ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចនាយករដ្ឋមន្ត្រី ៖ ធនាគារនៅកម្ពុជាមិនខ្វះប្រាក់ឱ្យពលរដ្ឋខ្ចីទេ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី បានសាទរចំពោះសមាគមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលបានជួយសម្រួលការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ ១៩ នាពេលកន្លងមក នៅក្នុងនោះមានការបន្ធូរបន្ថយ អនុគ្រោះដល់ការបង់ប្រាក់ដើម…

រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី បានសាទរចំពោះសមាគមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលបានជួយសម្រួលការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ ១៩ នាពេលកន្លងមក នៅក្នុងនោះមានការបន្ធូរបន្ថយ អនុគ្រោះដល់ការបង់ប្រាក់ដើម និងការប្រាក់ ពិសេសការសន្យាដែលថា គ្មានការពិន័យចំពោះពលរដ្ឋដែលជាកូនបំណុលនៅគ្រាលំបាកនេះ ។  សម្តេចបានស្នើសុំឲ្យមានការបន្ធូរបន្ថយថែមទៀត បើអាចធ្វើបាន នៅក្នុងនោះសម្តេចបានស្នើដល់ពលរដ្ឋដែលបានយកប្រាក់ទៅផ្ញើនៅធនាគារ យោគយល់នៅក្នុងការបញ្ចុះអត្រាការប្រាក់ដើម្បីផ្តល់លទ្ធភាពដល់ធនាគារ មានឱកាសកាន់តែច្រើននៅក្នុងការជួយដល់អតិថជនរបស់ខ្លួនផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចបានដឹងពីផលលំបាករបស់វិស័យធនាគារ ពីព្រោះថា ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ជាកូនបំណុលផង និងជាដើមបំណុលផង ពីព្រោះថា បើធនាគារយោគយល់ខ្លំាងដល់កូនបំណុល គឺគ្មានប្រាក់ផ្តល់ឲ្យអតិថជនដែលបានយកប្រាក់មកផ្ញើនៅធនាគារនោះឡើយ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការយោគយល់គ្នានៅពេលនេះ គឺនឹងមិនធ្វើឲ្យវិស័យធនាគារនៅកម្ពុជាដូលរលំ ។ មែនទែនទៅសម្តេចអះអាងថា វិស័យធនាគារនៅកម្ពុជានឹងមិនអាចដួលរលំបានទេ ពីព្រោះធនាគារនៅសល់ប្រាក់ច្រើនណាស់ សម្រាប់ផ្តល់ឲ្យពលរដ្ឋខ្ចី ផ្ទុយទៅវិញធនាគារមានការលំបាកដោយសារគ្មានអ្នកខ្ចីប្រាក់នោះទៅវិញទេ ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ សមាគមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា បានប្រកាសពីគោលការណ៍អនុគ្រោះ និងបន្ធូរបន្ថយដល់ពលរដ្ឋដែលជាអ្នកខ្ចីប្រាក់របស់ខ្លួន បើមានឆ្លងជំងឺកូវីដ ១៩ និងជាប់ធ្វើចត្តាឡីស័ក ។ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ធនាគារនឹងលើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលយ៉ាងតិចមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិជនយល់ព្រម រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ។ ចំណែកពលរដ្ឋដែលជាប់បំណុលធនាគារ ហើយបានធ្វើចត្តាឡីស័ក ខាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនឹង ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិជនយល់ព្រម រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់ ។ ក្រៅពីនេះ ទាំងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ បានអះអាងថា ខ្លួននឹងបន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងបញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែមដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ ព្រមទាំងធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner) និងផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ ។

គ្រប់វិធានការរបស់វិស័យហិរញ្ញវត្ថុបានដាក់ចេញប្រមុខរដ្ឋាភិបាលបានសម្តែងការសាទរ និងបានលើកទឹកចិត្តដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទំាងអស់ សូមកុំឲ្យមានការផាកពិន័យដល់ពលរដ្ឋដែលរងគ្រោះពីជំងឺកូវីដ ១៩ ឲ្យសោះនៅពេលនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