រាជធានីភ្នំពេញ ៖ បុរសចំណាស់វ័យ៧៨ឆ្នាំម្នាក់ ដែលបានស្លា.ប់ និងមានវិជ្ជមានវីរុសកូវីដ១៩ផងនោះ ត្រូវបានក្រុមគ្រូពេទ្យចុះទៅទទួលយកសពដល់លំនៅឋានផ្ទាល់ខ្លួនរបស់លោក នៅចំណុចបុរីសូនី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ។
ការចុះទៅយកសពអ្នកជំងឺខាងលើ គេសង្កេតឃើញបងប្អូនសាច់ញាតិមានការរៀបចំធ្វើបុណ្យលក្ខណៈតូចតាចនៅក្នុងផ្ទះ ដោយមានជាការអុជធូបសែន និងរៀបចំក្តារមឈូសរួចរាល់ ដើម្បីតម្គល់សពផងដែរ ។
បើតាមប្រភពមួយនៅកន្លែងកើតហេតុបានឱ្យនៅព្រឹកថ្ងៃទី២៨ មីនានេះឱ្យដឹងថា ៖ មុនពេលស្លា.ប់ បុរសចំណាស់រូបនោះ គាត់មានអាការៈមិនសូវស្រួលក្នុងខ្លួន និងក្តៅខ្លួនខ្លាំង ជាហេតុធ្វើឱ្យគាត់ទៅមន្ទីរពេទ្យរុស្ស៊ីដើម្បីពិនិត្យជំងឺ និងធ្វើការយកសំណាកដើម្បីតេស្តិ៍រកមេរោគកូវីដ១៩ផងដែរ ។ ក្រោយការយកសំណាកហើយនោះ ក្រុមគ្រូពេទ្យបានអនុញ្ញាត្តិឱ្យគាត់ត្រឡប់ទៅផ្ទះវិញ និងបានណែនាំឱ្យគាត់ធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ រង់ចាំលទ្ធផលសំណាករបស់ក្រុមគ្រូពេទ្យនៅពេលក្រោយ ។
ប្រភពដដែលបានប្រាប់បន្តថា លុះរហូតដល់វេលាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បុរសចំណាស់ខាងលើក៏បានស្លា.ប់ទាំងដែលលទ្ធផលសំណាកមិនទាន់ចេញ ។ ខណៈពេលស្លា.ប់ភ្លាមៗ បងប្អូនសាច់ញាតិក៏បានរៀបចំរោងធ្វើបុណ្យលក្ខណៈទ្រង់ទ្រាយតូច តែត្រូវបានក្រុមអាជ្ញាធរមូលដ្ឋានចុះធ្វើការឃាត់តែម្តង មិនតម្រូវឱ្យមានការប្រមូលផ្តុំឡើយ ។
ប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយការហាមឃាត់ សាច់ញាតិបុរសរងគ្រោះ ក៏បានធ្វើបុណ្យនៅខាងក្នុងផ្ទះ ដោយមានសមាជិកតែ៣ ឬ៤នាក់ប៉ុណ្ណោះ ។ លុះដល់វេលាយប់ឡើង លទ្ធផលសំណាកក៏ចេញមកឃើញថា គាត់មានវិជ្ជមានកូវីដ១៩ ក៏ត្រូវក្រុមគ្រូពេទ្យចុះទៅដឹកសពចេញពីផ្ទះរបស់គាត់តែម្តងទៅ ។
សូមបញ្ជាក់ថា ក្រោយការដឹកសពចេញហើយនោះ គេសង្គេតឃើញក្រុមគ្រូពេទ្យបានប្រើម៉ាស៊ីនបាញ់សម្លា.ប់មេរោគជុំវិញភូមិសាស្ត្រនៃតំបន់ខាងលើផងដែរ ដើម្បីកុំឱ្យមានមេរោគនៅសាយភាយនៅទីនោះ ។
ដោយឡែក ចំពោះបងប្អូនសាច់ញាតិដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ គឺតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ពួកគេរៀងៗខ្លួន ដោយមានកម្លាំងសាធារណៈចូលរួមយាមកាមកន្លែងចត្តាឡីស័កនីមួយៗផងដែរ ។ គួរបញ្ជាក់ទៀតថា នេះគឺជាអ្នកជំងឺទី៣ហើយដែលបានស្លា.ប់ ដោយសារជំងឺកូវីដ១៩ សម្រាប់ភូមិសាស្ត្រនៃខណ្ឌមានជ័យ ៕
ចែករំលែកព័តមាននេះ