រន្ធត់​ចិត្ត អាណិត​រាស្ត្រ​ខ្មែរ មិន​គួរ​ណា​ប្រែជា​មាន​ភ័យ វីរុស​កូ​វី​ដ​-១៩​ពិតជា​ចង្រៃ មិន​ត្រា​ប្រណី​សូ​ម្បី​កុមារ​តូច – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ចិត្ត អាណិត​រាស្ត្រ​ខ្មែរ មិន​គួរ​ណា​ប្រែជា​មាន​ភ័យ វីរុស​កូ​វី​ដ​-១៩​ពិតជា​ចង្រៃ មិន​ត្រា​ប្រណី​សូ​ម្បី​កុមារ​តូច

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរទាំងអស់អាច​ឈ្នះ​បាន ដោយ​ការ​ប្រ​ណិ​ប​ត្តិ​តាម​វិធានការ​ពិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​ឈ្លៀសវៃ​មែនទែន នាំ​រាស្ត្រ​ខ្មែរ​នឹង​បាន​ស្រាកស្រាន្ត​ទុ​ក្ទ​ភ័យ កូ​វី​ដ​ចង្រៃ សូម​រលាយ​សូន្យ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរទាំងអស់អាច​ឈ្នះ​បាន ដោយ​ការ​ប្រ​ណិ​ប​ត្តិ​តាម​វិធានការ​ពិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​ឈ្លៀសវៃ​មែនទែន នាំ​រាស្ត្រ​ខ្មែរ​នឹង​បាន​ស្រាកស្រាន្ត​ទុ​ក្ទ​ភ័យ កូ​វី​ដ​ចង្រៃ សូម​រលាយ​សូន្យ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ ជា​ប្រធាន គ​.​វ​.​ក​-១៩ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ថ្លែង​ថា ឥឡូវនេះ វីរុស​កូ​វី​ដ​-១៩ កំពុង​តែ​សកម្ម និង​សប្បាយចិត្ត​ក្នុង​ការងា​ករក​កន្លែង​ដែល​ងាយស្រួល​វាយលុក​បាន នៅ​តាម​ទីតាំង​ប្រមូលផ្តុំ​មនុស្ស​ច្រើន ដូច​ជាទី​ផ្សារ កាស៊ីណូ និង​រោងចក្រ ដែល​សុទ្ធសឹងតែ​ជា​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ច្រើន ។ ពេល​បុគ្គល​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៅ​តាម​ទីតាំង​ទាំងនេះ ហើយ​មក​ដល់​ផ្ទះ អាច​មានការ​ចម្លង​បន្ត​មក​ដល់​ក្រុម​គ្រួសារ​ខ្លួន សូ​ម្បី​តែ​កូន​តូច​ៗ មិន​ថា​អាយុ​តិច ឫ​ច្រើន​នោះ​ឡើយ ។

ដូច្នេះ ប្រសិនបើ​បងប្អូន មិន​បន្ត​ការ​យកចិត្តទុកដាក់​អនុវត្ត​ហ្មត់ចត់​វិធានការ “៣​ការពារ និង ៣​កុំ និង​ចាក់​វ៉ាក់សាំង​+​នៅផ្ទះ​ជា​បណ្តោះអាសន្ន​” នោះ​ទេ អាយុជីវិត​បុគ្គល​ណា​ម្នាក់ ឫ​អាច​មាន​ច្រើន​នាក់ នឹង​ត្រូវ​ឆក់​យក​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ងាយស្រួល​ហើយ​។

ត្រូវ​ចង​ចាំ​ថា “​ពេល​នេះ សុខភាព និង​អាយុជីវិត​របស់​បុគ្គល និង​ក្រុម​គ្រួសារ​ខ្លួន គឺ​ពឹងផ្អែក​លើ​ការ​សម្រេចចិត្ត ដ៏​ត្រឹមត្រូវ​របស់​ខ្លួនឯង​ហើយ បើ​មិន​ចង់​មាន​ជំងឺ​កូ​វី​ដ​-១៩ ទេ​នោះ គឺ​ត្រូវ​ខិតខំ អត់ធ្មត់​ទ្រាំ​ការ​លំបាក​ក្នុង​រយៈពេល​ខ្លី ជា​ជាង​រង​នូវ​ការ​លំបាក​ក្នុង​រយៈពេល​យូរ ដោយ​អនុវត្ត​វិធានការ​ដែល សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នេះ ជា​ជាង​ការ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ជ្រោះ​មរណៈ កូ​វី​ដ​-១៩ ដោយសារ​តែ​ការ​ធ្វេសប្រហែស ការ​ផ្គើន ឫ​មិន​ព្រម​អនុវត្ត​តាម​វិធានការ​ដែល​បាន​ដាក់​ចេញ​នានា​នេះ​” ។
កាល​សង្គ្រាម យើង​ខ្លាច​ត្រូវ​គ្រាប់​ផ្លោង នាំ​គ្នា​ជ្រកកោន​ក្នុង​ត្រង់​សេ តែ​ពេល​នេះ យើង​ខ្លាច​វីរុស​កូ​វី​ដ​-១៩ ផ្លោង​ដាក់​យើង យើង​ត្រូវ​នាំ​គ្នា​នៅផ្ទះ ដែល​ការ​នៅផ្ទះ​របស់​យើង វា​ងាយស្រួល​ជាង​ការ​ជ្រក​ក្នុង​ត្រង់​សេ​ឆ្ងាយ​ណាស់ ហើយ​សត្រូវ​អត់​ស្រមោល​កូ​វី​ដ​-១៩ ពិតជា​មានការ​លំបាក​ក្នុង​ការ​ស្វែងរក​ការ​វាយលុក ហើយ​រក​យើង​មិនឃើញ​ទៀត​ផង ។

សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រួម​គ្នា​រក្សា​ឱ្យ​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ការ​វាយលុក​ជំងឺ​កូ​វី​ដ​-១៩ និង​សូម​ឱ្យ​បាន​ឆ្លង​ផុត​ពី​គ្រោះ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ទាំងអស់​គ្នា ៕