ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបាននាំគ្នារត់មកជួយពន្លត់អគ្គិភ័យដែលឆាបឆេះចំប៉ើង៣ពន្នូតយ៉ាងសន្ធោសន្ធៅ ដោយនឹកស្មានថា អគ្គិភ័យនេះកំពុងតែឆាបឆេះលំនៅដ្ឋាន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។
បើតាមអ្នកភូមិទួលប្រាសាទ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយពួកគាត់សង្ស័យថា អគ្គិភ័យឆាបឆេះដល់លំនៅឋានប្រជាពលរដ្ឋ ក៏នាំគ្នារត់មកជួយពន្លត់ ដោយយកគោយន្តកន្ត្រៃ និងរថយន្តដឹកទឹកចំនួន៥ទៅ៦គ្រឿងមកពន្លត់ផងដែរ លុះពេលមកដល់ ក៏ស្រាប់តែឃើញអគ្គិភ័យនោះកំពុងតែឆាបឆេះពន្នូកចំប៉ើង ហើយបាញ់ទឹកពន្លត់តែម្តង រហូតដល់រលត់ទៅវិញទាំងស្រុង។
បើតាមម្ចាស់ផ្ទះឈ្មោះ ម៉ែន ម៉ុន ភេទប្រុស អាយុ៤៦ឆ្នាំ មានប្រពន្ធឈ្មោះ យន្ត ផុន អាយុ៥២ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បានរៀបរាប់ថា មុនពេលកើតហេតុ រូបគាត់ និងប្រពន្ធកូនកំពុងតែរៀបចំចូលដំណេក ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅស្ថិតនៅខាងក្រោយផ្ទះ ហើយគាត់បានស្រែកឱ្យអ្នកភូមិជួយពន្លត់ ទើបអគ្គីភ័យបានរលុតទៅវិញ ។ សំណាងល្អ បើមិនរលត់ទេ អាចនឹងឆេះរាលដាលដល់លំនៅឋានក៏អាចថាបានដែរ ។
ម្ចាស់រូបនេះបានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ គាត់មានការសង្ស័យថា មានមនុស្សលួចដុតក៏អាចថាបាន៕
ចែករំលែកព័តមាននេះ