ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ាន់ គឹ​ម​ហ៊ាន ពី​អ្នក​ចិ​ញ្ចឹ​មាន់​សាមញ្ញ​ក្លាយជា​អ្នកជំនួញ​ដែលរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​សរសើរ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុងភូមិ​ក្រាំង​ស្រម៉ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ដែល​ជា​ស្រុក​កំណើត​របស់​លោក មនុស្ស​ជា​ច្រើន​បាន​ស្គាល់​កសិករ ប៉ាន់ គឹ​ម​ហ៊ាន…

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុងភូមិ​ក្រាំង​ស្រម៉ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ដែល​ជា​ស្រុក​កំណើត​របស់​លោក មនុស្ស​ជា​ច្រើន​បាន​ស្គាល់​កសិករ ប៉ាន់ គឹ​ម​ហ៊ាន និង​មាន​អ្នកខ្លះ​ជា​កូនសិស្ស​ដែល​លោក​បាន​បង្ហាត់បង្រៀន​ពី​បច្ចេកទេស​ចិញ្ចឹម​មាន់​ទៀត​ផង ​។ កេរ្តិ៍ឈ្មោះ​របស់​លោក ប៉ាន់ គឹ​ម​ហ៊ាន ដែល​បាន​ប្រែក្លាយ​ពី​អ្នក​ចិញ្ចឹម​មាន់​សាមញ្ញ​ម្នាក់​ទៅ​ជា​គ្រូបង្រៀន​បច្ចេកទេស​ចិ​ញ្ចឹ​មាន់ និង​ជាក​សិ​-​ពាណិជ្ជករ​ផង​នោះ បាន​ល្បី​ដល់ឯកឧត្តម ​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជា​កសិករ​គំរូ​ហើយ​ការ​ដែល​ក្លាយ​ពី​កសិករ​ទៅ​ជាក​សិ​-​ពាណិជ្ជករ ដូច​លោក និយាយ​ជា​រួម ​គឺជា​ក្តី​ប្រាថ្នា​របស់​ក្រសួងកសិកម្ម​ ។​ ក្រសួងកសិកម្ម ចង់បាន​កសិករ​ដែល​មានការ​អភិវឌ្ឍន៍​បច្ចេកទេស​ និង​ជំនាញ​កសិកម្ម​ដូច​ជា​លោក ប៉ាន់ គឹ​ម​ហ៊ាន នេះ ​។

ដើម​ឡើយ​កសិករ​រូប​នេះ​បាន​ប្រកប​របរ​ធ្វើស្រែចម្ការ និង​ចិញ្ចឹម​មេមាន់ ៥០ ​ក្បាល សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ​។ របរ​កសិកម្ម​ទាំង​អស់នេះ មិន​បាន​ជួយ​កែប្រែ​ជីវភាព​របស់​គាត់​ឲ្យ​បាន​ធូ​ធារ​នោះ​ឡើយ ទើប​នៅ​ខែកញ្ញា ឆ្នាំ ​២០២០ លោក ត្រូវ​បាន​ជ្រើសរើស​ដោយ​អង្គការ​ពន្លឺ​កុមារ ធ្វើ​ជា​សមាជិក​ក្នុង​គម្រោង​ស្តី​ពី «​ចង្វាក់​ផលិតកម្ម​មាន់ស្រុក​» ​។

«​ចង្វាក់​ផលិតកម្ម​មាន់ស្រុក​» ​សហការ​អនុវត្ត​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក្រោម​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម ហៅ​កាត់​ថា IFAD និង​រាជរដ្ឋាភិបាល​កម្ពុជា ​។ គម្រោង​បាន​ធ្វើការ​បណ្តុះបណ្តាល​សមាជិក​អំពី​បច្ចេកទេស​ចិញ្ចឹម​មាន់ ភ្ញាស់​ស៊ុតមាន់ សកម្មភាព​ទីផ្សារ​មាន់ស្រុក និង​ភ្ជាប់​ផលិតផល​មាន់​ទៅ​នឹង​ទីផ្សារ ជាដើម​ ។​ក្រោយ​ពី​ទទួល​បាន​ចំណេះដឹង​បច្ចេកទេស​ពី​វគ្គ​បណ្តុះបណ្តាល រួម​ផ្សំ​ជាមួយ​បទ​ពិសោធន៍​ដែល​លោក​ធ្លាប់​បាន​អនុវត្ត​ផ្ទាល់ កន្លង​មក គម្រោង​បាន​សម្រេច​ជ្រើសរើស​លោក ប៉ាន់ គឹ​ម​ហ៊ាន ​ធ្វើ​ជា​គ្រូបង្រៀន​បច្ចេកទេស​អំពី​ការ​ចិញ្ចឹម​មាន់ ការ​ភ្ញាស់​ស៊ុតមាន់ ដល់​សមាជិក​ផ្សេង​ៗ​ទៀត​ក្នុង​គម្រោង ​។

