កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សម្រេច​បាន​លទ្ធផល​95​ភាគរយ​ហើយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សម្រេច​បាន​លទ្ធផល​95​ភាគរយ​ហើយ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ កីឡដ្ឋាន​ធំ (Main Stadium) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ គិត​មក​ដល់​ថ្ងៃ​ទី​៣ ខែមេសា…

រាជធានី​ភ្នំពេញ ៖ កីឡដ្ឋាន​ធំ (Main Stadium) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ គិត​មក​ដល់​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២១ សម្រេច​បាន​លទ្ធផល​៩៥%​ហើយ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែមេសា ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ការ​សាងសង់​កីឡដ្ឋាន​ធំ​នេះ ។ ការ​សាងសង់​នៅ​តែ​បន្ត​ធ្វើ​ជា​រៀងរាល់ថ្ងៃ​ដោយ​រលូន បើ​ទោះបីជា​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ទប់ស្កាត់​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​យ៉ាងណា​ក្តី ក៏​យន្តការ​រដ្ឋបាល យន្តការ​បច្ចេកទេស ការ​ត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា រួម​ទាំង​ការងារ​ហ្វឹកហាត់ គម្រោង​ផែនការ​ត្រៀម​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​តែ​បន្ត​ធ្វើ​ជាប់​ជា​ប្រចាំ​ជា​និច្ច​។

តាម​ការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC និង​លោក​បណ្ឌិត ថោ​ង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC នៅ​ពេល​នេះ​លោក​បាន​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​កីឡដ្ឋាន​ធំ​ជា​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជា​ចំណងដៃ​ដ៏​ពិសិដ្ឋ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ធ្វើ​ឱ្យ​សមិទ្ធផល​នេះ​លេច​ចេញ​ជា​រូបរាង​ហើយ​។

តាម​ការ​វាយតម្លៃ​ចុង​ក្រោយ សំណង់​នេះ​សម្រេច​បាន​៩៥% ហើយ​នៅ​សល់​តែ​៥%​ទេ ដែល​កំពុង​កែ​លម្អ រចនា សម្អាត​ប៉ុណ្ណោះ​។

កីឡដ្ឋាន​ធំ​នេះ មាន​កៅអីអង្គុយ​ចំណុះ​៦​ម៉ឺន​នាក់ ក្នុង​នោះ​ការ​បំពាក់​កៅអី​សម្រេច​បាន ២២០០០​ហើយ ហើយ​នៅ​ស​ប្តា​ហ៍​ទី​១ ឬ​ស​ប្តា​ហ៍​ទី​២ នៃ​ខែឧសភា ឆ្នាំ​២០២១ នឹង​សម្រេច​បាន​១០០%​នៃ​កៅអី​សរុប​ចំនួន​៦​ម៉ឺន​នេះ​។ មួយវិញទៀត គឺ​ការ​ដាំ​ស្មៅ​ទីលាន​បាល់ទាត់ បាន​ដាំ​រួចរាល់​ទាំង​អស់ហើយ ដោយ​គ្រាន់តែ​មិន​ទាន់​ជួសជុល កាត់​តម្រឹម​ឲ្យ​ស្មើគ្នា ។ ជា​មូលដ្ឋាន ផ្នែក​ខាងក្រោម​នៃ​ទីលាន​បាល់ទាត់​គឺ​បាន​បំពាក់​នូវ​ប្រព័ន្ធ​បង្ហូរទឹក និង​ខ្សាច់​ដែល​ទ្រទ្រង់​ស្មៅ​ល្អ​ចំនួន​៥​ប្រភេទ ដែល​ភាគី​ចិន​បាន​អះអាង​ថា ជា​ប្រភេទ​ស្មៅ​ល្អ​ៗ​យក​មកពិសោធន៍​ដាំ សម​ស្រប​នឹង​បរិយាកាស​កម្ពុជា​យើង ក្រោម​ការ​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ។

ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ស្មៅ​ល្អ​ៗ​ទាំង​៥​ប្រភេទ​នេះ គឺ​មាន​តែ​ស្មៅ​១​ប្រភេទ​ប៉ុណ្ណោះ ដែល​ដុះ​ល្អ សម​ស្រប​ទៅ​នឹង​បរិយាកាស សីតុណ្ហភាព កម្តៅ សំណើម នៃ​ទីលាន​ដែល​បើក​ដំបូល​។ ស្មៅ​មួយ​ប្រភេទ​ដែល​ធ្វើ​ពិសោធន៍​ហើយ​លូតលាស់​បាន​ល្អ​ជាងគេ​នោះ គឺ​មាន​ភាព​រស់​រវើក ដែល​ជួយ​ដល់​ល្បឿន​បាល់​រត់​បាន​ល្អ ជួយ​ដល់​ល្បឿន​នៃ​ការ​រត់​របស់​អត្ត​ព​លិ​ក ព្រមទាំង​ជួយ​សម្រាល​ដល់​អត្ត​ព​លិ​ក​ពេល​ដួល​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់​បាន​ទៀត​ផង ។

ក្រៅពី​នេះ គឺ​នៅ​សល់​តែ​ផ្លូវ​រត់​អត្តពលកម្ម​ជុំវិញ​ទីលាន​បាល់ទាត់ ដែល​ត្រូវ​ក្រាលកម្រាល​តាម​ស្តង់ដារ​របស់​សហព័ន្ធ​កីឡាអត្តពលកម្ម​អន្តរជាតិ ដោយ​ភាគី​ចិន​ត្រូវ​កុម្ម៉ង់​ពី​ប្រទេស​បារាំង​ដែល​នឹង​មក​ដល់​ឆាប់​ៗ ហើយ​គ្រោង​នឹង​ក្រាល​នា​ដើមខែ​ឧសភា ដោយ​ប្រើប្រាស់​ពេលវេលា​ប្រមាណ​២​ស​ប្តា​ហ៍នឹង​រួចរាល់​ហើយ​។

ដោយឡែក អាង​ទឹក​ព័ន្ធ​ជុំវិញ​កីឡដ្ឋាន​ធំ ការ​ចាក់​ផ្លូវ​បេតុង​ក្នុង​ពហុ​កីឡដ្ឋាន ការ​រៀបចំ​បន្ទប់​សណ្ឋាគារ​ស្នាក់​នៅ​ពិសេស​ៗ ការ​បំពាក់​ភ្លើង ការ​បំពាក់​ប្រព័ន្ធ​សំឡេង​កំពុង​ដំណើរការ​ជិត​រួចរាល់​ហើយ​ផង​ដែរ​៕