ខេត្តបន្ទាយមានជ័យ ៖ រថយន្តម៉ាកឡិចស៊ីសមួយគ្រឿងបើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងកំពុងបត់នៅពីមុខ បណ្តាលឱ្យរថយន្តនោះធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើងឡើងលើ ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយសង្គ្រោះទាន់ពេលវេលា ដោយមនុស្ស៤នាក់ដែលជិះក្នុងរថយន្តនោះរួចផុតពីគ្រោះថ្នាក់ ។ ដោយឡែកអ្នកបើកបររងរបួសស្រាល ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្ថិតភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានប្រាប់ឱ្យដឹងថា ភាគីខាងរថយន្តមួយគ្រឿងខាងលើម៉ាកឡិចស៊ីស RX300 បើកបរដោយឈ្មោះ ហ៊ិន រ៉ាសិទ្ធិ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានអ្នករួមដំណើរចំនួន៣នាក់ ក្នុងនោះស្រី២នាក់ និងក្មេងម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកភាគីខាងអ្នកបើកបរម៉ូតូមួយគ្រឿងខាងលើ ក៏មិនស្គាល់អត្តសញ្ញាណដែរ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេឃើញមនុស្សចំនួន៤នាក់បានជិះក្នុងរថយន្តម៉ាកឡិចស៊ីសនោះ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នា ក៏បានបត់ឆ្វេងចូលផ្លូវបឹងជម្រុក ហើយរថយន្តក៏ជ្រុលបុកម៉ូតូ បណ្តាលឱ្យរថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយទឹកផ្ងាជើងឡើង ។
មន្ត្រីនគរបាលចរាចរណ៍ខាងលើបានបន្តថា នៅពេលឃើញហេតុការណ៍កើតឡើងបែបនេះ អ្នកជិតខាងមិនតិចជាង១០នាក់បាននាំគ្នាគាស់ទ្វាររថយន្ត ដើម្បីជួយសង្គ្រោះយកអ្នកជិះក្នុងរថយន្តទាំង៤នាក់ចេញមកក្រៅ រួចផុតពីគ្រោះថ្នាក់ តែបណ្តាលឱ្យខូចខាតរថយន្តស្ទើរទាំងស្រុង ។ ដោយឡែកអ្នកបើកបរម៉ូតូបានរងរបួសស្រាល ។
នៅពេលដែលគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង មន្ត្រីនគរបាលជំនាញបានចុះទៅពិនិត្យភ្លាមៗ ហើយធ្វើការសន្និដ្ឋានថា ភាគីខាងរថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកអ្នកជិះម៉ូតូដែលបត់ពីមុខ បែបនេះតែម្តង ។ រីឯអ្នកបើកបរម៉ូតូក៏បានសុំធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តម៉ាកឡិចស៊ីសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលនៅជិតកន្លែងកើតហេតុ និងអ្នកធ្វើដំណើរតាមផ្លូវ នៅពេលឃើញហេតុគ្រោះថ្នាក់រថយន្តធ្លាក់ចូលប្រឡាយលិចទឹកទាំងគ្រួសារជាប់ក្នុងរថយន្តបែបនេះកើតឡើង ហើយនាំគ្នាជួយគាស់រថយន្តបើកទ្វារសង្គ្រោះជីវិតក្រុមគ្រួសាររបស់គាត់រួចផុតពីគ្រោះថ្នាក់ ដោយម្ចាស់រថយន្តរូបនោះបានលើកម្រាមដៃដប់ សំពះអគុណចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋដែលបានជួយសង្គ្រោះជីវិតក្រុមគ្រួសាររបស់គាត់រួចផុតពីគ្រោះថ្នាក់ ៕
ចែករំលែកព័តមាននេះ