កម្ពុជាចាកចេញពីជ្រោះមរណៈកូវីដ ១៩ ដោយរបៀបណា ? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចាកចេញពីជ្រោះមរណៈកូវីដ ១៩ ដោយរបៀបណា ?

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ទឹកភ្នែកសឹងស្រក់ហើយបេះដូងលោតខុសចង្វាក់ដោយសារភ័យខ្លាច នៅពេលឃើញចំនួនមនុស្សស្លាប់ និងឆ្លងមេរោគកូវីដ ១៩ ជាច្រើនរយនាក់ជារៀងរាល់ថ្ងៃ ។ «កម្ពុជាកំពុងតែស្ថិតនៅមាត់ជ្រោមរណៈ» នេះគឺជាប្រសាសន៍ដ៏ក្តុកក្តួលចេញពីមេដឹកនាំកម្ពុជា…

រាជធានីភ្នំពេញ ៖ ទឹកភ្នែកសឹងស្រក់ហើយបេះដូងលោតខុសចង្វាក់ដោយសារភ័យខ្លាច នៅពេលឃើញចំនួនមនុស្សស្លាប់ និងឆ្លងមេរោគកូវីដ ១៩ ជាច្រើនរយនាក់ជារៀងរាល់ថ្ងៃ ។ «កម្ពុជាកំពុងតែស្ថិតនៅមាត់ជ្រោមរណៈ» នេះគឺជាប្រសាសន៍ដ៏ក្តុកក្តួលចេញពីមេដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សេន ដែលកំពុងតែប្រឹងប្រែងមិនក្លាចនឿយហត់ទាំងថ្ងៃទាំងយប់ ដើម្បីរកវិធីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ ដែលកំពុងតែសម្លាប់ និងធ្វើអោយប្រជាជនកម្ពុជាធ្លាក់ខ្លួនឈឺជារៀងរាល់ថ្ងៃ ។

សម្តេចបានពិពណ៌នាស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ ថា វាធ្ងន់ធ្ងរហួសប្រមាណពីការទ្រាំទ្របានដោយបង្ខំអោយរដ្ឋាភិបាលសម្រេចចិត្តបិទខ្ទប់ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅដែលមានការឆ្លងរាលដាលកូវីដ ១៩ ខ្លាំងជាងគេ ។ ការបិទទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃមានបំណង ជារួមគឺកាត់បន្ថយការធ្វើដំណើរ និងការជួបជុំរបស់មនុស្សដែលជាមូលហេតុនៃការធ្វើអោយមេរោគធ្វើដំណើរតាមខ្លួនមនុស្សទៅចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។

សម្តេចតេជោបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់អោយចូលរួមទាំងអស់គ្នានៅក្នុងការអនុវត្តរាល់វិធានការរបស់រដ្ឋាភិបាលដើម្បីចៀសវាងសោកនាដកម្មកាន់តែធ្ងន់ធ្ងរទៅៗដោយនាំអោយស្លាប់មនុស្សកាន់តែច្រើន ។ គិតត្រឹមថ្ងៃទី ១៦ខែមេសានេះ មនុស្សជិត ៥៥០០នាក់បានឆ្លងមេរោគកូវីដ ១៩ ខណៈដែលមានមនុស្ស ៣៨នាក់បានស្លាប់បាត់បង់ជីវិត ។ ក្នុងរយៈពេលចុងក្រោនេះ មានការកើនឡើងយ៉ាងគំហុក បន្ទាប់ពីមានការផ្ទុះតាមផ្សារនិងរោងចក្រដែលជាកន្លែងមានមនុស្សប្រមូលផ្តុំច្រើន ។

