ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ? ក្រោយ​បែកធ្លាយ​សារ​បិទ​ក្រុងភ្នំពេញ មនុស្ស​សម្រុក​ទៅពេញ​ផ្សារ​ដើម​គ លទ្ធផល អាជីវករ​និង​សន្តិសុខ ១០២​នាក់ វិជ្ជមានកូ​វី​ដ​-១៩​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្សារ​ដើម​គ គឺជា​ផ្សារ​ធំ​មួយ​ នៅ​​រាជធានី​ភ្នំពេញ ក្នុង​ការ​បែងចែក​បន្លែ ផ្លែ​ឈើ តាមផ្សារ​ក្នុង​ក្រុង​ភ្នំពេញ និង​បញ្ជូន​ទៅ​បណ្ដា​ខេត្ត​​មួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ ផ្សារ​ដើម​គ គឺជា​ផ្សារ​ធំ​មួយ​ នៅ​​រាជធានី​ភ្នំពេញ ក្នុង​ការ​បែងចែក​បន្លែ ផ្លែ​ឈើ តាមផ្សារ​ក្នុង​ក្រុង​ភ្នំពេញ និង​បញ្ជូន​ទៅ​បណ្ដា​ខេត្ត​​មួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​អត្តសញ្ញាណ​អោយ​ដឹង​ថា មាន​អាជីវករ​, ​អ្នក​លក់ដូរ​, ​កម្មករ​អនាម័យ និង​សន្តិសុខ​ផ្សារ សរុប​ចំនួន ១០២​នាក់ ​(​អាជីវករ​៩៦​នាក់ និង​សន្តិសុខ ៦​នាក់​) រក​ឃើញ​ វិជ្ជមាន ​កូ​វី​ដ​-១៩ ។

គេ​នៅ​ចាំ​បាន​ថា នា​ព្រលប់​ថ្ងៃ​ទី​១៤ មេ​សា ចំ​ថ្ងៃ​ទី​១ នៃ​ការ​ចូល​ឆ្នាំ​ខ្មែរ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ សម្រុកចូល​ផ្សារ​នានា ជាពិសេសផ្សារដើមគ ដើម្បីទិញ​ទំនិញ​ទុក ក្រោយ​ពី បែកធ្លាយ​សារសំឡេង មិន​ទាន់​ផ្លូវការ​ទាក់ទង​នឹង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ខេត្ដកណ្ដាល រយៈពេល​២​ស​ប្ដា​ហ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្រោយ​ការ​ចែកចាយ​នូវ​សារ​សំឡេង ដែល​បើក​ធ្លាយ​នោះ គឺ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន បាន​សម្រុក​នាំ​គ្នា​ទៅ​ទិញ​ទំនិញប្រើប្រាស់​នៅ​តាម​ហាង​ទំនើប និង​អាហារ នៅ​តាម​ផ្សារ​ជា​ច្រើន​កន្លែង ក្នុង​រាជធានី​ភ្នំពេញ ។ តាម​រូបភាព​វី​ដេ​អូ​មួយ ដែល​ចែកចាយ​នៅ​តាម​បណ្ដាញ​សង្គម បង្ហាញអោយឃើញថា ​មាន​មនុស្ស​ណែនណាន់តាន់តាប់ សម្រុក​ទៅ​ទិញ​បន្លែ ត្រី សាច់ នៅ​ផ្សារ​ដើម​គរ បង្កឲ្យមានក្តីបារម្ភថា ចុះបើមានមនុស្សម្នាក់ផ្ទុកកូវីដ-១៩ តើគិតយ៉ាងណា ? ។

ស្រប​ពេល​នោះ​ដែរ លោក​ជំទាវ ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សុំ​រក្សា​ភាព​ស្ងប់ស្ងៀម ជា​ជាង​សម្រុក​ទៅ​ផ្សារ ដែល​បង្កើត​បានជា​ភាព​កកកុញ​មនុស្ស​ច្រើន ណែនណាន់តាន់តាប់ ជម្រុញ​នូវ​ហានិភ័យ​កាន់តែ​ខ្ពស់​ឡើង​ថែម​ទៀត​ដល់​បងប្អូន ក្នុង​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ។

នា​យប់​ថ្ងៃ​ទី​១៤ ខែមេសា ២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​ថ្លែង​សារ​ពិសេស និង​បន្ទាន់ ពាក់ព័ន្ធ​ការ​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ។ សម្តេច​តេ​ជោ ហ៊ុន សែន មិន​អត់ឱន​ឲ្យ​មន្ត្រី​ដែល​ទម្លាយ​សារ​សំឡេង​របស់​សម្តេច មុន​ចេញ​សេចក្តីសម្រេច

ក្នុងអំឡុងពេល​ថ្លែង​សារ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​សុំ​អភ័យទោស ដោយសារ​តែ​មិន​ទាន់​សេចក្តីសម្រេច​ផង ប៉ុន្តែ​បែរជា​បាន​បែកធ្លាយ​ជា​មុន ដោយ​បុគ្គល​ខ្វះ​ការ​ទទួលខុសត្រូវ នៅ​ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​បក្ស និង​រដ្ឋ ។ សម្តេច​តេ​ជោ ហ៊ុន សែន មិន​អត់ឱន​ឲ្យ​ទេ សកម្មភាព​ទាំងនោះ​នឹង​ត្រូវ​ទទួល​នូវ​វិន័យ​ពេល​ក្រោយ នៅ​ពេល​ដែល​ស្រាវជ្រាវ​រក​ឃើញ ។

នៅ​យប់​ថ្ងៃ​ទី​១៧ មេ​សា ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​ទាំងស្រុង ក្នុង​មូលដ្ឋាន​ផ្សារ​ដើម​គ និង​ផ្សារ​បន្លែ ស្ថិត​នៅ​ជុំវិញ​តំបន់​ប្រជុំជន​ផ្សារ​ដើម​គ ក្នុង​ខណ្ឌទួលគោក និង​ខណ្ឌ​បឹង​កេងកង រយៈពេល​ពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​វីរុស​កូ​វី​ដ​-១៩ ទៅ​ដល់​បងប្អូន​អាជីវករ អតិថិជន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​ចេញ​-​ចូល​ផ្សារ​នេះ ។

ដោយសារ ស្ថានភាព​នៃ​ការ​រីក​រាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​បងប្អូន​អាជីវករ ជិត១០០​នាក់ និង​កម្លាំង​សន្តិសុខ​ផ្សារ​ដើម​គ ចំនួន​០៦​នាក់ បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​ស្ថានភាព​នេះ បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស គួរ​ឱ្យ​ព្រួយបារម្ភ និង​ចាំបាច់ ត្រូវ​មាន​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ជា​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