ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ងាយៗ គ្រប់គ្រង​ប្រាក់ខែ​ដំបូង​ និង​បង្កើន​ការ​សន្សំរបស់អ្នក !

3 ឆ្នាំ មុន

ការ​ចាប់ផ្តើម​ការងារ​ដំបូង​ក្នុង​ជីវិត មាន​ន័យ​ថា អ្នក​កំពុង​តែ​ដើរ​លើ​ផ្លូវ​ជីវិត​ផ្ទាល់ខ្លួន​មួយ និង​អាច​និយាយ​បាន​ថា អ្នក​កំពុង​បោះ​ជំហាន​ទៅ​រក​ភាព​រាជ្យ​នៃ​ផ្នែក​ហិរញ្ញវត្ថុ ក៏​ព្រោះថា​មាន​មនុស្ស​ខ្លះ​នៅ​ពេល​គាត់​មានការ​ងារ​ធ្វើ មាន​ប្រាក់ខែ គាត់​មិន​ចាំបាច់​ពឹង​លើ​ប្រាក់​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ទៀត​នោះ​ទេ មាន​មនុស្ស​ខ្លះ​ទៀត​គាត់​មាន​តែ​ផ្តល់​ប្រាក់​ដល់​ឪពុក​ម្តាយ​គាត់​វិញ…

ការ​ចាប់ផ្តើម​ការងារ​ដំបូង​ក្នុង​ជីវិត មាន​ន័យ​ថា អ្នក​កំពុង​តែ​ដើរ​លើ​ផ្លូវ​ជីវិត​ផ្ទាល់ខ្លួន​មួយ និង​អាច​និយាយ​បាន​ថា អ្នក​កំពុង​បោះ​ជំហាន​ទៅ​រក​ភាព​រាជ្យ​នៃ​ផ្នែក​ហិរញ្ញវត្ថុ ក៏​ព្រោះថា​មាន​មនុស្ស​ខ្លះ​នៅ​ពេល​គាត់​មានការ​ងារ​ធ្វើ មាន​ប្រាក់ខែ គាត់​មិន​ចាំបាច់​ពឹង​លើ​ប្រាក់​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ទៀត​នោះ​ទេ មាន​មនុស្ស​ខ្លះ​ទៀត​គាត់​មាន​តែ​ផ្តល់​ប្រាក់​ដល់​ឪពុក​ម្តាយ​គាត់​វិញ ​។ ដូចនេះ​ប្រសិនជា​យើង​ជា​អ្នក​ទើប​ចាប់​ចូល​ប្រលូក​ក្នុង​វិស័យ​ការងារ​ដំបូង សួរ​ថា​តើ​យើង​ចាំបាច់​ទេ​ត្រូវ​សន្សំ​ប្រាក់ខែ​នោះ ? ខាងក្រោម​នេះ​ជា​ហេតុផល​ និង​វិធីសាស្ត្រ​មួយ​ចំនួន​សម្រាប់​អ្នកមាន​បំណង​ចង់​សន្សំ​ប្រាក់ខែ​ដំបូង​ឱ្យ​មាន​ប្រសិទ្ធភាព ​៖