សារ បីការពារ បីកុំ ចូលត្រចៀកម្ខាងចេញត្រចៀកម្ខាង គឺជាគ្រោះថ្នាក់

ការប្រឆាំងកូវីដ ១៩ គឺសាមញ្ញតែពិបាកអនុវត្តអោយជោគជ័យ ដោយសារតែវាទាមទារអោយមនុស្សទាំងអស់អនុវត្តព្រមៗគ្នាទាំងអស់គោលការណ៍ បីការពារ ( ពាក់ម៉ាស រក្សាគម្លាតយ៉ាងតិចពីរមែ៉ត្រ លាងដៃ អោយបានញឹកញាប់) បីកុំ ( កុំជួបជុំមនុស្សច្រើន កុំចូលកន្លែងបិទជិត និង កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នាជាដើម) ដែលជាមូលដ្ឋានគ្រឹះនៃការប្រឆាំងមេរោគកូវីដ ១៩ ដែលចាប់ផ្តើមវាយលុកកម្ពុជា ដំបូងកាលពីខែមិនាឆ្នាំឆ្នាំ ២០២០ ហើយវាយប្រហារធ្ងន់បំផុតចាប់ពីថ្ងៃទី ២០ខែកុម្ភៈ ឆ្នាំ ២០២១ ។

សំឡេង បីការពារ បីកុំ ប្រហែលជាបានលាន់លឺដល់ត្រចៀករបស់ប្រជាជនកម្ពុជាទាំងអស់ ប៉ុន្តែវាប្រហែលជាបានចូលហើយក៏ចេញបាត់ទៅវិញភ្លាម និងមិនបានដក់ជាប់នៅក្នុងបេះដូង និងខួរក្បាលរបស់ពួកគេ ដើម្បីអោយពួកគេអនុវត្តអោយបានជាប់លាប់ និងមានប្រសិទ្ឋភាពឡើយ ។ ហេតការណ៍មនុស្សប្រជ្រៀតគ្នាហួសប្រមាណតាមទីផ្សារដើម្បីទិញស្បៀង និងរបស់របរប្រើប្រាស់ចាំបាច់ បន្ទាប់ពីការលេចលឺថា មានការបិទទីក្រុងភ្នំពេញ ការមិនរក្សាគម្លាតអោយបានត្រឹមត្រូវនៅតាមទីផ្សារ កន្លែងយកសំណាក និងកន្លែងចាក់វ៉ាក់សាំង និងការជួបជុំមនុស្សច្រើន ទាំងនេះគឺជាឧទាហរណ៍ដ៏ពិតប្រាកដដែលបញ្ជាក់ថា មិនមានការចូលរួមគ្រប់គ្រាន់ពីប្រជាជននៅក្នុងការអនុវត្តរាល់ វិធានាការ របស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីប្រឆាំងនឹងការរាលដាលមេរោគកូវីដ ១៩ឡើយ ។

