ខេត្តមណ្ឌលគិរី ត្រៀមកន្លែងព្យាបាល និងកន្លែងចត្តាឡីស័ក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី ត្រៀមកន្លែងព្យាបាល និងកន្លែងចត្តាឡីស័ក

1 ខែ មុន
  • Mondulkiri

ខេត្តមណ្ឌលគិរី៖ ដើម្បីឆ្លើយតបទៅនឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី៖ ដើម្បីឆ្លើយតបទៅនឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមកន្លែងព្យាបាល និងកន្លែងចត្តាឡីស័ក ក្នុងករណីមានអ្នកសង្ស័យ ឫផ្ទុកជំងឺកូវីដ-១៩ នៅក្នុងក្រុងសែនមនោរម្យ។

ឯកឧត្តម អភិបាលខេត្ត បានសម្រេចយកមន្ទីរពេទ្យបង្អែកខេត្ត ១កន្លែង អគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ស្ថិតនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា ១កន្លែង និងផ្ទះគ្រូ ១កន្លែង ដើម្បីត្រៀមលក្ខណៈទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែក ចំពោះអ្នកដែលសង្ស័យ ឬមានផ្ទុកជម្ងឺកូវីដ១៩នេះ។

ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញ ត្រូវរៀបចំបន្ទប់នីមួយៗ ឲ្យបានស្អាត នឹងរៀបចំបំពាក់ នូវទឹក ភ្លើង បន្ទប់ទឹក កង្ហារ និងគ្រែ ព្រមទាំងសម្ភារៈ និងបរិក្ខាពេទ្យមួយចំនួនទៀតផងដែរ។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឫផ្ទុកជំងឺកូវីដ១៩នោះទេ តែទោះជាយ៉ាងក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានអនុវត្តតាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការរឹតបន្តឹងនៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសជិតខាង និងតាមព្រំប្រទល់រវាងខេត្ត និងខេត្ត ជាពិសេស ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅគ្រប់រមណីយដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងខេត្ត ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ និងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ឯកឧត្តម អភិបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩៕ ដោយ៖ សាយ ករុណា