រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាឡិចស៊ីស GS-300 មួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹងស្រាបានបោះពួយក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុករះម៉ូតូ១គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងទៀត បណ្ដាលឲ្យដួលរងរបួស រួចអត់ព្រមឈប់ស្ងៀមនោះទេ បានព្យាយាមបើករត់គេចទាំងបែកកង់ពុំទទួលខុសត្រូវឡើយ ។
បន្ទាប់មកក៏បានរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹក ប៉ុន្តែសំណាងល្អអ្នកបើកបរពុំបានរងរបួសឡើយ ហើយត្រូវបានកម្លាំងប្រជាការពារចាប់ខ្លួនប្រគល់ជូននគរបាលចាត់ការតាមច្បាប់ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយរថយន្តនោះបានជួបគ្រោះថ្នាក់មុនដំបូង នៅតាមផ្លូវបេតុងក្នុងបុរីពិភពថ្មីឈូកវ៉ា១ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
បន្ទាប់មកបានបើករត់គេចខ្លួនជាច្រើនគីឡូម៉ែត្រ រហូតដល់មុខវត្តពោធិ៍វ័ន ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ភូមិផ្លាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបរេចង្កូតធ្លាក់ចូលប្រឡាយទឹក ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កខាងលើនេះម៉ាក Lexus GS-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-1803 បើកបរដោយបុរសម្នាក់ដែលសង្ស័យស្រវឹងស្រា និងត្រូវបានចាប់ខ្លួនភ្លាមៗ ដោយកម្លាំងប្រជាការពារ ។
នៅមុនពេលកើតហេតុរថយន្តខាងលើបានបើកបរបោះពួយក្នុងល្បឿនលឿន កាត់តាមបុរីពិភពថ្មីឈូកវ៉ា១ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយសង្ស័យអ្នកបើកបរស្រវឹងស្រាបានជ្រុលទៅបុករះម៉ូតូ១គ្រឿង រួមជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង បណ្ដាលឲ្យមានមនុស្សរងរបួស ហើយរថយន្តបែកកង់ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកអ្នកបើកបានបន្ថែមល្បឿនព្យាយាមបើករត់គេចខ្លួនទាំងបែកកង់ និងរេពេញផ្លូវដោយមិនព្រមឈប់ទទួលខុសត្រូវនោះទេ ប៉ុន្តែព្រះអត់ជួយពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានរេចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកតែម្ដង ។
ខណៈនោះរថយន្តបានរងការខូចខាតយ៉ាងដំណំ ប៉ុន្តែអ្នកបើកបរមានសំណាងអត់រងរបួសឡើយ និងត្រូវបានកម្លាំងប្រជាការពារ១ក្រុមឃាត់ខ្លួនបានរួចប្រគល់ជូននគរបាលខណ្ឌព្រែកព្នៅ ដើម្បីប្រគល់បន្តទៅឲ្យនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