ស្ថានភាពធ្ងន់ធ្ងរនៃកូវីដ ១៩ តម្រូវអោយមានវិធានការក្តៅ និងម៉ឺងម៉ាត់បំផុត

គន្លឹះសំខាន់គឺត្រូវធ្វើយ៉ាងណាមិនអោយសារ បីការពារ បីកុំ បានចូលត្រចៀកម្ខាងហើយ ចេញតាមត្រចៀកម្ខាងទៀតរបស់ប្រជាជនកម្ពុជា ។ សារ បីការពារ បីកុំ ត្រូវតែអោយងំជាប់ក្នុងត្រចៀក ក្នុងបេះដូង និងក្នុងខួរក្បាលរបស់ប្រជាជនទាំងអស់ ។ ក្នុងន័យនេះ  ការផ្សព្វផ្សាយកាន់តែទូលំទូលាយ យុទ្ឋសាស្ត្រ បីការពារ និង បីកុំ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ត្រូវតែផ្សព្វផ្សាយអោយទូលំទូលាយ គ្រប់ទីកន្លែង និងគ្រប់ពេវលេាទាំងអស់ ។ កន្លែងទាំងអស់ដែលមានការប្រមូលផ្តុំមនុស្ស ដូចជា ទីផ្សារតូចធំ ទីសាធារណៈ ត្រូវតែមានការផ្សព្វផ្សាយយ៉ាងកងរំពងយុទ្ឋសាស្ត្ របីការពារ បីកុំ ។ នៅតាមទីតាំងទាំងនោះ ត្រូវមានការចាក់មេក្រូអំពីយុទ្ឋសាស្ត្ របីការពារ បីកុំ ដើម្បីដាស់តឿនពួកគេអោយបានគ្រប់ពេលវេលាអំពីការពាក់ម៉ាស ការរក្សាគម្លាតយ៉ាងតិចពីរម៉ែត្រ និងការអនាម័យ លាងដៃអោយបានញឹកញាប់ ។ ជាមួយគ្នានេះ នៅតាមមូលដ្ឋានភូមិ ឃុំ និង សង្កាត់ ត្រូវតែចាក់សារ បីការពារ បីកុំ នេះតាមមេក្រនៅលើម៉ូតូ ឬកង់បី តាមដងផ្លូវនានាដែលមានមនុស្សច្រើន ។ និយាយអោយខ្លីគេត្រូវតែធ្វើអោយប្រាកដថា សារ បីការពារ និង បីកុំ នេះ ត្រូវបានមើលឃើញ និងស្តាប់លឺគ្រប់ទីកន្លែង និងពេលវេលា ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ វាមិនទាន់គ្រប់គ្រាន់ទេត្រឹមតែការផ្សព្វផ្សាយអោយពួកគេបានដឹងនោះ ។ តាមទ្រឹស្តីនៃទំនាក់ទំនងមនុស្សម្នាក់ខុសពីមនុស្សម្នាក់ទៀត នៅក្នុងការចូលរួមបន្ទាប់ពីពួកគេទទួលព័ត៌មាន ឬសារមួយ ។ អ្នកខ្លះនឹងមានការចូលរួមសកម្ម អ្នកខ្លះមិនសូវចូលរួម និងអ្នកខ្លះទៀតអាចនឹងមិនចូលរួម ។ ប្រជាជនកម្ពុជាមួយចំនួនប្រហែលជាធ្លាក់នៅក្នុងក្រុមមនុស្សខាងក្រោយគេ គឺខ្វះការចូលរួម បើទោះ បីជាពួកគេបានទទួលព័ត៌មានហើយក្តី ។  វាមិនខុសពីក្រុមមនុស្សដែលដឹងពីគ្រោះថ្នាក់នៃការជក់បារីសម្រាប់ជីវិត ប៉ុន្តែនៅតែជក់បារីនោះ ។ ពួកគេលឺហើយដឹងហើយតែពួកគេនៅតែមិនព្រមធ្វើតាម ។

ដើម្បីដោះស្រាយចំពោះក្រុមមនុស្ស ដែលមិនមានការចូលរួមអនុវត្តតាមគោលការណ៍ បីការពារ បីកុំ បើទោះបីជាពួកគេបានដឹងហើយក្តីនោះ នឹងតម្រូវ អោយមានវិធានការដាក់វិន័យ ឬ ការប្រាប់ ដោយផ្ទាល់ត្រង់ៗតែម្តងអោយពួកគេអនុវត្តអោយបាន ។ ក្នុងន័យនេះ នៅតាមកន្លែងដែលមានមនុស្សប្រមូលផ្តុំដូចជាតាមផ្សារ កន្លែងធ្វើតេស្តកូវីដ ១៩ កន្លែងចាក់វ៉ាក់សាំងជាដើម ត្រូវតែមានកម្លាំងមានសមត្ថកិច្ចចាំត្រួតពិនិត្យមើលការអនុវត្ត វិធានការ បីការពារ និង បីកុំនេះ ។ ឧទាហរណ៍យ៉ាងសាមញ្ញគឺ គ្រប់ច្រកទ្វារ នៃទីផ្សារត្រូវដាក់ កម្លាំងមានសមត្ថកិច្ច ឬក៏ជន ស្ម័គ្រចិត្តជួយ ដើម្បីគ្រប់គ្រងមនុស្សចេញ និងចូលទីផ្សារ និងដើម្បីធានាការអនុវត្តវិធានការ បីការពារ បីកុំ ។

