ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មោច​មង​៖ ឃា.តក​លាក់​មុខនៅ​ក្នុង​បឹង​ទន្លេសាប ដែល​អ្នក​គ្រប់​គ្នា​គួរ​យល់​ដឹង

3 ឆ្នាំ មុន

ខេត្តសៀមរាប​៖ កាលពី​ថ្មី​ៗ​នេះ យោងតាមក្រុមការងារ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បានឱ្យដឹងថា ក្រុមការងាររបស់ពួកគេបាន​ធ្វើ​សកម្មភាព​សម្អាត​សំរាម នៅ​តាម​បណ្តោយ​ច្រាំង​ស្ទឹង​សៀមរាប ក្នុង​ពេល​ចុះ​បំពេញការងារ នៅ​ក្នុងភូមិ​បណ្តែត​ទឹក និង​សហគមន៍​នេសាទ​ចុង​ឃ្នៀស​។ ស្ទឹង​សៀមរាប…

ខេត្តសៀមរាប​៖ កាលពី​ថ្មី​ៗ​នេះ យោងតាមក្រុមការងារ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បានឱ្យដឹងថា ក្រុមការងាររបស់ពួកគេបាន​ធ្វើ​សកម្មភាព​សម្អាត​សំរាម នៅ​តាម​បណ្តោយ​ច្រាំង​ស្ទឹង​សៀមរាប ក្នុង​ពេល​ចុះ​បំពេញការងារ នៅ​ក្នុងភូមិ​បណ្តែត​ទឹក និង​សហគមន៍​នេសាទ​ចុង​ឃ្នៀស​។ ស្ទឹង​សៀមរាប បាន​ហូរ​ចាក់​ទៅ​ក្នុង​បឹង​ទន្លេសាប ដែល​ជា​បឹង​សម្បូរ​ទៅ​ដោយ​ជលផលទឹកសាប​ជាងគេ​បំផុត​មួយ​នៅ​ក្នុង​តំបន់​។ ក្នុង​ចំណោម​សំរាម ដែល​ក្រុមការងារ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​បាន​រក​ឃើញ គឺ សាច់​មង​ដែល​ត្រូវ​បាន​បោះបង់​ចោល​ដោយ​អ្នកនេសាទ ជា​សំរាម​ដែល​លេចធ្លោ​ជាងគេ​។

​រូបភាព ៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ

បឹង​ទន្លេសាប គឺជា​បឹង​ដែល​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ និង​ជា​ផ្នែក​មួយ​នៃ​ជីវចម្រុះ ដែល​មាន​ផលិតភាព​ជលផល​ដ៏​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​។ ជា​អកុសល ការ​បំពុលបរិស្ថាន​បឹង ចេះ​តែ​ខ្លាំង​កើន​ឡើងជា​រៀងរាល់ថ្ងៃ ដោយសារ​ការ​បោះចោល​មង ដោយ​អ្នកនេសាទ​នៅ​លើ​ច្រាំង និង​ក្នុង​ទឹក​បឹង​កើនឡើង​។
សាច់​មង ត្រូវ​បាន​ផលិត​ចេញពី​សរសៃ​នីឡុង (Nylon) ដែល​មាន​ប្លា​ស្ទិ​ក​ជា​វត្ថុធាតុដើម វា​មិន​រលួយ និង​អាច​ស្ថិត​នៅ​ក្នុង​បរិស្ថាន​ដោយ​គ្មាន​កាលកំណត់​។ មង​ដែល​មិន​អាច​ប្រើ​ការ​បាន ត្រូវ​បាន​អ្នកនេសាទ​បោះបង់​ចោល​ក្នុង​បឹង​ទន្លេសាប​ជា​រៀង​រាល់​ឆ្នាំ​។ មង​ទាំងនោះ នៅ​តែ​បន្តរ​សាត់អណ្តែត​នៅ​ក្នុង​ទឹក និង​បន្ត​ចាប់​ត្រី ហើយ​ទីបំផុត​បាន​សម្លាប់​ត្រី និង​សត្វ​ដទៃ​ទៀត​ផង​ដែរ​។ ដោយសារ​តែ​មង​ទាំងនោះ ក្លាយជា​មង​គ្មាន​ម្ចាស់ ពួក​វា​បាន​អណ្តែត​ដោយ​សេរី​នៅ​ក្នុង​ទឹក ប្រៀប​បាន​នឹង​ខ្មោច​អណ្តែត​ទឹក ដូច្នេះ​ទើបត្រូវ​បាន​គេ​ហៅ​ថា​៖ «​ខ្មោច​មង​»​។

