រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការសម្រេចជួយអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើការលើកលែងការបង់ថ្លៃទឹក ភ្លើង និងផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារពលរដ្ឋដែលមានសមាជិកស្លាប់ កើតជំងឺកូវីដ ១៩ និងដែលត្រូវធ្វើចត្តាឡីស័ក ឬរស់នៅក្នុងតំបន់ដែលរដ្ឋបិទខ្ទប់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ នោះ ។ នៅក្នុងសេចក្តីបានថ្លែងសារពិសេសនាព្រឹកថ្ងៃទី ១០ ខែមេសា នេះ ជុំវិញបច្ចុប្បន្នភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលបានប្រកាសពីកិច្ចអន្តរាគមន៍ចំពោះគ្រួសារពលរដ្ឋដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ ១៩ ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋនឹងជួយបង់ជំនួសការប្រើប្រាស់ទឹកស្អាត ថ្លៃអគ្គិសនី ក្នុងរយៈពេល ៥ខែ គិតចាប់តាំងពីទទួលមរណភាព ។
សម្តេចបានប្រកាសបន្តថា សម្រាប់សមាជិកគ្រួសារ ដែលមានអ្នកកើតកូវីដ-១៩ ដោយមានការបញ្ជាក់ត្រឹមត្រូវ រដ្ឋនឹងជួយបង់ថ្លៃទឹក ភ្លើង ក្នុងកម្រិតអប្បបរមាមួយ រយៈពេល ៣ខែ ចាប់ពីខែដែលសមាជិកម្នាក់ ឬច្រើនបានឆ្លងជំងឺ ។ ចំពោះគ្រួសារដែលរងការធ្វើចត្តាឡីស័ក ឬរងការរាំងខ្ទប់ រដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀល ហើយទទួលបានការបង់ថ្លៃទឹកភ្លើងរយៈពេល ២ខែ ក្នុងកម្រិតអប្បបរមាមួយ ។ សម្រាប់គ្រួសារដែលនៅក្រៅតំបន់បិទខ្ទប់ ហើយកំពុងធ្វើចត្តាឡីស័កវិញ ក៏ទទួលបានប្រាក់ឧបត្ថម្ភប្រាក់ ៣០ម៉ឺនរៀល និងទទួលបាននូវការរ៉ាប់រងភ្លើងទឹក រយៈពេល ២ខែពីរដ្ឋដូចគ្នាដែរ ។ ក្រៅពីនេះ ពួកគាត់ទទួលបានការឧបត្ថម្ភពីរដ្ឋដូចជាអង្គរ មី និងត្រីខ ផងដែរ ។ សូមជម្រាបថា មកដល់ពេលនេះកម្ពុជាមាន អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ២៥នាក់ ក្នុងនោះមាន ៣នាក់ជាជនបរទេស ។ ដោយមិនទាន់បូកបញ្ចូលចំនួនអ្នកវិជ្ជមានដែលក្រសួងសុខាភិបាលនឹងប្រកាសនៅថ្ងៃទី ១០មេសានេះ គិតត្រឹមល្ងាចថ្ងៃទី ៩មេសា ចំនួនករណីជំងឺកូវីដ-១៩នៅកម្ពុជាមានសរុបចំនួន ៣៦០៤នាក់ ៕
ចែករំលែកព័តមាននេះ