គេត្រូវធ្វើអោយប្រាកដថា មនុស្សក្នុងផ្សារមិនមានច្រើនហួស តាមរយៈការកំណត់ចំនួនមនុស្សចូលផ្សារជាដើមហើយកម្លាំងសមត្ថកិច្ច ឬក៏ជនស្មគ្រចិត្តត្រូវឆាប់ប្រាប់ ឬមានវិធានការ កាលបើឃើញថា មានមនុស្សចូលផ្សារ ឬក៏អ្នកលក់ក្នុងផ្សារ មិនពាក់ម៉ាស ឬក៏មិនរក្សាគម្លាត ពីរម៉ែត្រនោះ ។ ចំណែក កន្លែងគិតលុយនៅតាមហាង ឬក៏ផ្សារត្រូវតែមានការរៀបចំគូសគំនូសរក្សាគម្លាត សម្រាប់ការបង់លុយផងដែរដើម្បីជាការពង្រឹងការអនុវត្តរក្សាគម្លាតនេះ ។ រីឯនៅតាមក្លោងទ្វារ និងនៅតាមបន្ទប់ទឹកត្រូវមានការដាក់អាល់កុល ឬសាប៊ូសម្រាប់លាងដៃសម្លាប់មេរោគ ។

ដោយមូលហេតុថា មនុស្សមួយចំនួនមិនអនុវត្តតាមគោលការណ៍ បីការពារ និង បីកុំ ព្រមទាំងវិធានការនានារបស់របស់រដ្ឋាភិបាលនោះ ការមានកម្លាំងសមត្ថកិច្ច ឬជនស្មគ្រចិត្តគ្រប់គ្រាន់ ដើម្បីជួយពង្រឹងការអនុវត្តវិធានាការទាំងនេះក៏មានសារសំខាន់ជាអាយុជីវិត ។ សមត្ថកិច្ច និងក្រុមស្មគ្រចិត្ត គឺដើម្បី ដោះស្រាយជាមួយក្រុមនុស្សក្បាលរឹងដែលនៅតែមិនព្រមធ្វើតាមវិធានការ បីការពារ បីកុំ ព្រមទាំងវិធានការនានា និងច្បាប់ទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ ១៩ ។ ក្នុងន័យនេះ អាជ្ញាធរមូលដ្ឋានមានសារសំខាន់ខ្លាំងណាស់ដើម្បីធានាចាប់អោយប្រជាជនទាំងអស់គោរពអោយបានវិធានការ បីការពារ និង បីកុំនេះ ។

បើសិនជាអាជ្ញាធរមូលដ្ឋានបំពេញការងារច្រឡោះប្រហោងនៅក្នុងការពង្រឹងការអនុវត្តច្បាប់ សារាចរណ៍បិទទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ និងវិធានការសុខាភិបាលទាំងអស់នោះ កម្ពុជា នឹងនៅតែមិនអាចគ្រប់គ្រងកូវីដ ១៩ បានឡើយ ។ អាជ្ញាធរក៏មានសារសំខាន់ផងដែរនៅក្នុងការធានាថា ស្ថាប័នផ្សារ និងក្រុមហ៊ុននានា ទាំងអស់ពិតជាអនុវត្តបានត្រឹមត្រូវនូវវិធានការសុខាភិបាល ។ ការខកខានណាមួយដែលអាចកើតមាននៅក្នុងការចាប់អោយស្ថាប័ន ផ្សារ ក្រមហ៊ុនទាំងនោះធ្វើតាមវិធានការសុខាភិបាលនឹងបង្កើនហានិភ័យនៃការឆ្លង និងការរាលដាលនៃមេរោគកូវីដ ១៩ ។ ជាក់ស្តែងការផ្ទុះការឆ្លងមេរោគកូវីដ ១៩នៅផ្សារអូ ឬស្សីបញ្ជាក់ពីភាពចន្លោះប្រហោងនេះ និងគ្រោះថ្នាក់ដែលបង្កឡើង ។

