ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន៖ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មិន​ធ្វើឲ្យប្រជាជនដាច់បាយ ដាច់ទឹក និងដាច់ភ្លើងនោះទេ!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារជាសំឡេង​នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីចេញសេចក្តីសម្រេច​បិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារជាសំឡេង​នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីចេញសេចក្តីសម្រេច​បិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ថា វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មិនមែនដើម្បីឲ្យ​ប្រជាជន​ប៉ះពាល់ ឬសម្លាប់ប្រជាពលរដ្ឋនោះទេ​។ ប៉ុន្តែ​មានគោលបំណងតែមួយគត់ ដើម្បីទប់ស្កាត់​ជំងឺកូវីដ១៩​។​

សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងថា នៅពេលបិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា គឺនៅពេលបិទខ្ទប់នេះ បុគ្គលគ្រប់រូប មិនឲ្យធ្វើដំណើរ​ចេញពីលំនៅដ្ឋាន​ ឬទីសំណាកបច្ចុប្បន្នទេ ប្រសិនបើគ្មានការចាំបាច់។ តែក៏មានអនុញ្ញាត​ឲ្យធ្វើដំណើរ ដូចជា ទៅធ្វើការងារ ទៅប្រកបរបរ​លក់ដូរ ការធ្វើដំណើរទៅទិញម្ហូបអាហារ និង​ចំណុចមួយចំនួនទៀត ដែលកំណត់​ក្នុងសេចក្តីសម្រេច​។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដូច្នេះការសម្រេចបិទខ្ទប់នេះ មិនមែន​បិទ ដើម្បីសម្លាប់​ប្រជាជន ដោយមិនមានម្ហូបអាហារនោះទេ ព្រោះ​កន្លែងលក់ដូរ​ និងផ្សារ នៅបើកជាធម្មតា​។ ម្យ៉ាងទៀត ការបិទនេះ ក៏មិនមែន​សម្លាប់​សេដ្ឋកិច្ច និងសង្គម​ទាំ​ងស្រុងនោះដែរ​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវម្តងហើយម្តងទៀត សូម​កុំ​ឲ្យប្រជាជន​នៅភ្នំពេញ និងក្រុងតាខ្មៅ ដែលត្រូវបិទខ្ទប់នេះ ភ័យស្លន់ស្លោរ ហួសហេតុ នាំ​ឲ្យជ្រុលច្របលដូចកាលពីល្ងាចមិញ​។ បងប្អូន​មិនដាច់បាយ មិនខ្វះស្បៀងអាហារឡើយ។ បន្លែបង្កា ត្រីសាច់ នៅបន្តែបន្ត​បើក​ឲ្យនាំចូល​មកលក់នៅភ្នំពេញ ផ្គត់ផ្កង់​ចូល​ទីក្រុងបន្ត​ដដែល​។

សម្តេចតេជោ ក៏បានប្រកាស​កុំ​ឲ្យអ្នកលក់អង្ករ រួមទាំងទំនិញគ្រប់ប្រភេទ ត្រីសាច់ជាដើម កុំដំឡើងថ្លៃ។ ក្រសួងពាណិជ្ជកម្ម ត្រូវពិនិត្យករណីនេះ ដោយមិនទុក​​ឲ្យទំនិញឡើងថ្លៃតាមអំពើចិត្តនោះទេ ហើយក្រសួង ក៏ត្រូវបញ្ចេញអង្កររដ្ឋ ចូលទីផ្សារ​ផងដែរ​ នៅពេលនេះ​ ដើម្បីទប់កុំ​ឲ្យអង្ករឡើងថ្លៃ។

សម្តេចកត់សម្គាល់ថា នៅពេលនេះ តាមខេត្តនានា នៅតែមានក្រុមអ្នកចូលចិត្តផឹកស៊ី មិនមែនតែនៅភ្នំពេញ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ​ឲ្យផ្អាកការជួបជុំ​ផឹកស៊ី និងផ្អាកការលក់គ្រឿងស្រវឹង​ ស្រា និងប៊ីយែរគ្រប់ប្រភេទ នៅទូទាំងប្រទេស មិន​ត្រឹមតែនៅភ្នំពេញទេ​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមានថា នៅពេលនេះ កម្ពុជាយើង កំពុងស្ថិតនៅមាត់​ជ្រោះនៃមរណៈហើយ​។ ដូច្នេះយើងត្រូវរួមដៃ​គ្នា​ រវាងប្រជាជន និងរដ្ឋ ដើម្បីប្រយុទ្ធនឹងកូវីដ១៩។ មកដល់ម៉ោងនេះ យើងមានជាង ៣០០នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ហើយសព្វថ្ងៃ យើងក៏មិនមានកន្លែងដាក់អ្នកជំងឺដែរ​។ ពេលនេះ មិនត្រឹមតែគ្រោះថ្នាក់ឆ្លងជំងឺ ហើយត្រូវចូលពេទ្យទេ តែ​ក៏មានអ្នកស្លាប់ជារៀងរាល់ថ្ងៃដែរ​។ ដូច្នេះ​ការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ គឺជាការចាំបាច់ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩​។

ក្នុងសារជាសំឡេងជាង ២៨នាទីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យ​បិទ​រោងចក្រ​កាត់ដេរ​ តែរោងចក្រ​ផលិត​ចំណីអាហារ មី និងគ្រឿងហូបចុក ឲ្យបន្តដំណើរការ​។ អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ត្រូវពិនិត្យ​មើលហាង​លក់ទំនិញណាខ្លះ ដែល​ត្រូវបិទ​ ហើយក្នុងនោះ ហាងលក់សម្លៀកបំពាក់ និង​ផលិតផលមិនចាំបាច់​ផ្សេងទៀត ក្រៅពី​លក់ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ ក៏ត្រូវបិទ​ក្នុងអំឡុងពេល ១៤ថ្ងៃនេះផងដែរ​។

យ៉ាងណាក៏ដោយ នៅតាមរោងចក្រ តាមហាង និងតាមផ្សារ ដែលបើក​លក់​របស់របរចាំចាប់ និងម្ហូបអាហារប្រចាំថ្ងៃនេះ ត្រូវបានសម្តេចតេជោ ណែនាំ​ឲ្យ​រក្សាគម្លាត និងវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល​។ ក្នុងនោះ ផ្សារទំនើប​ ក៏ត្រូវដាក់វេនគ្នាចូល ដើម្បីកុំ​ឲ្យប្រជ្រៀតគ្នាផងដែរ​។

សម្តេចតេជោ ក៏បានសំដែងការសោកស្តាយចំពោះការបែកធ្លាយសំឡេងរបស់សម្តេច កាលពីល្ងាចថ្ងៃទី១៤ ខែមេសា ជុំវិញវិធានការ​បិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយនាំឲ្យប្រជាជនជ្រុលច្របល់ និងប៉ះពាល់​អារម្មណ៍របស់ប្រជាជនមួយចំនួន​។ សម្តេចប្រកាសថា នឹងស្វែងរក​បុគ្គលក្នុងជួរថ្នាក់ដឹកនាំ ដែលខ្វះការទទួលខុសត្រូវ នាំ​ឲ្យ​បែកធ្លាយសំឡេងរបស់សម្តេច​នោះ។

តែយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា ការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ក្នុងខេត្តកណ្តាលនេះ មិន​ឲ្យ​ប្រជាជនដាច់បាយ ដាច់ទឹក និងដាច់ភ្លើង​នោះទេ​៕