ដោយសារ​លោក​មានគុណ​សម្បត្តិ​ច្រើន​គម្រោង​បាន​ជួយ​ឧបត្ថម្ភ​គាត់​បន្ថែម​នូវ​ទូ​ភ្ញាស់​ស្វ័យប្រវត្តិ​មួយ មេ​-​បា​មាន់ ៧០​ ក្បាល និង​ទ្រុងមាន់​ទំហំ ៥x១៦​ម៉ ​។ ចំណេះដឹង និង​បទ​ពិសោធន៍ រួម​ជាមួយ​ការ​គាំទ្រ ធ្វើ​ឲ្យ​អាជីវកម្ម​ចិញ្ចឹម​មាន់​របស់​គាត់​មានការ​រីក ចម្រើន​ឥត​ឈប់​ឈរ ជាក់ស្តែង​គិត​ត្រឹម​ត្រីមាស​ទី​ ១ នេះ​គាត់​អាច​រក​ចំណូល​បាន​ជាង​ ៨ ៤០០ ០០០រៀល ពី​ការ​លក់​មាន់​សាច់​ ។ បច្ចុប្បន្ន កសិករ​រូប​នេះ​នៅ​សល់​កូន​មាន់​ជំទង់ ១៧០ ​ក្បាល និង​មេ​-​បា​ពូជ ១៧០ ​ក្បាល និង​ស៊ុត​កំពុង​ភ្ញាស់​ក្នុង​ទូ ៥០០ គ្រាប់​ទៀត ទុក​ត្រៀម​ចិញ្ចឹម​នៅ​វគ្គ​បន្ត ​។

បើ​តាម​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង រាយការណ៍​មក​ឯកឧត្តម វេ​ង សា​ខុន ​ឲ្យ​ដឹង​ថា លោក ​ប៉ាន់ គឹ​ម​ហ៊ាន បាន​ប្រើប្រាស់​ប្រាក់​ចំណូល​នេះ​យក​ទៅ​ពង្រីក​អាជីវកម្ម ចិញ្ចឹម​មាន់​យក​ស៊ុត ភ្ញាស់​យក​កូន​លក់​ចែកចាយ​ជូន​សមាជិក​ក្នុង​គម្រោង និង​ធ្វើ​ទ្រុង​ចិញ្ចឹម​មាន់​សាច់​បន្ថែម ​។ ដោយសារ​ចំណូល​នេះ ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​មានការ​រីក​ចម្រើន ធានា​បាន​រាល់​ការ​ចំណាយ​សម្រាប់​សកម្មភាព​ផ្សេង​ៗ​ក្នុង​សង្គម កូន​ៗ​មាន​មធ្យោបាយ​ទៅ​សាលា រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ទៀត​ផង ​។ បច្ចុប្បន្ន លោក ប៉ាន់ គី​ម​ហ៊ាន បាន​ក្លាយជា​កសិករ​គំរូ និង​គ្រូ​បង្គោល ដែល​មានចំណេះ​ដឹង​បច្ចេកទេស​ភ្ញាស់​ស៊ុតមាន់ និង​ចិញ្ចឹម​មាន់​ច្បាស់លាស់ និង​ចេះ​ធ្វើ​ទំនាក់ទំនង​ទីផ្សារ ក្លាយទៅជា​ក​សិ​-​ពាណិជ្ជករ ​។

ឯកឧត្តម ​វេ​ង សា​ខុន បាន​លើក​ឡើង​ថា ពិត​ណាស់​នេះ​គឺជា​ក្តី​ប្រាថ្នា​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការ​អនុវត្ត​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​វិស័យ​កសិកម្ម ឆ្នាំ ​២០១៩- ២០២៣ ដោយ​ផ្តើម​ចេញពី​កសិករ សមាគម​ន៍ ឬ​សហ​គម តាម​រយៈ​ការ​កសាង​សមត្ថភាព​លើ​ការ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប​ទាន់សម័យ ស្រប​តាម​ការ​ប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​ជា​ពិសេស​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-១៩ ធានា​បាន​សន្តិសុខ​ស្បៀង ឱកាស​ការងារ ប្រាក់​ចំណូល​គ្រួសារ និង​ការ​ប្រកួតប្រជែង ផ្តោត​ជា​សំខាន់​លើ​គុណភាព និង​សុវត្ថិភាព​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​នា​ពេល​អនាគត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