ខណៈដែលប្រជាជនទាំងអស់មានអម្រែកមួយនៅក្នុងការចូលរួមអនុវត្តវិធានាការសុខភិបាលទាំងអស់នោះ អាជ្ញាធរក៏មានអម្រែកទទួលខុសត្រូវមួយផងដែរនៅក្នុងការពង្រឹងការអនុវត្តច្បាប់ សារាចរណ៍ បិទខ្តប់ ទីក្រុងភ្នំពេញ និងតាខ្មៅ វិធានាការ បីការពារ និង បីកុំ ព្រមទាំងវិធានការសុខាភិបាលទាំងអស់ ។ អាជ្ញាធរមូលដ្ឋានក៏សមនឹងទទួលបានការឧបត្ថម និងមធ្យោបាយគ្រប់គ្រាន់សម្រាប់ការបំពេញបេសកកម្មដ៏មានសារសំខាន់ជាអាយុជីវិតនេះ ។ ពួកគេនឹងមិនអាចបំពេញភារកិច្ចបានជោគជ័យឡើយ បើសិនជាពួកគេមិនមាន មធ្យោបាយគ្រប់ គ្រាន់សម្រាប់ការបំពេញការងារ និងផ្តល់ការលើកទឹិក ចិត្តសមនឹងកិច្ចប្រឹងប្រែងរបស់ពួកគេ ។

ផ្តន្ទាទោសដោយគ្មានការលើកលែងចំពោះជនល្មើសការធ្វើចត្តាលីស័ក និងអ្នកព្យាបាលតាមផ្ទះ

គេពិបាកនឹងមិនទទួលស្គាល់ណាស់ថា ស្ថានភាពកូវីដ ១៩ ធ្ងន់ធ្ងរបែបនេះគឺដោយសារតែមានការថ្លោះធ្លោយនៅក្នុងការគ្រប់គ្រងមនុស្សនៅកន្លែងធ្វើចត្តាឡីស័ក ។ វាផ្តើមចេញពីការបណ្តោយអោយរបូតជនជាតិចិនដែលនាំអោយផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ ។ បើសិនជាគ្មានការលួចចេញជនជាតិចិននោះ ក៏គ្មានស្ថានភាពធ្ងន់ធ្ងរដូចបច្ចុប្បន្នដែរ ។ ទន្ទឹមជាមួយគ្នានោះក៏មានព័ត៌មានមិនឈប់ឈរ អំពីមនុស្សរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ។ ពួកគេទាំងនោះសុទ្ធតែបង្កហានិភ័យខ្ពស់ដល់ការរាលដាល នៃការឆ្លងកូវីដ ១៩ ។

ដូច្នេះអ្នកធ្វើចត្តាឡីស័កទាំងអស់ និងអ្នកព្យាបាលតាមផ្ទះទាំងអស់ត្រូវតែចូលរួមអោយបានគ្រប់គ្នាហើយមិនត្រូវលួចចេញបែបនេះឡើយ ។ បទល្មើសរបស់ពួកគេអាចធ្វើអោយមនុស្សស្លាប់ និងឈឺដោយសារតែសកម្មភាពគ្មានការទទួលខុសត្រូវកន្លងមក ។ ពួកគេតោងយល់ថា វាជាបទល្មើសផ្នែកច្បាប់ដែលត្រូវផ្តន្ទាទោសមិនត្រឹមតែការផាកពិនិ័យទេ វាថែមទាំងអាចឈានដល់ការជាប់ពន្ឋនាគារទៀតផង ។ បើពួកគេស្រឡាញ់សុខភាពផ្ទាល់ខ្លួន ស្រឡាញ់ក្រុមគ្រួសារ និងប្រទេសជាតិនោះ ពួកគេមិនត្រូវរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក កន្លែងព្យាបាលមិនថា ផ្ទះផ្ទាល់ខ្លួន ឬក៏មន្ទីរពេទ្យឡើយ វាសុទ្ធតែបង្កហានិភ័យគួរអោយខ្លាចនៃការឆ្លងរាលដាលមេរោគកូវីដ ១៩ ។