– ការ​ចាប់ផ្តើម​ការងារ​ដំបូង ​៖ មានការ​បកស្រាយ​មួយ​ថា ប្រាកដ​ណាស់​ប្រសិនជា​អ្នក​សិស្ស​និស្សិត ឬ​កំពុង​មាន​បំណុល​អ្វីមួយ​ជាប់​ខ្លួន នោះ​ប្រាក់ខែ​ដំបូង​ ឬ​ការងារ​ទើប​ចាប់ផ្តើម​នោះ មិន​អាច​សន្សំ​បាន​ទេ ​។ វា​អាច​ថា ថ្មី​ៗ​សម្រាប់​មនុស្ស​ទើប​ទទួល​បាន​ប្រាក់​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ ដូចនេះ​មិន​ទាន់​បាន​ត្រៀមខ្លួន​ក្នុង​ការ​គ្រប់គ្រង​វា ​។ មាន​អ្នកជំនាញ​ម្នាក់​បាន​និយាយ​ថា នាង​អាច​ទទួល​បាន​ប្រាក់ខែ​សរុប​ក្នុង ១​ឆ្នាំ ៣៥០០០ដុល្លារ (​ប្រាក់ខែ​ក្នុង​ប្រទេស​ជឿនលឿន​) ប៉ុន្តែ​នាង​មិន​បាន​សល់​អ្វី​សោះ​នៃ​ចំនួន​ប្រាក់ខែ​ទាំងនេះ​ពី​ការងារ​ដំបូង​របស់​នាង ដូចនេះ​ហើយ Joy Liu​ បាន​ណែនាំ​ឱ្យ​ក្មេង​ៗ​ដែល​ទើប​ចាប់ផ្តើម​ការងារ​ដំបូង​នឹង ត្រូវ​តែ​ចាប់ផ្តើម​រៀន​សន្សំ​ ។ Joy Liu​ បាន​និយាយ​ថា ៖ «​តាម​ពិត​ការ​សន្សំ​លុយ​នៅ​ពេល​អ្នកមាន​ការងារ​ដំបូង វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​កន្លែង​ល្អ​ប្រសើរ​មួយ នៅ​ពេល​អ្នកមាន​ជំនាញ​ ឬ​នៅ​ពេល​អ្នករៀន​ចប់ ​។ ហើយ​គ្រប់​គ្នា​អាច​ធ្វើ​បាន ដោយ​អ្នក​ព្យាយាម​សន្សំ​ប្រាក់​ដាក់​នៅ​ក្នុង​ធនាគារ (​គណនី​សន្សំ​) ជា​រៀង​រាល់​ខែ ដាក់​កាន់តែ​ច្រើន​កាន់តែ​ទទួល​បានការ​ប្រាក់​ច្រើន (​ការ​សន្សំ​នេះ​ត្រូវធ្វើ​តាម​លទ្ធភាព​ដែល​អ្នក​អាច​ធ្វើ​បាន និង​អ្នក​គិត​ថា​វា​សមរម្យ​សម្រាប់​អ្នក​) ។ ដូចនេះ​អ្នក​ប្រាកដជា​មាន​រយៈពេល​ច្រើន​ក្នុង​ការ​សន្សំ ទំ​រាំ​អ្នកមាន​ជំនាញ​ ឬ​បើ​ទោះបីជា​អ្នក​បន្តការងារ​កាន់តែ​ធំ​ៗ​ទៅ​»​ ។

– កំណត់​ចំនួន​ប្រាក់ខែ​ដែល​អ្នក​គួរតែ​សន្សំ ៖ ដំណាក់កាល​នេះ អ្នក​ត្រូវ​កំណត់ ​ឬ​ដក​ប្រាក់​ចំណូល​ដំបូង​របស់​អ្នក​ចេញ ពី​ការ​ចំណាយ​នានា​ជា​មុន​សិន ហើយ​អ្នក​ត្រូវ​បូក​ដក​គុណ​ចែក ដើម្បី​ឱ្យ​ដឹង​ពី​ចំនួន​ឬ​ភាគរយ​នៃ​ប្រាក់​ចំណូល​ក្នុង​ការ​សន្សំ​ ។ ចំណុច​នេះ លោក Dixon​ បាន​ណែនាំ​អ្នក​ទើប​មានការ​ងារ​ធ្វើ គួ​តែ​ដក​ប្រាក់ ២០ភាគរយ​នៃ​ប្រាក់ខែ​ប្រចាំខែ ប៉ុន្តែ​ប្រសិនជា​អ្នក​គិត​ថា​វា​ពិបាក​ពេក​ឬ​ច្រើន​ពេក អ្នក​គួ​តែ​ចាប់ផ្តើម ១០​ភាគរយ​ក៏​បាន​។ លោក Dixon​ បាន​និយាយ​ថា ៖ «​អ្នក​អាច​ធ្វើការ​បែងចែក​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ​ឬ​ខែ​ជា​មុន សឹម​ដក​ប្រាក់​សម្រាប់​សន្សំ​ក៏​បាន ដោយ​អ្នក​ត្រូវ​គិតគូ​ឱ្យ​បាន​ត្រឹមត្រូវ​ថា ក្នុង​មួយ​ខែ​ៗ​អ្នក​ត្រូវ​ចំណាយ​ទៅ​លើ​អ្វីខ្លះ​ដែល​ចាំបាច់ ដូច​ជា​ការ​ជួល​ផ្ទះ (​បើ​នៅផ្ទះ​ជួល​) ការ​ទូទាត់​ប្រាក់​កម្ចី (​ប្រ​សិន​អ្នក​ខ្ជី​លុយ​គេ​មក​រៀន​) ម្ហូបអាហារ​និង​គ្រឿងទេស​នានា ហើយ​អ្នក​មើលទៅ​ថា តើ​អ្នក​អាច​ឈាន​ដល់​ការ​សន្សំ​ពី ១០ ទៅ ២០ភាគរយ​ដែរ​ឬទេ​»​ ។

