រាជធានីភ្នំពេញ ៖ រថយន្តដឹកដែក១គ្រឿងដែលបម្រើការឱ្យសិប្បកម្មជាន់ថ្នេរពុម្ពមួយកន្លែង បានបើកថយក្រោយចេញពីឃ្លាំង ហើយបានកិនក្មេងប្រុសតូចម្នាក់ដែលអាយុទើបតែជាង៣ខួបប៉ុណ្ណោះ បណ្ដាលឲ្យស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងគួរឲ្យអាសូរ។ ចំណែកអ្នកបើកបរ ក្រោយពីដឹងខ្លួនថាបើករថយន្តថយកិនក្មេងស្លា.ប់បែបនេះក៏បានបើករថយន្តចូលទៅទុកក្នុងឃ្លាំងវិញរួចគេចខ្លួនបាត់ ដោយរកមុខពុំឃើញឡើយ ប៉ុន្តែទោះជាយ៉ាងណា នគរបាលកំពុងធ្វើការស្រាវជ្រាវនិងស្នើសុំឲ្យម្ចាស់សិប្បកម្មខាងលើសហការផងដែរ។
ហេតុការណ៍៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ នៅក្នុងសិប្បកម្មជាន់ថ្នេរពុម្ភ ដែលមានទីតាំងស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងប្រុសដែលរងគ្រោះរហូតដល់បាត់បង់ជីវិតខាងលើនោះឈ្មោះ រ៉េត ពេជ្រសុខបញ្ញា អាយុ៣ខួប២ខែ មានឪពុកឈ្មោះរ៉េត ធារិទ្ធ អាយុ៣២ឆ្នាំ ចំណែកម្តាយឈ្មោះ ពៅ រតនា អាយុ៣០ឆ្នាំ មុខរបរគណនេយ្យ នៅសិប្បកម្មកើតហេតុខាងលើ ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីចំណាស់ម្នាក់ដែលត្រូវជាជីដូនក្មេងប្រុសរងគ្រោះបានរៀបរាប់ថា ឪពុកម្ដាយចៅប្រុសរបស់គាត់ខាងលើបានលែងលះគ្នារយៈពេលជាង១ឆ្នាំកន្លងមកមកហើយ ដោយឪពុកទៅរស់នៅផ្ទះផ្សេង ហើយចៅប្រុសរូបនេះរួមនឹងម្ដាយរបស់គេបានមករស់នៅជាមួយនឹងគាត់នៅម្តុំវត្តសន្សុំកុសល ។ ដោយឡែកមួយរយ:ពេលនេះនៅម្ដុំផ្ទះគាត់មានការផ្ទុះជំងឺកូវីដ១៩ខ្លាំងពេក គាត់មានការព្រួយបារម្ភខ្លាចចៅរបស់គាត់ឆ្លងជំងឺដ៏កាចសាហាវនេះ ទើបសម្រេចចិត្តឲ្យចៅរបស់គាត់មកនៅជាមួយម្តាយរបស់គេវិញនៅកន្លែងធ្វើការ (សិប្បកម្មខាងលើ) មួយរយ:សិន ។ លុះនៅរសៀលថ្ងៃនេះ ស្រាប់តែគាត់បានទទួលដំណឹងថាចៅរបស់គាត់ត្រូវរថយន្តកិនស្លា.ប់ធ្វើឲ្យគាត់ស្លុតចិត្តទន់ដៃទន់ជើងស្ទើរគាំងបេះដូង ខណ:បាត់បង់ចៅប្រុសជាទីស្រលាញ់ត្រឹមតែមួយប៉ព្រិចភ្នែកបែបនេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសខាងលើបាននៅជាមួយម្ដាយនៅក្នុងសិប្បកម្មខាងលើនោះ ហើយខណៈដែលស្ត្រីជាម្ដាយជាប់រវល់ធ្វើការងារភ្លេចខ្លួន ក្មេងប្រុសរូបនេះបានដើរលេងក្នុងសិប្បកម្ម ។ ពេលនោះស្រាប់តែមានរថយន្តដឹកដែក១គ្រឿងបើកថយក្រោយចេញពីឃ្លាំងអត់មើលក៏កិនក្មេងប្រុសរូបនោះ បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង ។ បន្ទាប់មកអ្នកបើកបររថយន្តបានបើកចូលឃ្លាំងវិញ រួចចុះពីលើរថយន្តរត់គេចខ្លួនបាត់ ដោយពុំមាននរណាម្នាក់អះអាងថាបានស្គាល់អត្តសញ្ញាណឡើយ ហើយក្រោយពេលកើតហេតុក្រុមគ្រួសារក្មេងប្រុសរងគ្រោះបានស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយស្រាវជ្រាវរកអ្នកបើកបររថយន្តនិងរកអ្នកទទួលខុសត្រូវក្នុងការស្លា.ប់របស់ក្មេងប្រុសរងគ្រោះរូបនេះ ចំណែកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យកំពុងចាត់ការលើករណីនេះហើយ៕
ចែករំលែកព័តមាននេះ