ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ផាម មិញជិញ ដែលត្រូវបានតែងតាំងជា​នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសវៀតណាម

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅរសៀល​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានសរសេរលិខិត អបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តម…

ភ្នំពេញ៖ នៅរសៀល​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានសរសេរលិខិត អបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសវៀតណាម​។ តាមសម្តេចតេជោ តួនាទីដ៏សក្តិសមនេះ ឆ្លុះបញ្ចាំង​នូវជំនឿជឿជាក់​ និងទំនុកចិត្ត​របស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម មកលើឯកឧត្តម ចំពោះការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​របស់ឯកឧត្តម ក្នុងការជំរុញ​ការអភិវឌ្ឍ និងវិបុល​ភាព​របស់វៀតណាម​។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ចាប់តាំងពី​ការបង្កើតទំនាក់ទំនង​ការទូតរបស់​យើង ក្នុងរយៈពេល ៥៤ឆ្នាំ កន្លងមកនេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនង​ជាប្រពៃណី​ ដែលកំពុង​តែរីកចម្រើន​យ៉ាងខ្លាំង និងកិច្ចសហប្រតិបត្តិការ​ដ៏ជិត​ស្និទ្ធ​លើគ្រប់វិស័យ​។ ទំនាក់ទំនង​ដ៏ស្និទ្ធស្នាល និងការផ្លាស់ប្តូរទស្សនកិច្ច​ដ៏ញឹកញាប់​គ្រប់លំដាប់ថ្នាក់កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់​ក្នុងការពង្រឹង​សាមគ្គីភាព​រវាងប្រជាជាតិយើងទាំងពី​រ​។ ក្នុងស្មារតីនេះ ខ្ញុំ​​ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយឯកឧត្តម  ក្នុងគោលបំណង​ធ្វើ​ឲ្យ​កាន់តែស៊ីជម្រៅ​នូវទំនាក់ទំនង​ដ៏យូរលង់​របស់យើង ផ្អែក​លើគោលការណ៍ភាពជាអ្នកជិតខាងល្អ ចំណង​​មិត្តភាពជាប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងលើកកម្ពស់​កិច្ចសហប្រតិបត្តិ​ការ​ពហុវិស័យ​រវាង​ប្រទេសយើងទាំងពីរ​»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមក្នុងសារលិខិតថា «ខ្ញុំមានជំនឿយ៉ាងមុតមាំ​ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង​ និងការប្តេជ្ញាចិត្ត​របស់យើង ធ្វើការយ៉ាង​ជិតស្និទ្ធ​ទាំងនៅក្នុងក្របខណ្ឌ​ទ្វេភាគី និងពហុភាគី​ កម្ពុជា និងវៀតណាម នឹងអាចជម្នះបាននូវបញ្ហាប្រឈម​ជាច្រើន ដែលមិនធ្លាប់​បាន​ជួបប្រទះកន្លងមក បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីផលប្រយោជន៍​របស់ប្រទេសយើង​ទាំងពីរ ព្រមទាំងដើម្បី​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ​ចិរភាព​ និងវិបុលភាព​នៅក្នុងតំបន់​ និងពិភពលោក​»។​

សូមរម្លឹកថា ឯកឧត្តម ផាម មិញជិញ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម ជំនួសឯកឧត្តម ង្វៀន សួន​ហ៊្វុក។ ឯកឧត្តម​ ង្វៀន សួនហ៊្វុក មាន​អាយុ ៦៦​ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីវៀត​ណាម កាលពីឆ្នាំ២០១៦។ នៅថ្ងៃទី​៥​មេសានេះ រដ្ឋសភាវៀតណាម បានជ្រើសតាំង​ឯកឧត្តម ង្វៀន សួនហ៊្វុក ​ជាប្រធានាធិបតីវៀតណាម។ នៅថ្ងៃទី៥មេសានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរលិខិតអបអរសាទរ​ឯកឧត្តម ង្វៀន សួនហ៊្វុក ក្នុងតំណែង​ថ្មី​នេះ​ផងដែរ៕ ​