រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជាក់ស្ដែង ពី បទប្រឆាំងនឹងការអនុវត្តការងារសារធារណ: (ដោយយកកូនកាំបិតចុងស្រួច មកកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចររាចរណ៍ឆ្លងកាត់តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩)
កើតហេតុនៅវេលាម៉ោងប្រហែល ១០និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៥ ផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៩៣E ផ្លូវលេខ១២៨ ក្រុមទី៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមានកូនកាំបិតចិតបន្លែចុងស្រួច ដងពណ៌ក្រហមចំនួន០១ដើម យកមកធ្វើសកម្មភាពកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១០និង៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នៅចំណុចផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ស្រាប់តែមានជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ បានដើរមកពីផ្ទះ រួចបានយកកូនកាំបិតចិតបន្លែចុងស្រួច ដងពណ៌ក្រហមចំនួន០១ យកមកធ្វើសកម្មភាព កាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចររាចរណ៍ជិះឆ្លងកាត់តាមដងផ្លូវ បណ្ដាលឲ្យដាច់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចយើង រួចហើយរត់គេចខ្លួន ។
ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងដែលនៅប្រចាំការគោលដៅ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត និងចាប់យកកូនកាំបិតចិតបន្លែចុងស្រួច ដងពណ៌ក្រហមចំនួន០១ រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បចាត់ការតាមនីតិវធីច្បាប់តែម្ដង ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានយកទឹកនោមជនសង្ស័យរូបនេះ យកមកធ្វើតេស្តិ៍ស្វែងរក សារធាតុញៀនក្នុងទឹកនោមជាលទ្ធផល គ្មានសារធាតុញៀនក្នុងខ្លួនទេ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។
បើយោងតាម លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអោយដឹងដែរថា «បើទោះខ្សែនេះគ្មានវិញ្ញាណ តែខ្សែនេះអាចនាំអោយអ្នកមានទោសទណ្ឌប្រសិនអ្នកបំពាន! ខ្សែនេះជាបន្ទាត់ នៃការអនុវត្តវិធានការ បើទោះមាន ឬគ្មានសមត្ថកិច្ចឈរជើងក៏ដោយ សូមកុំបំពាន! ការបំពាននឹងវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬរារាំង អ្នកនឹងអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ!» ៕
ចែករំលែកព័តមាននេះ