ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងលាយខ្យល់កន្ត្រាក់បំផ្លាញលំនៅដ្ឋាននិងផ្សារចំនួន២នៅក្រុងប៉ោយប៉ែតបណ្តាលឱ្យរងរបួសមនុស្សមួយចំនួន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ភ្លៀងលាយខ្យល់កន្ត្រាកបានបោកបក់យ៉ាងខ្លាំងលើទឹកដីក្រុងប៉ោយប៉ែត នារសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នេះ​បង្កឲ្យលំនៅដ្ឋានពលរដ្ឋមួយចំនួនរងការខូចខាត ខណៈផ្សារចំនួន២ទៀតលើទឹកដីកាស៊ីណូប៉ើងរាបដល់ដី ប៉ុន្តែចាត់ទុកជាសំណាងល្អ…


បន្ទាយមានជ័យ ៖ ភ្លៀងលាយខ្យល់កន្ត្រាកបានបោកបក់យ៉ាងខ្លាំងលើទឹកដីក្រុងប៉ោយប៉ែត នារសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នេះ​បង្កឲ្យលំនៅដ្ឋានពលរដ្ឋមួយចំនួនរងការខូចខាត ខណៈផ្សារចំនួន២ទៀតលើទឹកដីកាស៊ីណូប៉ើងរាបដល់ដី ប៉ុន្តែចាត់ទុកជាសំណាងល្អ ដោយសារតែមានអ្នករបួសស្រាលតែ២នាក់ប៉ុណ្ណោះ។

តាមព័ត៌បឋមនៅព្រលប់ថ្ងៃដដែលលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាល​ក្រុងប៉ោយប៉ែតប្រាប់​កោះសន្តិភាពនៅកន្លែង​កើតហេតុ​លើទឹកដីកាស៊ីណូថា គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់នាថ្ងៃនេះបង្កឲ្យលំនៅដ្ឋានពលរដ្ឋចំនួន១៣ខ្នងនៅភូមិសាមគ្គីមានជ័យ រង​ការ​ខូចខាត និងផ្សារចំនួន២លើទឹកដីកាស៊ីណូរងការខូចខាតធ្ងន់ធ្ងរ ព្រោះខ្យល់វាយប៉ើងដួលរាបដល់ដី។


គួរបញ្ជាក់ថាភ្លៀងនៅរសៀលនេះមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងថែមទាំងលាយឡំសម្លេងផ្គររន្ទះផងដែរ។ បើមើលពីទិដ្ឋភាព​ចំណុច​កើតហេតុលើទឹកដីកាស៊ីណូពិតជាគួរឲ្យខ្លាចហើយអ្នកមិនដឹងហេតុការណ៍ច្បាស់ប្រាកដជាយល់ថាមនុស្សមិនតិចទេដែលអាចរងរបួស ព្រោះទីតាំងផ្សារក៏ដួលរាបនិងរមូរចូលគ្នាសូម្បីចំណុចសួនកំសាន្តកុមារដែលមានកន្ត្រកហោះកូនក្មេងក៏ត្រូវបាក់ដួលរាបដល់ដីដូចគ្នា។

បើតាមអាជ្ញាធរបានឱ្យដឹងបន្តថា ភ្លៀងលាយខ្យល់កន្ត្រាក់នេះបានបណ្តាលឱ្យខូចខាតតូបលក់ទំនិញចំនួន៦០តូប ផ្ទះចំនួន ១៤ខ្នង នៅ​ភូមិសាមគ្គីមានជ័យ ចំនុចដើមស្រល់ និងមាត់អូរព្រំដែន និងបណ្តាលឱ្យមនុស្ស២នាក់រងរបួស ។

បើតាមសន្តិសុខកាស៊ីណូម្នាក់និយាយថាមូលហេតុដែលមិនមានអ្នករបួសច្រើន ដោយសារមុនកើតហេតុអ្នកគ្រប់គ្រង​មើលឃើញ​ពពកខ្មៅ​ខ្លាំង និងគិតថាភ្លៀងនិងខ្យល់អាចបោកបក់ខ្លាំង ក៏ទាក់ទងគ្នាតាមអាយកូមឲ្យប្រាប់អាជីវករចាកចេញពីតាមតូបរកកន្លែងមានសុវត្ថិភាព បន្ទាប់​មកស្រាប់តែកើតហេតុខ្យល់វាយបំបាក់ទីតាំងផ្សារនិងកន្លែងកម្សាន្តរបស់ក្មេងៗផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