ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា កំពុង​ជំរុញវិស័យ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឱ្យ​ប្រែ​ក្លាយទៅជា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ក្នុង​ពេល​អនាគត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​ ២៥ ខែមីនា ឆ្នាំ ​២០២១ ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​កម្មវិធី​ពង្រឹងក្របខ័ណ្ឌ​សមាហរណកម្ម (Enhanced Integrated…

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​ ២៥ ខែមីនា ឆ្នាំ ​២០២១ ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​កម្មវិធី​ពង្រឹងក្របខ័ណ្ឌ​សមាហរណកម្ម (Enhanced Integrated Framework-EIF) បាន​រៀបចំ​សិក្ខាសាលា​តាម​ប្រព័ន្ធ​វី​ឌី​អូ​ស្តី​អំពី «​នវានុវត្តន៍ ផែនការ​ស្តារ​ឡើង​វិញ វិ​វត្ត​កម្ម​ឌី​ជី​ថ​ល ឆ្ពោះទៅ​រក​ការ​ធ្វើ​ពាណិជ្ជកម្ម ដែល​មាន​លក្ខណៈ​បរិ​យា​ប័ន្ន និង​ប្រកបដោយ​និរន្តរភាព​» ក្នុង​វេទិកា​ត្រួតពិនិត្យ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ ២០២១ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ។

លោក​ជំទាវ តឹក​រ៉េ​ត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​នេះ​ថា សិក្ខាសាលា​នេះ​គឺ​ក្នុង​គោលបំណង​ចែករំលែក និង​រំលេច​ទស្សនៈ​របស់​កម្ពុជា ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ជា​ពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ក្នុង​ការ​អភិវឌ្ឍ និង​ប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក្នុង​កំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​ ១៩ ក៏​ដូច​ជា​ចូលរួម​វិភាគទាន​ដល់​ការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​ពេល​អនាគត ​។ សិក្ខាសាលា​តាម​ប្រព័ន្ធ​វី​ឌី​អូ​នេះ ចូលរួម​ជា​វាគ្មិន​ពី​តំណាង​ក្រសួងពាណិជ្ជកម្ម តំណាង​អង្គការ UNDP នៅ​កម្ពុជា តំណាង​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​អូស្ត្រាលី តំណាង​របស់​ក្រុមហ៊ុន Khmum eShop និង​សាធារណៈជន​សរុប​ចំនួន ១៦៥ នាក់​ ។

លោក​ជំទាវ​បាន​បន្ត​ថា ក្រសួងពាណិជ្ជកម្ម​បាន​អនុវត្ត​គោលនយោបាយ ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ​៦ ពិសេស «​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​រីក​ចម្រើន នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ឆ្លើយ​តប​ទៅ​នឹង​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​៤.០» ក្នុង​មុំ​ទី ​៣ ចតុកោណ​ទី ​២ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ​៤​ ។ ក្រសួង​បាន​រៀបចំ​ច្បាប់​ស្ដី​ពី​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​បង្កើត​ជា​មូលដ្ឋាន​ច្បាប់ សម្រាប់​អភិវឌ្ឍន៍​វិស័យ​នេះ ព្រមទាំង​បាន​ចរចា​លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​ផង​ដែរ ​។ ជាមួយ​នោះ​ដែរ ដើម្បី​បង្កើត​ជា​ផែនទី​បង្ហាញផ្លូវ សម្រាប់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក្នុង​រយៈពេល​ខ្លី និង​មធ្យម ក្រសួង​ក៏​បាន​រៀបចំ និង​អនុវត្ត​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក៏​ដូច​ជា​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា (Go4eCAM) ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​តម្រូវ នៃ​ការ​ជឿនលឿន និង​ការ​ចាប់​យក​យ៉ាង​ឆាប់រហ័ស នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ព្រមទាំង​បង្កើន​ឱកាស​សេដ្ឋកិច្ច​សម្រាប់​សហគ្រាស​កម្ពុជា ក្នុង​ការ​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ជា​ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ជា​ស្ត្រី​និង​យុវជន​ផង​ដែរ​ ។

លោក​បណ្ឌិត Ratnakar Adhikari បាន​រំលេច​ពី​ការ​គាំទ្រ​ជា​ជំនួយ សម្រាប់​ពាណិជ្ជកម្ម ដែល​បាន​ផ្តល់​ទៅ​ប្រទេស អភិវឌ្ឍន៍​តិចតួច រួម​ទាំង​កម្ពុជា​ផង​ដែរ​ក្រោម​កម្មវិធី EIF ដើម្បី​ពង្រឹង​ខ្លួន​សម្រាប់​ចូលរួម ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ ក៏​ដូច​ជា​ការ​ប្រែក្លាយ​ទៅ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ ។ កម្មវិធី EIF បាន​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​របស់​ខ្លួន​តាម​រយៈ​គម្រោង​ជា​ច្រើន ហើយ​តែងតែ​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​គំរូ​ក្នុង​ការ​អនុវត្ត​គម្រោង​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ក្រោម​កម្មវិធី EIF ​។ ក្រៅពី​នោះ វាគ្មិន​ទាំងអស់​នៃ​សិក្ខាសាលា​តាម​ប្រព័ន្ធ​វី​ឌី​អូ​នេះ បាន​ធ្វើ​បទ​បង្ហាញ​ពី​ចូលរួម​គាំទ្រ​របស់​វិស័យ​សាធារណៈ លើ​វិស័យ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក តួនាទី និង​ការ​រីក​ចម្រើន​របស់​វិស័យ​ឯកជន ការ​រួមចំណែក ពី​អង្គការ​អ​ភ​វិ​ឌ្ឍ​ន៍តា​មរយៈ គំនិត​ផ្តួចផ្តើម​នានា និង​ការ​ចូលរួម​ឧបត្ថម្ភ​ពី​ប្រទេស ដែល​ជា​ដៃគូ​អភិវឌ្ឍន៍ ក្នុង​ការ​គាំទ្រ​កម្មវិធី​នានា​ក្នុង​តំបន់ និង​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា​។ សិក្ខាសាលា​តាម​ប្រព័ន្ធ​វី​ឌី​អូ​នេះ បាន​បើកឱកាស​ឱ្យ​មាន​កិច្ច​ពិភាក្សា​យ៉ាង​ផុសផុល​រវាង​វាគ្មិន និង​អង្គ​សិក្ខាកាម​ទាំងមូល និង​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