ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ ២នាក់ទៀត ស្លា.ប់ដោយសារជំងឺកូវីដ១៩ នាំឲ្យចំនួនអ្នកស្លា.ប់ កើនឡើងដល់ ៤៥នាក់ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែមេសានេះ ក្រសួងសុខាភិបាល បានប្រកាសពីករណីបុរសជនជាតិខ្មែរ ២នាក់ទៀត ស្លាប់ដោយសារជំងឺកូវីដ១៩។ ម្នាក់ អាយុ ៥៥ឆ្នាំ…

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែមេសានេះ ក្រសួងសុខាភិបាល បានប្រកាសពីករណីបុរសជនជាតិខ្មែរ ២នាក់ទៀត ស្លាប់ដោយសារជំងឺកូវីដ១៩។ ម្នាក់ អាយុ ៥៥ឆ្នាំ និងម្នាក់ទៀត អាយុ ៤៩ឆ្នាំ​។

សេចក្តីប្រកាស បង្ហាញថា បុរសជនជាតិខ្មែរ អាយុ ៥៥ឆ្នាំ រស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូលសម្រាក​ព្យាបាល នៅមណ្ឌលព្យាបាលបុរី ១០០ខ្នង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២ថ្ងៃត្រង់ បន្ទាប់ពីទទួល​បានលទ្ធផល​វិជ្ជមានកូវីដ១៩ ជាមួយស្ថានភាព​ក្អក ហត់ខ្លាំង និងមានប្រវត្តិ​ជំងឺទឹកនោមផ្អែម​ប្រចាំកាយ​។ ដោយស្ថានភាព​ជំងឺ​មានការវិវត្ត​ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែធ្ងន់ធ្ងរ​ឡើងៗ និងអាការៈ​ហត់ដង្ហក់ខ្លាំង ដែលតម្រូវ​ឲ្យក្រុមគ្រូពេទ្យ បញ្ជូនគាត់ទៅ​ព្យាបាលបន្ត នៅមន្ទីរពេទ្យ​ហ្លួងម៉ែ នៅថ្ងៃទី១៨ ខែមេសា។ ប៉ុន្តែពេល​ទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​បានពិនិត្យ​ឃើញថា អ្នកជំងឺ បានស្លាប់​បាត់បង់​ជីវិតរួចទៅហើយ មុនពេលចូលដល់មន្ទីរពេទ្យ​ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:៤៥នាទី។

រីឯបុរស​ជនជាតិខ្មែរ អាយុ ៤៩ឆ្នាំ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពី​បានរកឃើញ​មានវិជ្ជមានវីរុសកូវីដ១៩ អ្នកជំងឺត្រូវបានដាក់​ឲ្យសម្រាកព្យាបាល​នៅមណ្ឌលព្យាបាល​ចាក់អង្រែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ១៦នាទីកណ្តាលអាធ្រាត្រ ជាមួយអាការៈក្តៅ ក្អក ហត់ និងមានប្រវត្តិ​ជំងឺទឹកនោមផ្អែម​ប្រចាំកាយ។ ដោយជំងឺមានការវិវត្ត​កាន់តែធ្ងន់ធ្ងរឡើងៗ និងស្ថិតក្នុងស្ថានភាព​ហត់ដង្ហក់ខ្លាំង ដែលត្រូវ​ឲ្យក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេស ដោយមានការប្រើប្រាស់ម៉ាស៊ីន​ជំនួយដង្ហើម​ផង។​ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ គាត់​បា​នស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២ និង ៤៥នាទី​។​

ក្រុមគ្រូពេទ្យ បានសន្និដ្ឋាន​ថា បុរសជនជាតិខ្មែរ ទាំង២នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើម​ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង​ ដោយារវីរុសកូវីដ១៩ លើអ្នកជំងឺ​ទាំង ២​នាក់ ដែល​មានទឹកនោមផ្អែមប្រចាំកាយ​។

សូមរម្លឹកថា គិតចាប់ពីថ្ងៃទី១១ ខែមីនា មកដល់ថ្ងៃទី១៨ ខែមេសានេះ នៅកម្ពុជា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាល បានប្រកាសជាផ្លូវការសរុបចំនួន ៤៥នាក់​ហើយ។ ក្នុងនោះ ៤២​នាក់ ជាជនជាតិខ្មែរ និង ៣នាក់ ជាជនបរទេស រួមមាន បុរសជនជាតិចិន បុរសជនជាតិកូរ៉េខាងត្បូង និងបុរសជនជាតិបារាំង៕