រាជធានីភ្នំពេញ ៖ គ្រូបង្វឹកថ្មីក្រុមគោព្រៃកម្ពុជាគឺលោក Ryu Hirose ជនជាតិជប៉ុន បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីទទួលបានការទុកចិត្តពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Hondaអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក្លាយជាគ្រូបង្វឹករបស់ក្រុមគោព្រៃកម្ពុជា ។ ជាមួយគ្នានេះលោកប្ដេជ្ញាថា នឹងលះបង់គ្រប់បែបយ៉ាង ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ក្រុមឆ្ពោះទៅរកភាពខ្លាំងលើឆាកអន្ដរជាតិ។
«ខ្ញុំនឹងទទួលខុសត្រូវលើគ្រប់បញ្ហាដែលកើតមានឡើង ទោះបីមានភាពលំបាកឬស្មុគស្មាញយ៉ាងណាក៏ដោយ»។ នេះគឺជាសម្ដីលោក Ryu Hirose គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិកម្ពុជា(ក្រុមគោព្រៃកម្ពុជា)បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសតែងតាំងលោកជំនួសលោក Felix G.Dalmasកាលពីពេលថ្មីៗនេះ។
លោក Ryu Hirose បានបន្ដថា «ចាប់ពីពេលនេះតទៅ ខ្ញុំនឹងលះបង់ខ្លួនប្រាណ ឆន្ទៈរបស់ខ្ញុំ និងយកបទពិសោធ ដែលបានពីអាជីពជាគ្រូបង្វឹកបាល់ទាត់របស់ខ្ញុំទាំងប៉ុន្មាន ដើម្បីជួយបណ្ដុះបណ្ដាលឲ្យកីឡាករមានការអភិវឌ្ឍ រីកចម្រើនទៅមុខ និងកសាងក្រុមមួយដែលខ្លាំង សម្រាប់ប្រកួតប្រជែងជាមួយក្រុមនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ»។
គួរឱ្យដឹងផងដែរថា លោក Ryu Hiroseវ័យ៦៥ឆ្នាំរូបនេះ ត្រូវចាប់ដៃជាមួយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជា រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ប៉ុន្ដែភារកិច្ចចំពោះមុខ លោកត្រូវជ្រើសរើសកីឡាករប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួត ៣ប្រកួតចុងក្រោយ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២ ពូល C នៅប្រទេសបារ៉ែន នាខែមិថុនា ខាងមុខ ៕
ចែករំលែកព័តមាននេះ