ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​តាវត្តិង្ស​គ្រប់គ្រង​ដោយ​សក្កទេវរាជ

2 ឆ្នាំ មុន

ទេវ​ភូមិ​ដែល​ឈ្មោះ​ថា តាវត្តិង្ស​នោះ មាន​ផ្ទៃក្រឡា​ដោយ​ជុំវិញ​ចំនួន​១០០០០​យោជន៍ តាំងនៅ​លើ​កំពូលភ្នំ​សិនេរុ​ដែល​មាន​កម្ពស់ ៨៤០០០​យោជន៍ ព្រះឥន្ទ្រ​ជា​អ្នកគ្រប់គ្រង​នគរ​នេះ ជា​ធំ​ជាង​ទេវតា​ទាំងឡាយ​ក្នុង​ជាន់​តាវត្តិង្ស ។ តាវត្តិង្ស​មាន​នគរ​ឈ្មោះ​សុ​ទស្សនៈ តាំងនៅ​ក្នុង​ទី​១០០០០​យោជន៍…

ទេវ​ភូមិ​ដែល​ឈ្មោះ​ថា តាវត្តិង្ស​នោះ មាន​ផ្ទៃក្រឡា​ដោយ​ជុំវិញ​ចំនួន​១០០០០​យោជន៍ តាំងនៅ​លើ​កំពូលភ្នំ​សិនេរុ​ដែល​មាន​កម្ពស់ ៨៤០០០​យោជន៍ ព្រះឥន្ទ្រ​ជា​អ្នកគ្រប់គ្រង​នគរ​នេះ ជា​ធំ​ជាង​ទេវតា​ទាំងឡាយ​ក្នុង​ជាន់​តាវត្តិង្ស ។

តាវត្តិង្ស​មាន​នគរ​ឈ្មោះ​សុ​ទស្សនៈ តាំងនៅ​ក្នុង​ទី​១០០០០​យោជន៍ មាន​កំផែង​៤​ទិស ក្នុង​ទិស​នីមួយ​ៗ​មាន​ទ្វារ​២៥០ រួម​ទាំងអស់​១០០០​ទ្វារ ។ នគរ​នេះ​ប្រដាប់​ដោយ​សួន​ផ្សេង​ៗ ជា​ស្ថាន​ទី​រីករាយ មាន​សួន​បុណ្ឌរិក សួន​មហា​វ័​ណ និង​ស្រះបោក្ខរណី​ផ្សេង​ៗ ត្រង់​កណ្តាល​ទីក្រុង​នោះ មាន​ប្រាសាទ​មាស​ឈ្មោះ​វេ​ជ​យន្ត​កម្ពស់ ១០០០​យោជន៍ សម្រាប់​ជាទី​ប្រថាប់​របស់​ស្តេច​សក្កទេវរាជ ។ វេ​ជ​យន្ត​នេះ មានការ​វិចិត្រ​ដោយ​រតនៈ​៧​ប្រការ និង​ប្រដាប់​ដោយ​ទង់​រតនៈ​កម្ពស់ ៣០០​យោជន៍ ដែល​ជា​ផល​កើត​អំពី​ការ​សាងសាលា​សុធម្មា ។

ក្នុង​ទេវ​នគរ​នោះ មាន​ដើម​បា​រិ​ឆត្ត កម្ពស់​១០០​យោជន៍ មាន​មែក​សាខា​ចេញ​ទៅ​៥០​យោជន៍ បរិមណ្ឌល​ជុំវិញ ៣០០​យោជន៍ វេលា​ចេញ​ផ្កា ក៏​បញ្ចេញ​ក្លិន​ទៅ​បាន​ចម្ងាយ​១០០​យោជន៍ ។ ខាងក្រោម​ដើម​បា​រិ​ឆត្ត​នោះ មាន​ព្រះ​ទែន​ហៅ​ថា បណ្ឌុកម្ពលសិលា​អាសនៈ ដែល​មាន​ពណ៌​ដូច​ផ្កា​ជយព្រឹក្ស ពណ៌​លក្ខណ៍ និង​ពណ៌​ផ្កាឈូក​រោយ មាន​បណ្តោយ​៦០​យោជន៍ ទទឹង​៥០​យោជន៍ កម្ពស់​១៥​យោជន៍ ជាទី​ប្រថាប់​របស់​ស្តេច​សក្កទេវរាជ ។ មាន​សាលា​ជាទី​ប្រជុំ​ស្តាប់ធម៌ សម្តែ​ង​ដោយ​បណ្ឌិត​ទាំងឡាយ មាន​សុ​ន​ង្ក​កុមារ​ជាដើម ។

