ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​ទល់​តម្រិះ ក្រោយ​ការ​ឆ្លង​រាលដាល​ក្នុង​រោងចក្រ​យ៉ាង​សន្ធឹកសន្ធាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​រាជធានី​ភ្នំពេញ កាន់តែ​ច្រើន​ឡើង​ៗ ជា​ពិសេស​នោះ គឺ​ការ​ឆ្លង​ចូល​ក្នុង​រោងចក្រ និង​ផ្សារ​អូរ​ឬ​ស្សី ដែល​មាន​អ្នក​ឆ្លង​ខ្ទង់រយ​នាក់​ទៅ​ហើយ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​រាជធានី​ភ្នំពេញ កាន់តែ​ច្រើន​ឡើង​ៗ ជា​ពិសេស​នោះ គឺ​ការ​ឆ្លង​ចូល​ក្នុង​រោងចក្រ និង​ផ្សារ​អូរ​ឬ​ស្សី ដែល​មាន​អ្នក​ឆ្លង​ខ្ទង់រយ​នាក់​ទៅ​ហើយ ។

ក្នុង​ដំណាក់កាល​នេះ សហជីព ហាក់​ទល់​តម្រិះ​នឹង​ការ​ផ្ដល់​យោបល់​ជូន​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់ និង​បញ្ឈប់​ការ​ចម្លង ។

បើ​តាម​លោក​ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បានឱ្យ​ដឹង​ថា ស្ថានភាព​បែប​នេះ គឺជា​ស្ថានភាព​មួយ​ដែល​អាក្រក់​បំផុត និង​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អ្វី​ដែល​យើង​រំពឹង​ទុក និង​ព្រួយបារម្ភ​នោះ​វា​មក​ដល់​ហើយ​ជាក់ស្ដែង​ករណី​ឆ្លង​ចូល​ក្នុង​រោងចក្រ​ឌី​ន ហាន​ជាដើម ដែល​ធ្វើ​ឱ្យ​មានការ​តក់ស្លុត​ខ្លាំង និង​មិន​នឹក​ស្មាន​ដល់ ។

លោក​បន្ត​ថា អ្វី​ដែល​ត្រូវ​អារម្មណ៍​បំផុត​នោះ គឺ​សុំ​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​ដូច​ជា ក្រសួងសុខាភិបាល មេត្តា​យកចិត្ត​ទុក​ខ្ពស់​លើ​បញ្ហា​នេះ ហើយ​ក៏​អំពាវនាវ​ឱ្យ​បងប្អូន​កម្មករ​កម្មការិនី​មេត្តា​ដាក់ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​ពិសេស​កម្មករ កម្មការិនី ក្នុង​រោងចក្រ​ឌី​ន ហាន​ទាំងអស់ ។

នៅ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជា​ខ្មែរ​ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ កម្មករ​ទាំងអស់​នឹង​ត្រូវ​ឈប់​សម្រាក ហើយ​សូម​ស្នាក់​នៅ​ក្នុងផ្ទះ ឬ​បន្ទប់​ជួល​រៀង​ៗ​ខ្លួន​កុំ​ធ្វើ​ដំណើរការ​ចល័ត​ទៅ​ស្រុក ព្រោះ​បើ​ទៅ​ស្រុក​ក៏​គ្មាន​អ្វី​ដែរ បើសិនជា​យើង​យក​ជំងឺ​ទៅ​ជាមួយ និង​ចម្លង​ដល់​គេឯង​នោះ ។

លោក​បន្ថែម​ថា ក្នុង​ករណី​នៃ​ការ​ឆ្លង​ចូល​រោងចក្រ​ឌី​ន ហាន​នេះ ក្រសួង​ពាក់ព័ន្ធ​ក៏​ដូច​ជា អាជ្ញាធរ​ទាំងអស់​ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​ទៅ​លើ​កម្មករ​ក្រៅពី​រោងចក្រ​មួយ​នេះ ជា​ពិសេស​នៅ​តំបន់​ជុំវិញ​នោះ​ព្រោះ​កម្មករ​ក្នុង​រោងចក្រ​ឌី​ន ហាន ក៏​អាច​មាន​ទំនាក់ទំនង​ជាមួយ​កម្មករ​រោងចក្រ​ផ្សេង​ដែល​នៅ​ជិត​ៗ​នោះ​ដែរ ។

លោក​ថា ៖« ពេល​នេះ​យើង​ពិតជា​ពិបាក​ក្នុង​ការ​សម្រេច​ថា សុំ​ឱ្យ​ពួក​គាត់​ឈប់​សម្រាក​មុន​ថ្ងៃ​ចូល​ឆ្នាំ ឬ​បន្ត​ធ្វើការ​ទៀត ព្រោះ​បើ​ឱ្យ​គាត់​ឈប់​សម្រាក ហើយ​ពួក​គាត់​មាន​ជំងឺ​នោះ​នឹង​រាលដាល​នៅ​ក្នុង​តំបន់​ជិត​ៗ កន្លែង​គាត់​រស់នៅ តែ​បើសិនជា​ឱ្យ​គាត់​ធ្វើការ​ក៏​ប្រឈម ដូច្នេះ​មាន​តែ​ក្រុម​ជំនាញ​ជា​អ្នក​ចាត់ចែង​លើ​បញ្ហា​នេះ​ប៉ុណ្ណោះ » ។

លោក​បន្ថែម​ទៀត​ថា អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ គឺ​ព្រួយបារម្ភ​ណាស់ តែ​យើង​សូម​អំពាវនាវ​ដល់​បងប្អូន​កម្មករ កម្មការិនី ចេះ​ថែរក្សា ការពារ និង​ត្រូវ​អនុវត្តន៍​តាម​វិធាន​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​រោងចក្រ​សហគ្រាស​ដែល​ពួក​គាត់​ធ្វើការ ។

មាន​អ្នកជំនាញ​ជា​ច្រើន​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍​រោងចក្រ ហើយ​ត្រូវ​ទប់​ឱ្យ​ជាប់ បើ​មិន​ជាប់​ទេ វា​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​រោងចក្រ ត្រូវ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ពី​មួយ​ទៅ​មួយ ។

គិត​ត្រឹម​ថ្ងៃ​ទី​០៩ មេ​សា ២០២១​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៥៧៦​នាក់ ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៥៤៤ ខេត្តស្វាយរៀង​១៦ ខេត្ត​ព្រះ​សីហ​នុ​១២ ខេត្តកំពង់ចាម​១ ខេត្ត សៀមរាប​២ និង​ខេត្តកណ្ដាល​១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