– កំណត់​គោលដៅ​សន្សំ ដើម្បី​ទទួល​បាន​សន្ទុះ​ ៖ វា​ជា​ការ​កំណត់​គោលដៅ​នៃ​ការ​សន្សំ ថា​តើ​អ្នក​សន្សំ​លុយ​ដើម្បី​អ្វី ? (​បើ​ហាង​ខ្លួនឯង ធ្វើ​អាជីវកម្ម​អ្វីមួយ​ខ្លួនឯង ឬ​ទុក​រៀន​បន្ត​ ។​ល​។​) ។ អ្នក​នាង Liu​ បាន​និយាយ​ថា ប្រាក់ខែ​ដំបូង​គួរតែ​បែងចែក​ទៅ​លើ​បញ្ហា​បន្ទាន់​ផង​ដែរ (​មាន​បញ្ហា​អ្វីមួយ​ជាយថាហេតុ​) សំដៅ​ទៅ​លើ​ការ​សន្សំ​ប្រាក់​ក្នុង​គណនេយ្យ​មូលនិធិ​បន្ទាន់ (Emergency Fund ជា​គណនេយ្យ​សន្សំ​រយៈពេល​មួយ​ខែ​ម្តង ៣​ខែ​ម្តង ឬ​៦​ខែ​ម្តង​)​ ។ សម្រាប់​លោក Dixon ​ក៏​បាន​ណែនាំ​ដូច​គ្នា​ដែរ ប្រសិនជា​អ្នកមាន​ស្ថិរភាព​ហិរញ្ញវត្ថុ ឬ​ការងារ​ជាក់លាក់​ហើយ អ្នក​គួរតែ​ទៅ​ក្នុង​មូលនិធិ​បន្ទាន់ ព្រោះ​ហេតុផល​សំខាន់​របស់​គណនេយ្យ​មូលនិធិ​បន្ទាន់​នេះ វា​អាច​ជួយ​អ្នក​ប្រសិនជា​អ្នក​ប្រឈម​នឹង​ការ​ចំណាយ​ដែល​មិន​បាន​រំពឹង​ទុក ដូច​ជា​ការ​ជួសជុល​រថយន្ត ម៉ូតូ ឬ​បាត់បង់​ការងារ​នា​ពេល​អនាគត នោះ​អ្នក​នឹង​មាន​ថវិកាបម្រុង​ទុក​នេះ​ប្រើប្រាស់​បាន​ ។ លោក Dixon បន្ត​និយាយ​ថា ​៖ «​ប្រសិនបើ​អ្នក​នៅ​ក្មេង ហើយ​នៅ​លីវ​ទៀត អ្នក​គួរតែ​ព្យាយាម​សន្សំ​ប្រាក់​ក្នុង​មូលនិធិ​បន្ទាន់​រយៈពេល ៦ ខែ​ម្តង ប៉ុន្តែ​វា​ក៏​អាស្រ័យ​ទៅ​លើ​មនុស្ស​ម្នាក់​ៗ​ផង​ដែរ តាម​កន្លែង​រស់នៅ និង​ស្ថានភាព​គ្រួសារ​របស់​ពួក​គេ​»​ ។

