ពហុ​កីឡដ្ឋាន​ត្រៀម​ស៊ី​ហ្គេ​ម​2023​ សម្រេច​ផែនការ​តាម​គម្រោង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុ​កីឡដ្ឋាន​ត្រៀម​ស៊ី​ហ្គេ​ម​2023​ សម្រេច​ផែនការ​តាម​គម្រោង

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ស្ថានភាព​កូ​វី​ដ​-១៩ កាន់តែ​ផ្ទុះ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បណ្ដា​គម្រោង​សាងសង់មួយ​ចំនួន​ត្រូវ​គេ​ឃើញ​ផ្អាក ឬ​មានការ​លុប​ចោល​នោះ​ផង ។ ក្នុង​នោះ​មានការ​ភ័យ​បារម្ភ​មិន​តិច​ទេ ដោយសារ​តែ​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ស្ថានភាព​កូ​វី​ដ​-១៩ កាន់តែ​ផ្ទុះ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បណ្ដា​គម្រោង​សាងសង់
មួយ​ចំនួន​ត្រូវ​គេ​ឃើញ​ផ្អាក ឬ​មានការ​លុប​ចោល​នោះ​ផង ។ ក្នុង​នោះ​មានការ​ភ័យ​បារម្ភ​មិន​តិច​ទេ ដោយសារ​តែ​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ គឺ​សុទ្ធតែ​ត្រូវការ​អ្នកឯកទេស​ជំនាញ​មក​ពី​ប្រទេស​ចិន ដែល​ក្នុង​ពេល​នេះ​ត្រូវ​គេ​ដឹង​ថា មានការ​ប៉ះពាល់​រឿង​ពិបាក​ឡើង​ចុះ​គ្នា ។ យ៉ាងណា​ក៏​ដោយ ទិន្នន័យ​បង្ហាញ​ចុង​ក្រោយ​នៅ​ចុងខែ​មីនា​នេះ គឺ​គម្រោង​សាងសង់​នៅ​ពហុ​កីឡដ្ឋាន​មួយ​នេះ អត់​មានការ​ពន្យារពេល ឬ​ប៉ះពាល់​ទេ ផ្ទុយ​ទៅ​វិញ គឺ​មាន​តែ​ត្រូវ​បាន​បញ្ចប់​តាម​ការ​គ្រោងទុក​។

បើ​ទោះបីជា​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ នៅឡើយ​ក្តី ប៉ុន្តែ​ដំណើរការ​សាងសង់​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​ដំណើរការ​ដោយ​រលូន ហើយ
នឹង​សម្រេច​បាន​តាម​ផែនការ​ដែល​បាន​គ្រោងទុក ខណៈ​ការ​បំពាក់​កៅអី​សម្រេច​បាន​ជាង​១២.០០០​កៅអី​ហើយ គិត​មក​ដល់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​បង្ហាញ​ពី​ការ​សាទរ​យ៉ាង​ខ្លាំង ដែល​គម្រោង​សាងសង់​ទាំងមូល​កាន់តែ​ត្រូវ​បាន​ព​ន្លឿ​ន ហើយ​ជាង​ជំនាញ​ទាំង​ខ្មែរ និង​ចិន បាន​ពុះពារ​រួម​គ្នា​សម្រេច​ផែនការ​នេះ​ឡើង ធ្វើ​ឱ្យ​លោក​មើលឃើញ​ពី​ការ​ទទួលខុសត្រូវ​មួយ​ដ៏​ល្អ​ក្នុង​ការងារ​មួយ​នេះ​។

មក​ដល់​ពេល​នេះ បច្ចុប្បន្នភាព​នៃ​ដំណើរការ​សាងសង់​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កំពុង​បន្ត​ការ​សាងសង់​ដោយ​រលូន​ជា​ប្រក្រតី ដោយ​អាច​និយាយ​បាន​ថា គឺ​អាច​នឹង​បញ្ចប់​ការ​សាងសង់​នា​អំឡុង​ចុងខែ​ឧសភា ឆ្នាំ​២០២១ ។ លោក​ថា ទីលាន​បាល់ទាត់ គឺជា​គម្រោង​ដ៏​សំខាន់ ដែល​មានការ​ភ័យ​បារម្ភ​ថា ធ្វើ​មិន​ទាន់ តែបើ​តំបន់​សំខាន់​នេះ​រួចរាល់​តាម​ការ​គ្រោងទុក នោះ​គឺជា​រឿង​សម្រេច​តាម​ផែនការ​ហើយ ។

