ត្រកួនជាដំណាំបន្លែមួយប្រភេទ ដែលកសិករនិយមដាំ និងបរិភោគ ព្រោះវាជាបន្លែដែលសំបូរទៅដោយសារធាតុទ្រទ្រង់រាងកាយ ជាពិសេសជាតិដែក ដែលអាចជួយផ្ដល់គ្រាប់ឈាមក្រហមដល់រាងកាយ ហើយថែមទាំងមានលក្ខណៈងាយស្រួលដាំទៀតផង ។ ប៉ុន្ដែការដាំដុះមានលក្ខណៈផ្សេងៗគ្នាទៅតាមតំបន់ ។ ដើម្បីបង្កើននូវការយល់ដឹងឱ្យបានច្រើនពីរបៀបដាំត្រកូនឱ្យបានផលខ្ពស់ យើងខ្ញុំសូមលើកយកបទពិសោធន៍របស់លោកអ៊ុំ ម៉ី សោម ដែលជាកសិកររស់នៅភូមិត្រញំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ គាត់មានបច្ចេកទេសដាំប្លែកពីគេ ដោយដាំតែមួយដងអាចទទួលផលបានពេញមួយឆ្នាំ ។
ក្នុងការដាំគាត់ធ្វើរងធម្មតា ដោយមានទទឹង៦តឹក បណ្ដោយទៅតាមស្ថានភាពដី ។ គាត់ដាំដោយឆូតជាចង្អូរនៅទទឹងរង ចន្លោះពីចង្អួរមួយទៅមួយ៣តឹក រួចរោយគ្រាប់ស្ដើងៗនៅតាមចង្អូរនោះ ឬដាំម្ដង២គ្រាប់ៗចំងាយ៥ហ៊ុនពីគ្នា ។ នៅពេលត្រកួនឱ្យផល គាត់កាត់វាទុកឱ្យគល់នៅត្រឹមដី ព្រោះកាលណាទុកគល់វែងពេក នាំឱ្យវាដុះមកលើកក្រោយមានរាងស្គមៗពេក ។ ក្រោយពីកាត់ហើយគាត់ជ្រុំជ្រោយដីក្នុងរងឱ្យសព្វ ហើយហាលដីមួយថ្ងៃ ។ លុះដល់ស្អែកឡើងគាត់យកជីកំប៉ុស្ដមករោយពីលើ ហើយស្រោចទឹកបន្ទាប់មកយកចំបើងមកគ្របរងតាមចន្លោះជួរ ។ ការស្រោចទឹកប្រព្រឹត្ដទៅរាល់ថ្ងៃរហូតបានពី១០ ទៅ១៥ថ្ងៃ ត្រកួនចាប់ផ្ដើមដុះឡើងវិញ យើងអាចកាត់បរិភោគបាន ។ សរុបមកបច្ចេកទេសសំខាន់ៗរបស់គាត់គឺ ៖
-ស្រោចទឹកលើកន្លែងដាក់ជីហើយ
-គ្របចំបើងនៅចន្លោះគុម្ពត្រកួន
-ពេលប្រមូលផលត្រកួន កាត់វាទុកឱ្យ គល់នៅត្រឹមដី
-ជ្រុំ ជ្រោយដីបន្ទាប់ពីកាត់រួចហើយ
-រោយជីកំប៉ុស្ដបន្ថែមនៅកន្លែងដែលជ្រុំ ហើយ ។
លោកអ៊ុំមានចំណាប់អារម្មណ៍ថា បើ យើងអនុវត្ដតាមបច្ចេកទេសនេះ យើងបាន ចំណេញដូចតទៅ ៖
១-ចំណេញពូជ ៖ យើងមិនអស់លុយទិញ ពូជច្រើនសា
២-ចំណេញពេលវេលា ដោយវាឆាប់ ទទួលផលជាងការដាំដោយគ្រាប់ឡើងវិញ
៣-មិនចំណាយកំលាំងកាប់ដី លើករងជា លើកទី២ទៀត ៕ (ដកស្រង់ចេញពីទស្សនាវដ្តីកសិកររបស់អង្គការសេដាក)
ចែករំលែកព័តមាននេះ