– អ្នក​ត្រូវ​ព្យាយាម​សន្សំ រហូត​អ្នក​អាច​ក្លាយជា មនុស្ស​ទំលាប់​សន្សំ​លុយ ៖ ទោះបីជា​មាន​គោលដៅ​សន្សំ​ប្រាក់ និង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក៏​ដោយ ប៉ុន្តែ​មាន​ពេល​ខ្លះ​ក៏​អាច​បណ្តាល​ឱ្យ​ចិត្ត​របស់​អ្នក​ងាយស្រួល​នឹង​ចាយ​វា​ដែរ (​ភ្លេច​គិតតែ​មួយ​ភ្លេ​ត​ចាយ​លុយ​អស់​) ដូចនេះ​ហើយ​បានជា​អ្នក​ត្រូវ​តែ​ព្យាយាម​បញ្ចូល​ទំលាប់​នានា​នៃ​ការ​សន្សំ​ ។ ក្នុង​ន័យ​នេះ​អ្នក​ត្រូវ​តែ​កាត់​បន្ថយ​ការ​ចំណាយ​ដែល​មិន​ចាំបាច់​ចោល​ឱ្យ​អស់ របស់របរ​នៅ​ប្រើ​បាន​ត្រូវ​តែ​ប្រើ​សិ​​ន មាន​មនុស្ស​ជា​ច្រើន​ព្យាយាម​ចំណាយ​លើ​របស់​មិន​ចាំបាច់ ទិញ​មក​ណែន​តែ​ក្នុងផ្ទះ ហើយ​របស់​ខ្លះ​នៅ​ប្រើប្រាស់​បាន​ ។ ដើម្បី​ជួយ​គ្រប់គ្រង​ប្រាក់ខែ​ដំបូង​របស់​អ្នក អ្នក​អាច​ប្រើ​វិធី​នេះ​បាន អ្នក​អាច​រៀប​ចំការ​ផ្ទេរ​ប្រាក់​ប្រចាំ​ស​ប្តា​ហ៍ ឬ​មួយ​ខែ​ម្តង ដោយ​ស្វ័យប្រវត្តិ​ពី​គណនេយ្យ​ធម្មតា (​គណនេយ្យ​សម្រាប់​ក្រុមហ៊ុន​ដាក់​ប្រាក់ខែ​ឱ្យ​) ទៅ​ក្នុង​គណនី​សន្សំ​របស់​អ្នក (​បញ្ជាក់​គណនេយ្យ​សន្សំ​គួរតែ​មាន​កាលកំណត់ បើ​មិន​ដូចនេះ​អ្នក​នឹង​ដក​ប្រាក់​បាន​គ្រប់ពេល​ដដែល​នឹង​)​ ។ សូម​ជម្រាប​ជូន​ផង​ដែរ​ថា​ប្រសិនជា​អ្នក​ដាក់​ការ​ផ្ទេរ​ប្រាក់​ដោយ​ស្វ័យប្រវត្តិ នោះ​ដល់​ថ្ងៃខែ​កំណត់ ធនាគារ​នឹង​កាត់​លុយ​ពី​គណនេយ្យ​ធម្មតា ចូល​ទៅ​ក្នុង​គណនេយ្យ​សន្សំ​របស់​អ្នក ​។

ចុង​បញ្ចា​ប់​អ្នក​ត្រូវ​ចង​ចាំ​ថា ប្រសិនជា​អ្នកមាន​ឱកាស​សន្សំ​កាន់តែ​ច្រើន អ្នក​គួរតែ​សន្សំ​ឱ្យ​បាន​កាន់​ច្រើន​ផង​ដែរ ចៀសវាង​អ្នកមាន​បំណង​ធ្វើ​អាជីវកម្ម​ណាមួយ​ដោយ​ខ្លួនឯង ហើយ​មិន​មាន​លុយ​ខ្លះ​ក្នុង​ការ​ចាប់ផ្តើម ​។ អ្នក​គួរ​យល់​ដឹង​ថាបើ​ទោះបី​ធ្វើ​អាជីវកម្ម​ត្រូវ​ខ្ជី​លុយ​គេ​ក៏​ដោយ តែ​យ៉ាង​ហោច​ណាស់​ក៏​អ្នកមាន​លុយ​ខ្លះ​នៅ​ក្នុង​ខ្លួន​ដែរ​ ៕ ប្រភព ៖ Discover

អត្ថបទសរសេរ ដោយ