ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុងភៅកើតកូវីដ ១៩ អ្នកទទួលទានអាហារវេចខ្ចប់អាចឆ្លងដែរ ឬទេ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការមិនអនុញ្ញាតិឲ្យប្រជាពលរដ្ឋចូលទទួលទានអាហារដោយផ្ទាល់នៅតាមភោជនីយដ្ឋាន ជាផ្នែកសំខាន់នៅក្នុងការកាត់ផ្តាច់មិនមានការចម្លងកូវីដ ១៩ ពីម្នាក់ទៅម្នាក់តាមរូបភាពនៃការប្រមូលផ្តុំមនុស្សច្រើននៅកន្លែងតែមួយ ។ ការមិនអនុញ្ញាតឲ្យភោជនីយដ្ឋានទទួលភ្ញៀវចូលអង្គុយទទួលទានអាហារនៅក្នុងហាងរយៈពេល ១៤ ចាប់ពីថ្ងៃទី…

រាជធានីភ្នំពេញ ៖ ការមិនអនុញ្ញាតិឲ្យប្រជាពលរដ្ឋចូលទទួលទានអាហារដោយផ្ទាល់នៅតាមភោជនីយដ្ឋាន ជាផ្នែកសំខាន់នៅក្នុងការកាត់ផ្តាច់មិនមានការចម្លងកូវីដ ១៩ ពីម្នាក់ទៅម្នាក់តាមរូបភាពនៃការប្រមូលផ្តុំមនុស្សច្រើននៅកន្លែងតែមួយ ។ ការមិនអនុញ្ញាតឲ្យភោជនីយដ្ឋានទទួលភ្ញៀវចូលអង្គុយទទួលទានអាហារនៅក្នុងហាងរយៈពេល ១៤ ចាប់ពីថ្ងៃទី ១១ ខែមេសាទៅនោះ បានធ្វើឲ្យសេវាវេចខ្ចប់អាហារ ទៅតាមផ្ទះអតិថជនមានការកើនឡើង ប៉ុន្តែអ្នកទទួលទានអាហារវេចខ្ចប់ជាច្រើនបានចោទសួរថា តើការទិញអាហារវេចខ្ចប់មកទទួលទាន នៅតាមផ្ទះបែបនេះ មានសុវត្ថិភាពមិនឆ្លងជំងឺកូវីដ ១៩ បាន ១០០% ឬយ៉ាងណា ? ។ ប្រសិនជាចុងភៅ ឬអ្នកធ្វើការនៅក្នុងភោជនីយដ្ឋានកើតជំងឺកូវីដ ១៩ នោះ ។

ដើម្បីឆ្លើយសំណួរនេះ គេគួរចំាថា អាហារជាផ្នែកសំខាន់មួយដើម្បីទ្រទ្រង់រាងកាយ អាយុជីវិត ប៉ុន្តែអាហារក៍ជាប្រភពដែលនាំឲ្យមនុស្សកើតជំងឺជាច្រើនប្រភេទដែរ ។ មិនថានៅពេលមានជំងឺកូវីដ ១៩ ឬគ្មាននោះទេ អនាម័យ សុវត្ថិភាពចំណីអាហារជាកក្តាសំខាន់ណាស់ ហើយការចម្អិនអាហារត្រូវតែមានអនាម័យគ្រប់កាលៈទេសៈ ។ នេះគេមិនទាន់គិតដល់សុវត្ថិភាពបន្លែ ត្រីសាច់គ្រឿងផ្សំនានានៅក្នុងការចម្អិនអាហារនោះផងទេ ។  

