ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំងប្រដាប់អាវុធ និងមន្ត្រី ដែលគេចវេះ មិនចាក់វ៉ាក់សាំង មិនអាចចូលធ្វើការបានទេ!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងសារជាសំឡេង​មួយផ្សេងទៀត នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា «ពិតមែនតែវ៉ាក់សាំង…

ភ្នំពេញ៖ ក្នុងសារជាសំឡេង​មួយផ្សេងទៀត នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា «ពិតមែនតែវ៉ាក់សាំង គឺចាក់លើគោលការណ៍ស្ម័គ្រចិត្ត​ ក៏ប៉ុន្តែនៅពេលខាងមុខ ច្បាស់ណាស់ថា វ៉ាក់សាំង នឹងក្លាយទៅជាវ៉ាក់សាំង​កាតព្វកិច្ចតែម្តង ជាពិសេសជំហ៊ានដំបូងនេះ នៅក្នុងកងកម្លាំងប្រដាប់អាវុធ​ និងមន្ត្រីរាជការស៊ីវិលរបស់យើងទាំងអស់»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំសូមជម្រាបជូន ខ្ញុំមិនចង់​ឲ្យដល់​ដំណាក់កាល​ ដែលមានការលំបាកហើយ ទើបស្រោចស្រង់នោះទេ! ខ្ញុំសូមបញ្ជាក់ជូនទៅមន្ត្រីរាជការ ដែលមិនចង់​ចាក់វ៉ាក់សាំង ឲ្យបានជ្រាបថា នៅពេលណាមួយ ដែលស្ថាប័ន​ចាក់បានពី ៧០% ឡើងលើ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ! ហើយបើសិនជាថ្នាក់ ដែលត្រូវចូលប្រជុំ ក៏មិនចាំបាច់​ឲ្យប្រធានស្ថាប័ន​ អញ្ជើញចូលរួម​ប្រជុំ​ដែរ! ទុក​ឲ្យដេកផ្ទះនោះទៅ! ព្រោះគ្រាន់តែវ៉ាក់សាំងចាក់​ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការប្រយុទ្ធនឹងកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់​បន្តធ្វើ​ជាទាហាន ជាប៉ូលិស ឬក៏ជាមន្ត្រីរាជការ​ធ្វើអ្វីតទៅទៀត! គ្មានការចាំបាច់ទេ! ខ្ញុំសូមបញ្ជាក់ជូន ដើម្បីកុំ​ឲ្យហួសពេល ព្រោះវ៉ាក់សាំង មិនមែនជាទំនិញ ដែលរើសតាមផ្សារ តាមឱសថស្ថាន​បានទេ! ខុសគ្នាពីថ្នាំពេទ្យនានា ដែលមានលក់នៅតាម​ឱសថស្ថាន​»។​

 សារពិសេសលើកទី៣​ នៅ​ថ្ងៃទី៦ ខែមេសានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើង ដើម្បី​ក្រើនរំលឹក​ដល់មន្ត្រីរាជការទាំងអស់ ឲ្យចូលរួមចាក់វ៉ាក់សាំង ដើម្បីសុវត្តិភាពទាំងខ្លួនឯងផង និងដើម្បី​ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ផង។

