាទទួលបានចំណូលពីវិស័យទេសចរណ៍អន្តរជាតិចំនួន ១.០២៣លានដុល្លារអាមេរិកថយចុះ៧៩,២ភាគរយធៀបនឹងឆ្នាំ២០១៩ ។ ក្នុងឆ្នាំ២០២០វិស័យទេសចរណ៍កម្ពុជា បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណតែ៣ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២០ក្លងទៅ ។ របាយការណ៍បង្ហាញថា ទេសចរផ្ទៃក្នុងបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរួមមាទេសចរជាតិ ប្រមាណ៧,២៣លាននាក់ថយចុះ៣៦,១ភាគរយ និងទេសចរបរទេសប្រមាណ១,៨១លាននាក់ថយចុះ ៧៨,៣ភាគរយ ធៀបនឹងឆ្នាំ ២០១៩ ។
យោងតាមសេចក្តីសន្និដ្ឋានរបស់ក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងផងដែរថា វិបត្តិនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើការអភិវឌ្ឍរបស់ពិភពលោកលើគ្រប់វិស័យដោយឡែកវិស័យទេសចរណ៍កម្ពុជា ត្រូវរង់ចាំរយៈពេលពី៣ទៅ៥ឆ្នាំ ទើបអាចស្ដារមកស្ថានការណ៍ដូចដើមវិញប៉ុន្តែបើបរិការណ៍ជំងឺកូវីដ១៩ នៅអូសបន្លាយនោះអាចត្រូវរង់ចាំរយៈពេលរហូតដល់៧ឆ្នាំ ។
បន្ទាប់ពីជំងឺកូវីដ១៩បានធូរស្រាល ទេសចរអន្តរជាតិនឹងមានអត្រាកំណើនយឺតក្រោមទម្រង់ជាអក្សរ U ដែលអាចត្រូវរង់ចាំរយៈពេល៥ឆ្នាំ ។ ដោយឡែកទេសចរជាតិនឹងមានអត្រាកំណើនលឿនក្រោមទម្រង់អក្សរ V ដែលអាចត្រូវរង់ចាំរយៈពេល៣ឆ្នាំ ។
ការសន្និដ្ឋានបានឱ្យដឹងថាឆ្នាំ២០២១ ដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩នៅអូសបន្លាយសម្រាប់ទេសចរណ៍កម្ពុជាត្រូវបានព្យាករថានឹងបន្តនូវអត្រាកំណើនអវិជ្ជមានប្រមាណពី-៦០ភាគរយទៅ-៧០ភាគរយ ។ ប៉ុន្តែឆ្នាំ២០២២ទេសចរណ៍កម្ពុជាត្រូវបានព្យាករថានឹងរក្សានូវកំណើនក្នុងចន្លោះពី៤០ភាគរយទៅ ៥០ភាគរយ ។
លោកធួន ស៊ីណានប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ វិស័យទេសចរណ៍កម្ពុជាពិបាកនឹងងើបឡើងវិញណាស់ ក្នុងករណីវិបត្តិកូវីដ១៩នៅតែបន្តអូសបន្លាយ ។ ការងើបឡើងវិញនៃវិស័យទេសចរណ៍បានគឺអាស្រ័យលើវិបត្តិនៃជំងឺកូវីដ១៩ ហើយបើទោះបីជាកម្ពុជាបញ្ចប់វិបត្តិកូវីដ១៩បានក្ដី ហើយក្នុងលក្ខខណ្ឌពិភពលោកនិងតំបន់មិនទាន់បញ្ចប់ ភ្ញៀវទេសចរនៅតែមិនអាចចេញធ្វើដំណើរទស្សនានៅក្នុងប្រទេសកម្ពុជាបានដដែល ។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៩ចំណូលពីវិស័យទេសចរណ៍អន្តរជាតិមានប្រមាណ៤,៩ពាន់លានដុល្លារអាមេរិក ដោយកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៦,៦លាននាក់ ៕
ចែករំលែកព័តមាននេះ