ហេតុការណ៍រត់ចេញពីកន្លែងធ្វើចត្តាឡីស័កដោយស្ត្រីជនជាតិចិនដែលនាំអោយផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ រហូតដលសព្វថ្ងៃត្រូវតែមិនអោយកើតមានជាលើកទីពីរឡើយដើម្បីកុំអោយហេតុការណ៍ដ័អាក្រក់ និងគ្រោះថ្នាក់នេះកើតមានចំពោះកម្ពុជាបន្តទៀត ។ ប៉ុន្តែទន្ទឹមជាមួយគ្នាការស្វែងយល់អំពីមូលហេតុ ឬបញ្ហាដែលនាំអោយមានការរត់ចេញនេះក៏មានសារសំខាន់ខ្លាំងណាស់ដែរក្នុងការដោះស្រាយបញ្ហានេះ ។ គេត្រូវតែពិនិត្យមើលឡើងវិញអំពីសេវាកម្ម កន្លែងធ្វើចត្តាឡីស័ក ភាពងាយស្រួលនៃការស្នាក់នៅគុណភាពម្ហូបអាហារ និងភាពចាំបាច់នានាសម្រាប់ការរស់នៅសមរម្យសម្រាប់មនុស្សនិងអ្នកជំងឺ ។ ការដោះស្រាយរាល់បញ្ហាដែលប្រឈមដោយអ្នកធ្វើចត្តាឡីស័កនឹងអាចជួយកាត់បន្ថយការប៉ុនប៉ងនៃការរត់ចេញ ។ ប៉ុន្តែអ្នកធ្វើចត្តាឡីស័ក ក៏ដូចជាអ្នកជំងឺត្រូវមានចិត្តអត់ធ្មត់ហើយទ្រាំនឹងការលំបាកខ្លះនៅចំពោះស្ថានភាពដ៏លំបាកដែលរដ្ឋាភិបាលកំពុងចាត់វិធានការអស់លទ្ធភាពដើម្បីព្យាបាល និងមើលថែទាំពួកគេអោយបានល្អ ។

ជាមួយគ្នានោះ អាជ្ញាធរក៏ត្រូវតែគ្រប់គ្រងអ្នកព្យាបាលនៅតាមផ្ទះនិងអ្នកធ្វើចត្តាឡីស័កដែរ ។ ការរំពឹងអោយពួកគេគោរពដោយខ្លួនឯងនឹងអាចនាំអោយមានការថ្លោះធ្លោយដូចដែលបានឃើញកន្លងមក ។ អាជ្ញាធរមូលដ្ឋានត្រូវដាក់មនុស្សយាមកាមអោយបានម៉ត់ចត់បំផុតតាមមន្ទីរពេទ្យ កន្លែងធ្វើចត្តាឡីស័ក និងផ្ទះរបស់អ្នកធ្វើចត្តាឡីស័ក ឬក៏អ្នកព្យាបាលតាមផ្ទះ ។ ក្នុងករណីអាជ្ញាធរមូលដ្ឋានមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនេះគេក៏អាចងាករកកម្លាំងយុវជនស្ម័គ្រចិត្តដើម្បីជួយយាមកាម តាមមន្ទីរពេទ្យ ផ្ទះ និងកន្លែងធ្វើចត្តាឡីស័ក ។

នៅពេលដែលមនុស្សគ្រប់គ្នាចូលរួមគោរព និងអនុវត្តច្បាប់បានយ៉ាងពេញលេងនោះ កម្ពុជានឹងកាន់តែជោគជ័យនៅក្នុងការប្រយុទ្ឋប្រឆាំងនឹងការរាតត្បាតនៃមេរោគកូវីដ ១៩ ។ ផ្ទុយទៅវិញបើសិនជាមនុស្សនាំគ្នាល្មើសច្បាប់ហើយអាជ្ញាធរមានភាពធូរលុងខ្លាំងនៅក្នុងការពង្រឹងការអនុវត្តច្បាប់នោះ កម្ពុជានឹងកាន់តែពិបាកគេចចេញពីជ្រោះមរណៈហើយមនុស្សជាច្រើននាក់ទៀតនឹងស្លាប់ និងធ្លាក់ខ្លួនឈឺ ។ មិនថាជាការបរាជ័យរបស់ប្រជាជន ឬអាជ្ញាធរទេ វាសុទ្ឋតែមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងការប្រយុទ្ឋប្រឆាំងកូវីដ ១៩ នេះ ។ ដូចសម្តេចតេជោបានមានប្រសាសន៍ថា នេះជាពេលវេលាដែលទាំងអស់គ្នាត្រូវតែចូលរួមដោយមិនអាចមាននរណាម្នាក់ខកខានបានឡើយដើម្បីធ្វើយ៉ាងណាអោយប្រទេសកម្ពុជាអាចងាចចេញពីជ្រោះមរណៈនេះ ៕