ក្នុងសារពិសេស នាយប់ថ្ងៃទី៦មេសានេះ សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ នាពេលកន្លងមកនេះ លេចឡើងមន្ត្រី ២ប្រភេទ។ ទី១-មន្ត្រី​ចង់ចាក់វ៉ាក់សាំង ឲ្យបានលឿន ព្រោះខ្លាចមិនមានវ៉ាក់សាំងចាក់។ រីឯ​ប្រភេទទី២ គឺមន្ត្រីរាជការ ដែលគេចវេះ​ មិន​ចង់ចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ការ​ស្ម័គ្រចិត្ត ជារឿងមួយ ប៉ុន្តែសុវត្ថិភាពសុខភាពសាធារណៈ​ជា​រឿង​មួយ​ទៀត​។ កា​រនិយាយនេះ មិនមែនជាការរើសអើងរវាងគ្នានឹងគ្នានោះទេ។ បុគ្គល ដែលមិនបានទទួលវ៉ាក់សាំង គឺជាបុគ្គល ដែលងាយរងគ្រោះដោយសារកូវីដ១៩។ ដូច្នេះ​អ្នកដែលមានចេតនាគេចវេះ មិនទទួល​វ៉ាក់សាំង គឺងាយនឹងបាត់បង់ការងារ ឬមិនទទួលបាន​ធ្វើការ​តែម្តង​។ នេះគឺជាការដាស់តឿនសម្រាប់សាម៉ីខ្លួនផង និងអង្គភាពក្រសួងមន្ទីរផង»។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើ​ឲ្យ​រដ្ឋមន្ត្រីគ្រប់ក្រសួង ត្រូវពិនិត្យមើល តើមានមន្ត្រីណាខ្លះ​ មិនបានចាក់? ក្នុងនោះ កងទ័ព​ចាក់បានច្រើន ដោយសារតែ​សម្តេច ទៀ បាញ់ បានតាមដាន​ដិតដល់​។ រីឯក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចាក់លើស​ចំនួនវ៉ាក់សាំង ដែលនេះជាកាយវិការល្អ ដែលខ្ញុំលើកទឹកចិត្ត ព្រោះអ្នកថែសួន និងមន្ត្រីកិច្ចសន្យា បានសុំ​មកចាក់ដែរ​។​

​សម្តេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ថា «​ក្រសួងនានា រដ្ឋមន្ត្រី​ ធ្វើការបូកសរុប​មន្ត្រីរបស់ខ្លួន​មានប៉ុន្មានភាគរយ ដែលបានចាក់រួចហើយ ហើយនៅសល់​ប៉ុន្មាន​នាក់ ដែលមិនបានចាក់ បន្ទាប់ពីដូសទី២ នៃអ្នកដែលបានទទួលចាក់ហើយ អ្នកដែលមិនទាន់បានចាក់​គប្បីកុំ​ឲ្យចូលមក​ក្រសួង ដែលនាំជំងឺចូល​មកកាន់ក្រសួង​របស់ខ្លួន ទុក​ឲ្យគាត់​ដេកនៅផ្ទះ រង់ចាំចាក់វ៉ាក់សាំងរួចសិន ចាំចូលមក ក៏មិនទាន់យឺតពេល​។ តែខ្ញុំគិតថា ពុំ​មានពេលបញ្ជូន​វ៉ាក់សាំង​ឲ្យទៀតទេ! យើងត្រូវបញ្ជូនវ៉ាក់សាំង ឲ្យទៅកន្លែងផ្សេង ជាពិសេសចាក់ជូនប្រជាពលរដ្ឋ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឲ្យបានមុនគេ ដើម្បីធានាភាពស៊ាំ ទៅនឹងជំងឺនានា ដែលខ្ញុំ ចេញបទបញ្ជាពីល្ងាច»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាផ្ទាល់មាត់​ដល់​អាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសអភិបាលខេត្ត អភិបាលស្រុក ត្រូវតែពិនិត្យ​ចំពោះមន្ត្រីក្រោមឱវាទ គ្រប់បណ្តាមន្ទីរជុំវិញខេត្ត ត្រូវតែត្រួតពិនិត្យថា តើមន្ត្រីណាខ្លះ បានចាក់​រួច មន្ត្រីណាខ្លះ មិនទាន់ចាក់ ដើម្បីជៀសវាង​ការគេចវេះណាមួយ ចំពោះវ៉ាក់សាំង ហើយដែលការគេចវេះនោះ វាមិនត្រឹមតែបំផ្លាញជីវិត​របស់ពួកគាត់​ប៉ុណ្ណោះទេ ក៏ប៉ុន្តែបានចូលរួមចំណែក បំផ្លាញជីវិត​អ្នកដទៃ នៅតាមស្ថាប័​ន ដែលខ្លួនធ្វើការ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងករណីខកខាន​មិនបានចាក់វ៉ាក់សាំងដោយចេតនា យើងមិនគួរគប្បី​អញ្ជើញពួកគាត់​ឲ្យមកធ្វើការនោះទេ។ សូម្បីតែមន្ត្រីរាជការ ដែលត្រូវជ្រើសរើស​ថ្មី មន្ត្រីជាប់កិច្ចសន្យា ដែលត្រូវជ្រើសរើសថ្មី ត្រូវតែមានលក្ខខណ្ឌ​មួយតម្រូវ​ជាចាំបាច់ គឺត្រូវបានចាក់វ៉ាក់សាំង​រួចហើយ ទើបអនុញ្ញាត​ឲ្យជ្រើសរើស​ចូលក្របខណ្ឌ ឬក៏ប្រលងចូលក្របខណ្ឌ។ បើមិនដូច្នោះទេ វ៉ាក់សាំង​ដែលយើងត្រូវចាក់រង្វង់ពី ១០លាន​ ទៅ ១៣លាននាក់​ នឹងអាចក្លាយទៅជាឥតន័យ​ ដោយសារតែមនុស្សមួយចំនួន មិនទទួលយក​។ យើងសុខចិត្ត​ឲ្យពួកគាត់នៅផ្ទះ​។ យើងសុខចិត្ត​ឲ្យពួកគាត់ចាកចេញពីការងារ ហើយយើងសុខចិត្តជ្រើសរើស​មន្ត្រីថ្មី ចូលធ្វើការជំនួសវិញ ព្រោះបញ្ហានេះ ជាបញ្ហាសុខភាព​សាធារណៈ។ បញ្ហាស្ម័គ្រចិត្ត ជាបញ្ហាមួយហើយ ប៉ុន្តែយើងត្រូវគិតអំពីផលប្រយោជន៍រួមរបស់ជាតិ អំពីសុខភាព​សាធារណៈជាចាំបាច់​។ ករណីលើកលែងតែមួយគត់ គឺគ្រូពេទ្យ ធ្វើការ​បញ្ជាក់ថា បុគ្គលនេះ មិនអាចចាក់វ៉ាក់សាំង​បានទេ! ហើយការបញ្ជាក់នេះទៀតសោត ជៀសវាង​នូវការឃុបឃិត​រវាងគ្រូពេទ្យជាមួយនឹងអ្នកមិនចាក់វ៉ាក់សាំង​។ ដូច្នេះ​មន្ត្រីនៅថ្នាក់ខេត្ត ត្រូវមានការ​បញ្ជាក់ពីមន្ទីរសុខាភិបាល ថ្នាក់ខេត្តតែម្តង ដើម្បីកុំ​ឲ្យមានការស៊ុំ​គ្រលំ​​។ ឯនៅភ្នំពេញ​ក៏ដូចគ្នាដែរ​ គឺគប្បី​ត្រូវតែ​មានការបញ្ជាក់​ពីទីកន្លែងណាជាក់លាក់ ដូចជា​មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ បញ្ជាក់ជូនមន្ត្រីរាជការស៊ីវិលនៅថ្នាក់ជាតិ​ ទាំង​ស្ថាប័ន​នីប្ប​ញ្ញត្តិ ទាំងស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ន​ធម្មនុញ្ញផ្សេងទៀត ដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គភាពប្រឆាំងអំពើពុករលួយ សវនកម្ម និងក្រសួងព្រះបរមរាជវាំង​។ គ្មានការឃុបឃិតណាមួយ បញ្ជាក់​​ពី​​គ្រូ​ពេទ្យ​​ណា​ម្នា​ក់ ថា​​មិន​អាច​ទទួលចាក់វ៉ាក់សាំងបានទេ​»។​