លោក​បន្ត​ថា ពេល​នេះ ការ​បំពាក់​កៅអីអង្គុយ​សម្រាប់​កីឡដ្ឋាន​ធំ (Main Stadium) សម្រេច​បាន​ជាង​១២.០០០​កៅអី​ហើយ គឺ​នៅ​សល់​តែ​ជាង​៤០.០០០​កៅអី​ទៀត​ប៉ុណ្ណោះ ដោយ​ក្នុង​១​ថ្ងៃ​ៗ ការ​បំពាក់​កៅអី សម្រេច​បាន​ប្រមាណ​៨០០​កៅអី ហើយនឹង​អាច​រួចរាល់​ជា​ស្ថាពរ​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០២១​។ ចំពោះ​ការ​ដាំ​ស្មៅ​លើ​ទីលាន​បាល់ទាត់ គឺ​បាន​ដាំ​ពេញទី​លាន​រួចរាល់​ហើយ នៅ​សល់​តែ​ផ្លូវ​រត់​អត្តពលកម្ម​អម​ជុំវិញ​ទីលាន​បាល់ទាត់​ប៉ុណ្ណោះ ដែល​តាម​ផែនការ​រៀបចំ​តុបតែង​នានា កំពុង​ព​ន្លឿ​ន​ឲ្យ​បាន​ឆាប់រហ័ស​ផង​ដែរ ។ លោក​អគ្គលេខាធិការ​បន្ថែម​ថា ខាង​ភាគី​ចិន​កំពុង​ព​ន្លឿ​ន​ផែនការសាងសង់​នេះ​ឲ្យ​បាន​ឆាប់រហ័ស ដោយ​ទាំង​វិស្វករកម្មករ​ចិន​-​ខ្មែរ​ទាំងអស់ ត្រូវ​បាន​អនុវត្ត​វិធានការ
បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចេញចូល​នោះ​ទេ ពោល​គឺ​អ្នកធ្វើការ​សាងសង់​កីឡដ្ឋានធំ​នេះ ស្នាក់​នៅ ហូប​ចុក នៅ​ទី​នេះ​តែ​ម្តង​។ នេះ​គឺជា​ដំណើរការ​វឌ្ឍនភាព​ការងារ​នៃ​ការងារ​សាងសង់​ពហុ​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ។

សូម​បញ្ជាក់​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​កន្លែង​រៀបចំ​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ហើយ​ក៏​ជា​កន្លែង​ប្រកួត​កីឡា​មួយ​ភាគ​ធំ​នៅ​ទីនោះ​ដែរ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ។ ជាមួយនឹង​គម្រោង​ជិត​រួចរាល់ នៃ​ពហុ​កីឡដ្ឋាន​មួយ​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ងាយស្រួល​ក្នុង​ការ​ត្រៀមខ្លួន ដើម្បី​ទទួល​រៀបចំ​ស៊ី​ហ្គេ​ម​២០២៣ ថ្វី​ដ្បិតតែ​ក្នុងអំឡុងពេល​នេះ ជំងឺ​កូ​វី​ដ​-១៩​រីក​រាលដាល​ខ្លាំង​ពាសពេញ​ពិភពលោក ហើយ​មិន​ទាន់​ស្ងប់ស្ងាត់ ។ លោក​ថា ពហុ​កីឡដ្ឋាន​នេះ ក្រោយ​ពេល​រួចរាល់ គឺ​នឹង​បើកទ្វារ​ឱ្យ​ចូល​ទស្សនា​នោះ​ផង ដើម្បី​ដឹង​ពី​ការ​ប្រឹងប្រែង​ទម្រាំ​តែ​ចេញ​រូបរាង​៕