ខេត្តប៉ៃលិន ៖ គេដឹងហើយថា តាំងពីបុរាណកាលរហូមកដល់បច្ចុប្បន្ន ឱ្យតែដល់ថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរម្តងៗ ដែលគេឲ្យឈ្មោះថាថ្ងៃសង្ក្រាន្ត ខណៈប្រជាពលរដ្ឋខ្មែរយើង តែងតែរៀបចំណី ផ្លែឈើ នំចំណី និងគ្រឿងសក្ការបូជា ដាក់តាំងនៅលើរានហាលខាងមុខផ្ទះ ដើម្បីទទួលទេវតាឆ្នាំថ្មីយាងចុះមក ។
លុះក្រោយពីគេរៀបចំកម្មវិធីបួងសួង បន់ស្រន់ ដល់ទេវតាឆ្នាំថ្មីហើយរួចរាល់ហើយ ជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរនៅតាមភូមិនីមួយៗ តែងតែនាំគ្នា ចំអិនម្ហូបអាហារ ដើម្បីដាក់ចានស្រាក់ យកទៅវត្តអារាម រាប់បាត្រព្រះសង្ឃ និងបង្សុកូល ហើយពូនភ្នំខ្សាច់ ព្រមទាំងស្តាប់ធម៌ទេសនា ហើយនាំគ្នាត្រលប់ទៅផ្ទះសម្បែងវិញ រួចនាំគ្នាដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា។ លើសពីនេះគេក៏មានលេងល្បែងកម្សាន្តប្រជាប្រិយនៅតាមវត្តនីមួយៗផងដែរ ដូចជាល្បែងលាក់កន្សែង ចោលឈូង ល្បែងទាញព្រ័ត្រ បោះអង្គុញ រាំវង់។
បើរំលឹកកាលពីសម័យដើម គេមានលេងល្ខោន ឱ្យប្រជាពលរដ្ឋទស្សនាកម្សាន្ត មានការច្រៀង អាយ៉ៃឆ្លើយឆ្លង និងរាំថូន (រាំស្គរដី) ផងដែរ។ ជាក់ស្តែងបើគេសង្កេតមើលទៅពុទ្ធបរិស័ទក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ឃើញថា ពួកគាត់បានធ្វើម្ហូបអាហារ នំចំណី ជាចង្ហាន់ ដើម្បីប្រគេនព្រះសង្ឃនៅក្នុងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី និងតាមវត្តអារាមនានាផងដែរ។ បើតាមសង្ឃដីការបស់ព្រះគ្រូរតនៈមុន្នី អ៊ា សុផន ព្រះមេគុណខេត្តប៉ៃលិន និងជាព្រះចៅ អធិការវត្តពោធិមារាម បានឱ្យដឹងថា៖
នៅឆ្នាំ២០២១នេះ ក៏ជាឆ្នាំទី២ហើយ ដែលពុទ្ធបរិស័ទចូលមកក្នុងទីវត្តអារាម ត្រូវអនុវត្តតាមវិធានការ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ខេត្តប៉ៃលិន។ ព្រះចៅអធិការវត្តខាងលើ បញ្ជាក់ទៀតថា តាំងពីមានបញ្ហាជំងឺកូវីដ-១៩ផ្ទុះឡើង គេមិនសូវឃើញមានប្រជាពលរដ្ឋពុទ្ធបរិស័ទចូលទៅធ្វើបុណ្យកុះករ ដូចកាលពីមុននោះទេ គឺមានពុទ្ធបរិស័ទ ចូលធ្វើបុណ្យទាំងក្មេងចាស់ប្រុសស្រី យ៉ាងច្រើនកុះករ។ ចំណែកឯបច្ច័យក៏បានច្រើនគួរសមសម្រាប់យកទៅកសាងកុដិ និងសាលាឆាន់ បន្ថែមទៀតផងដែរ។ តែទោះបីជាយ៉ាងណា ក៏មានប្រជាពលរដ្ឋបន្តចូលរួមធ្វើបុណ្យកុសលមិនដាច់ជារៀងរាល់ថ្ងៃ ហើយព្រះតេជគុណក៏សូមជូនពរឱ្យប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទទួលបាននូវពរជ័យ សិរីមង្គល នាឱកាសឆ្នាំថ្មីគ្រប់ៗគ្នា៕ ដោយ ៖ នីយ៉ា
ចែករំលែកព័តមាននេះ