មាន​ចេតិយ​កែវ​មរកត ហៅ​ថា ព្រះ​ចូឡាមណី កម្ពស់​១០០​យោជន៍ ខាងក្រោម​បញ្ចុះ​ព្រះ​ចង្កូម​កែវ​ស្តាំ និង​ព្រះកេសា​ដែល​ទ្រង់​កាត់​ក្នុង​ថ្ងៃ​ចេញ​បួស ។ សក្កទេវរាជ មាន​រថ​ឈ្មោះ វេ​ជ​យន្ត ផ្នែក​មុខ​ជាទី​អង្គុយ​របស់​សារថី​ឈ្មោះ មាតលី​ទេវបុត្រ ប្រវែង​៥០​យោជន៍ ផ្នែក​កណ្តាល​ប្រវែង​៥០​យោជន៍ ជាទី​ប្រថាប់​របស់​ស្តេច​សក្កទេវរាជ ផ្នែក​ក្រោយ​ប្រវែង ៥០​យោជន៍ រួម​ជា​១៥០​យោជន៍ មាន​បល្ល័ង្ក​វិចិត្រ​ដោយ​រតនៈ​៧​ប្រការ កម្ពស់​១​យោជន៍ ទទឹង​១​យោជន៍ បាំង​ដោយ​ស្វេតច្ឆត្រ​ធំ ៣​យោជន៍ ទឹម​ដោយ​សេះ​សិន្ធពអាជានេយ្យ មួយ​ខាង ១០០០ ព្រម​ដោយ​គ្រឿង​ប្រដាប់​ផ្សេង​ៗ ។

ស្តេច​សក្កទេវរាជ​នោះ គ្រា​ខ្លះ​ក៏​ជិះ​ដំរី​ឯរាវ័ណ ជា​ដំរី​កម្ពស់​១៥០​យោជន៍ ទេវបុត្រ​ដែល​ជា​ដំរី​នោះ​ឈ្មោះ សុ​ទស្សនៈ មាន​មណ្ឌល​កម្ពស់ ១២​យោជន៍ ទទឹង​៥០​យោជន៍ ខាងក្នុង​មណ្ឌប មាន​បល្ល័ង្ក​កែវ​មណី ទទឹង​១​យោជន៍ ជាទី​ប្រថាប់​របស់​សក្កទេវរាជ ដោយ​ជុំវិញ​មណ្ឌប មាន​ទង់​រតនៈ បោះ​ទុក​ក្នុង​ចន្លោះ​មួយ​ផ្ទាំង​ប្រវែង​១​យោជន៍ មាន​កណ្តឹង​ព្យួរ​ទុក​ត្រង់​ចុង កាល​ត្រូវ​ខ្យល់​ត្រសៀក​ៗ​បក់​មក​ក៏​ឮជា​សំឡេង​ទិព្វ​ដ៏​ពីរោះ​ផ្សំគ្នា​នឹង​សំឡេង​តន្ត្រី​ដែល​មាន​អង្គ​៥ ។

ពោង​ក្រៅ​នេះ ជាទី​ប្រថាប់​របស់​ទេវបុត្រ​អ្នក​បំពេញ​កុសល​រួម​គ្នា​ពី​កាល​មុន ។ ពោង​នីមួយ​ៗ​មាន​ភ្លុក​៧ ប្រវែង​៥០​យោជន៍ ។ ភ្លុក​នីមួយ​ៗ​មាន​ស្រះបោក្ខរណី​៧ ។ ស្រះ​នីមួយ​ៗ​មាន​ផ្កាឈូក​៧​ផ្កា ។ ផ្កាឈូក​មួយ​ៗ​មាន​ត្របក​៧ ។ ត្របក​មួយ​ៗ​មាន​ទេពធីតា​៧​អង្គ រាំច្រៀង ។ មហោស្រព​រាំច្រៀង​រមែង​មាន​លើ​ភ្លុក​ដំរី​ដើម្បី​ជា​កំសាន្ត លំហែ​នៃ​ទេវបុត្រ​៣៣​អង្គ​នោះ ។ ស្តេច​សក្កទេវរាជ​សោយ​យស​ធំ ស្តេច​ត្រាច់​ទៅ​ដោយ​ប្រការ​ដូច្នេះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