​រូបភាព ៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ

មាន​បញ្ហា​ជា​ច្រើន​ដែល​បណ្តាល​ឱ្យ​មង​ទាំងនោះ ក្លាយជា «​ខ្មោច​មង​»​។ វា​អាច​ត្រូវ​បាន​អ្នកនេសាទ​ធ្វើ​ឱ្យ​បាត់​ដោយ​ចៃដន្យ​នៅ​ក្នុង​បឹង​បន្ទាប់​ពី​រាយ​ហើយ ឬ​ក៏​ត្រូវ​បោះបង់​ចោល​ដោយសារ​វា​ដាច់​រហែក​ខ្លាំង មិន​អាច​ជួសជុល​ទេ​។ យើង​អាច​ឃើញ​ខ្មោច​មង នៅ​លើ​ច្រាំង​នៃ​បឹង​ទន្លេសាប នៅ​រដូវ​សម្រក ឬ​នៅ​លើ​ដើមឈើ​តាម​ព្រៃ​លិច​ទឹក ឬ​នៅ​តោង​ជាប់​កំណាត់ឈើ​ដែល​អណ្តែត​នៅ​លើ​ផ្ទៃ​ទឹក​។

ទោះបី​មើលទៅ​ហាក់ដូចជា​ខ្មោច​មង ពុំ​មាន​បង្ក​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ក៏​ដោយ តែ​ខ្មោច​មង​នៅ​តែ​បន្ត​ធ្វើ​ឱ្យ​ត្រី​ងាប់ និង​បានឱ្យ​មាន​មហន្តរាយ​ដល់​បឹង​ទន្លេសាប នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ត្រី និង​វារិ​សត្វ​ដទៃ​ទៀត អាច​ងាយ​នឹង​ជាប់​ខ្មោច​មង​ដែល​គេ​បោះបង់​ចោល ហើយ​អត់​ចំណី​រហូត​ដល់​ងាប់​។ ត្រី​ដែល​ជាប់​ខ្មោច​មង​ទាំងនោះ អាច​ក្លាយ​ចំណី​នៃ​ពពួក​មំសាសី​ដទៃ ដែល​រួមចំណែក​ធ្វើ​ឱ្យ​មានការ​ថយ​ចុះ​បរិមាណ​ត្រី​នៅ​ក្នុង​បឹង​ផង​។ ម្យ៉ាងទៀត អ្នកនេសាទ​ក៏​តែងតែ​ជួប​ប្រទះ​ជា​រឿយ​ៗ ផង​ដែរ នៅ​ពេល​ដែល​ខ្មោច​មង​បាន​ទាក់​ស្លាបចក្រ​ទូក​របស់​ពួក​គេ ជាប់​គាំង​ទៅ​មុខ​មិន​រួច​។

​រូបភាព ៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ

ដើម្បី​កាត់​បន្ថយ​ខ្មោច​មង​នៅ​បឹង​ទន្លេសាប យើង​សូម​អំពាវនាវ​ដល់​អ្នកនេសាទ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​បោះបង់​មង​របស់​ពួក​គេ​ចោល​៖ សូមកុំ​បោះ​វា​ចូល​ទៅ​ក្នុង​ទឹក ឬ​តាម​បណ្តោយ​ច្រាំង ដោយ​ជំនួស​មក​វិញ ពួក​គេ​គួរ​រក​កន្លែង​សមរម្យ​ដើម្បី​បោះចោល​វា​។ តោះ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​សុខុមាលភាព បឹង​ទន្លេសាប និង​ទន្លេមេគង្គ ប្រកបដោយ​និរន្តរភាព​។
សូម​តាមដាន​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ និង​ចែករំលែក​អ​ន្ថ​បទ​នេះ ដើម្បី​ជួយ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​នៃ​ខ្មោច​មង ដល់​សុខុមាលភាព និង​បរិមាណ​ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