ជាការពិតជំងឺកូវីដ ១៩ ជាជំងឺឆ្លងតាមផ្លូវដង្ហើម អាចឆ្លងដោយសារតំណក់ទឹកល្អិតចេញពីមាត់មនុស្សដែលមានជំងឺនៅពេលនិយាយ ក្អក កណ្តាស់ជាដើមនោះ ។ គេធ្លាប់ឮវេជ្ជបណ្ឌិតលើកឡើងថា វីរុសកូវីដ ១៩ អាចរស់នៅក្នុងរយៈពេលមួយយូរលើវត្ថុអ្វីមួយដែលអ្នកជំងឺបានកាន់ ឬក្អក កណ្តាស់ ចេញទៅប៉ះនោះ ។ ដូច្នេះ តើអាចទេប្រសិនជាអ្នកចម្អិនអាហារ គាត់មានផ្ទុកជំងឺកូវីដ ១៩ ហើយពេលគាត់ដួសអាហារ វេចខ្ចប់ហើយគាត់បានកណ្តាស់ ក្អក ធ្វើឲ្យទឹកមាត់គាត់ខ្ទាត់ចូលអាហារនោះ ឬអាចទេនៅពេលអ្នកវេចខ្ចប់ អ្នកដឹកអាហារ មានជំងឺកូវីដ ១៩ ហើយបានប៉ះពាល់អាហារនោះ មុនយកទៅឲ្យភ្ញៀវ តើអាចទេអ្នកទទួលទានអាហារនោះ ត្រូវឆ្លងកូវីដ ១៩ នោះ ។ ទំាងអស់នេះសុទ្ធតែជាមន្ទិលដែលនាំឲ្យពលរដ្ឋជាច្រើនបារម្ភពីសុវត្ថិភាពចំណីអាហារនៅពេលវេចខ្ចប់នេះហើយអ្នកពាក់ព័ន្ធគួរចូលរួមដើម្បីធានាពីគុណភាពអាហារ និងជាផ្នែកមួយនៅក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩នៅក្នុងសង្គមខ្មែរ ។

គេបានដឹងនៅក្នុងវិធានធ្វើចត្តាឡីស័ក មិនអនុញ្ញតឲ្យអ្នកមានរោគសញ្ញាជំងឺកូវីដ ១៩ ដូចជាក្អក កណ្តាស់ប៉ះពាល់អាហារ ដែលត្រូវចម្អិតឲ្យអ្នកផ្សេងទទួលទានោះទេ ។ ដោយសារមានក្តីបារម្ភនេះហើយ បានជាអ្នកដឹកចំណីអាហារវេចខ្ចប់ឲ្យអតិថជនជាច្រើនបាននិយាយថា ពលរដ្ឋមានការព្រួយបារម្ភខ្លំាងណាស់ពីការឆ្លងជំងឺកូវីដ ១៩ ។ អាហារដែលពួកគេដឹកទៅឱ្យភ្ញៀវជាទូទៅមុនចេញពីហាងគេបានបាញ់អាល់កុលម្តង ពេលយកទៅដល់ផ្ទះអតិថជន គេបាញ់អាល់កុលម្តងទៀត ហើយអ្នកកុម្ម៉ងអាហារជាច្រើន មិនហ៊ានចេញមកទទួលអាហារដែលគេដឹកដល់ផ្ទះភ្លាមៗនោះទេ ។ ភាគច្រើននៃអ្នកទទួលទានអាហារវេចខ្ចប់ បានឲ្យអ្នកដឹកអាហារទុកអាហារនៅកន្លែងណាមួយ លុះពេលអ្នកដឹកអាហារចេញផុត ទើបម្ចាស់ផ្ទះមកទទួលអាហារ ដែលមានអាល់កុល ឬថ្នាំសម្លាប់មេរោគមកបាញ់ពីលើបន្ថែមទៀត ដូច្នេះអាហារមួយមុខ មុនពលរដ្ឋអាចទទួលទាន គឺគេត្រូវបាញ់សម្លាប់មេរោគច្រើនដំណាក់កាល់ ហើយការទទួលទានអាហារដែលបានចំណាយលុយទិញហើយនោះហាក់មិនមានសុវត្ថិភាព ជួនការអាចបាត់រស់ជាតិអាហារទៀតមិនដឹង ។ គួរជម្រាបថា អាហារវេចខ្ចប់ដឹកដល់ផ្ទះនេះ បានឆ្លងច្រើនដំណាក់មុនដល់មាត់អ្នកទទួលទាន ឆ្លងកាត់ចុងភៅ ឆ្លងកាត់អ្នកវេចខ្ចប់ ហើយត្រូវឆ្លងកាត់អ្នកដឹកជញ្ជួនទៀត ។

ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់ពលរដ្ឋ ដែលជាអ្នកទទួលទានអាហារនៅពេលនេះ ការទទួលខុសត្រូវរបស់ម្ចាស់ភោជនីយដ្ឋានជាផ្នែកសំខាន់នៅក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ នាពេលនេះ ។ ម្ចាស់ភោជនីយដ្ឋានគួរតែប្រាកដថា បុគ្គលិករបស់ខ្លួន ដែលធ្វើការនៅផ្ទះបាយ រាប់តំាងពីអ្នកចម្អិតអាហារ អ្នកលាងចាន អ្នកវេចខ្ចប់អាហារឡើងទៅត្រូវមានសុខភាពល្អ គ្មានជំងឺកូវីដ ១៩ ហើយត្រូវធានាថា អាហារដែលខ្លួនបានលក់ទៅឲ្យអតិថជន ទោះបីជាពេលនេះ អតិថជនគេមិនបានមកឃើញការចម្អិនអាហារនោះដោយផ្ទាល់ភ្នែក តែអាហារនោះបានចម្អិតដោយអនាម័យ មានសុវត្ថិភាព ។  នៅក្នុងការធានាបានសុវត្ថិភាពនេះ បុគ្គលិកនៅក្នុងភោជនីដ្ឋាន គួរមានការថែទំាសុខភាព និងអនុវត្តវិធានការការពារកូវីដ ១៩ កូវីដ ១៩ ឲ្យបានខ្ជាប់ខ្ជួន ពីព្រោះថា ខ្លួនមានភារកិច្ចត្រូវផ្គត់ផ្គង់ចំណីអាហារដល់ពលរដ្ឋផ្សេងទៀត ។

នៅចំណុចនេះមានការលើកឡើងថាចុងភៅ និងអ្នកបម្រើការនៅភោជនីយដ្ឋាន នាពេលនេះគួរម្ចាស់ភោជនីយដ្ឋានផ្តល់កន្លែងឲ្យពួកគេបានស្នាក់នៅនឹងកន្លែងធ្វើការតែម្តង ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ ១៩ ពីកន្លែងផ្សេងដោយមិនដឹងខ្លួន ហើយមកចម្អិនអាហារឲ្យអ្នកដទៃទទួលទាននោះ ។ កន្លងមកក្រសួងសុខាភិបាលបានរកឃើញចុងភៅម្នាក់ចម្អិនអាហារនៅភោជនីយដ្ឋានមួយបានកើតជំងឺកូវីដ ១៩ នេះដែរ ។

ជាការចូលរួមទប់ស្តាត់ជំងឺកូវីដ ១៩ ជាការចូលរួមថែរក្សាសុខភាពសង្គម ក៏ដូចជាការប្រកាន់នូវសុជីវធម៌ សីលធម៌ជាអ្នកលក់ដូរចំណីអាហារ ម្ចាស់ភោជនីយដ្ឋាន អ្នកបម្រើការនៅភោជនីយដ្ឋានគួរប្រាកដថា ខ្លួនមិនមានជំងឺកូវីដ ១៩ ហើយអាហារដែលខ្លួនចម្អិត និងលក់ទៅឲ្យពលរដ្ឋជនរួមជាតិជាអាហារមានសុវត្ថិភាព ជាអាហារបំប៉នសុខភាព នៅគ្រាគ្រប់គ្នាកំពុងតានតឹងអារម្មណ៍ដោយកូវីដ ១៩ នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