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា អ្វីដែល​សម្តេចលើកឡើងនេះ មិនមែនជាការរើសអើងរវាង​អ្នកចាក់វ៉ាក់សាំង និងអ្នកមិនចាក់វ៉ាក់សាំងនោះទេ​។ ការលើកឡើងនេះ គឺចង់ធ្វើ​ឲ្យទាំងអស់គ្នា ចូលរួមចំណែក​ទប់ស្កាត់​កូវីដ១៩ ហើយគឺមិនត្រូវ​ឲ្យនរណាមួយ គឺអន្តរាយខ្លួន ដោយមិនបានធ្វើការដាស់តឿននោះទេ​។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «​យើង​មិនចាំបាច់​ធ្វើការរើសអើងរវាងគ្នានឹងគ្នាទេ។ ក៏ប៉ុន្តែ​ការរើសអើងរបស់យើង គឺធ្វើទៅលើកូវីដ១៩តែប៉ុណ្ណោះ។ ដូច្នេះបុគ្គល ដែល​មិនទទួលវ៉ាក់សាំង ជាបុគ្គល ដែលងាយទទួលកូវីដ១៩​។ ដូច្នេះ​ច្បាស់ជាយើងរើសអើង ជាមួយនឹងកូវីដ១៩ ឯណោះ ទៅវិញទេ។ ដូច្នេះហើយ ខ្ញុំសូមអំពាវនាវ និងសូមបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលមានចេតនាគេចវេះ មិនទទួលវ៉ាក់សាំង គឺជាអ្នកដែលអាច និងងាយ​បាត់បង់ការងារធ្វើ ទាំងក្នុងកងកម្លាំងប្រដាប់អាវុធ ទាំងក្នុងមន្ត្រីរាជការស៊ីវិល ទាំងនៅថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងមន្ត្រីជាប់កិច្ចសន្យា ដែលពេលនេះ យុទ្ធនាការនៃការចាក់វ៉ាក់សាំង កំពុងប្រព្រឹត្តិទៅ មិនទាន់ហួសពេលទេ! សូមឯកឧត្តម លោកជំទាវ លោក លោកស្រីនាងកញ្ញា ជាមន្ត្រីរាជការ​ស៊ីវិល ជាកងកម្លាំងប្រដាប់អាវុធ ដែលមិនទាន់បានចាក់វ៉ាក់សាំង ស្វះស្វែងទៅរកវ៉ាក់សាំងចាក់ ដើម្បីការពារជីវិតរបស់ខ្លួន និងការពារ​នូវការងាររបស់ខ្លួនផងដែរ​»។​

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នេះមិនមែនជាការជំរុញ​ការរើសអើង​ពីការចាក់វ៉ាក់សាំងនោះទេ តែនេះជាការដាស់តឿន​ ដើម្បីការពារខ្លួនពីជំងឺ​កូវីដ១៩ សម្រាប់សាម៉ីខ្លួនផង សម្រាប់អង្គភាព ដែលត្រូវធ្វើការផង​។ ច្បាស់ណាស់ ការគេចវេះនោះ គឺត្រូវគេចក្រសួងរហូត ដែលមិនអាចចូល​ក្រសួងបាន​ ហើយរដ្ឋមន្ត្រីនិមួយៗ ត្រូវទទួលខុសត្រូវចំពោះ​មុខនាយករដ្ឋមន្ត្រី ហើយសូមរាយការណ៍ទៅក្រសួងមុខងារសាធារណៈ ហើយ​ក្រសួងមុខងារសាធារណៈ ត្រូវធ្វើការបូកសរុប​ពីចំនួនមន្ត្រី ដែលបានចាក់វ៉ាក់សាំងរួចហើយ ហើយ​ជូន​មកនាយករដ្ឋមន្ត្រី ដើម្បី​គ្រប់គ្រងជាព័ត៌មាន សម្រាប់ការធ្វើជំរឿន ធ្វើបច្ចុប្បន្នភាព និងស្វះស្វែងរក​វ៉ាក់សាំង សម្រាប់​ការចាក់នៅពេលក្រោយ​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវជាថ្មីទៀតដល់មន្ត្រីរាជការទាំងអស់ ឲ្យចូលរួមទាំ​ងអស់គ្នា ទទួលយកវ៉ាក់សាំង ព្រោះវាមិនមែនជាថ្នាំពុលទេ គឺវាជាផ្នែកមួយនៃការការពារខ្លួនរបស់យើង ហើយក៏ជាផ្នែកមួយនៃការការពារ​រួមនៃស្ថាប័ន និងសង្គមជាតិ​របស់យើង​ផងដែរ ហើយចុងក្រោយ វានឹងការពារឆ្នាំងបាយ​របស់យើង​តែម្តង៕