ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាំ​ដុះ​របស់​កសិករ​ភាគច្រើន​លើស​ផែនការ ​ក្នុង​ពេល​កូ​វី​ដ​-១៩ ​រាតត្បាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិត​មក​ត្រឹម​ថ្ងៃ​ទី​ ២៥ ខែមីនា ឆ្នាំ ​២០២១ ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​នៅ​ទូ​ទាំង​ប្រទេស​សម្រេច​ធ្វើការ​ស្ទូង និង​ព្រោះ​បាន​លើ​ផ្ទៃដី​ចំនួន ៦៤៩…

រាជធានីភ្នំពេញ ៖ គិត​មក​ត្រឹម​ថ្ងៃ​ទី​ ២៥ ខែមីនា ឆ្នាំ ​២០២១ ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​នៅ​ទូ​ទាំង​ប្រទេស​សម្រេច​ធ្វើការ​ស្ទូង និង​ព្រោះ​បាន​លើ​ផ្ទៃដី​ចំនួន ៦៤៩ ៥៣៩ ហិ​កតា ស្មើនឹង ១៤២,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហិ​កតា លើស​ពី​ឆ្នាំ​មុន ៥២ ០៣១ ហិ​កតា ។ ចំណែក​ដំណាំ​ផ្សេង​ក្រៅពី​ស្រូវ​ក៍​ការ​ដាំ​ដុះ​លើស​ផែនការ​ដែល​នៅ​ក្នុង​ពេល​កូ​វី​ដ ​១៩​ រាតត្បាត​នេះ ​។ នេះ​បើ​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ឲ្យ​ដឹង ​។

បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី ការងារ​បង្កបង្កើន​ផល​ផ្សេង​ក្រៅពី​ស្រូវ ដូច​ជា​ពោតស​, ដំឡូងជ្វា​, បន្លែ​គ្រប់មុខ​, ម្ទេស​, ឪឡឹក ជាដើម​នោះ អនុវត្ត​បាន​ចំនួន ៣៨ ១៧០ ហិ​កតា ស្មើនឹង ១០២,៣០% នៃ​ផែនការ ៣៧ ៣១២ ហិ​កតា លើស​ឆ្នាំ​មុន ៥៤៤ ហិ​កតា ។​ ចំណែក​ដំណាំ​ឧស្សាហកម្ម ដូច​ជា ពោតក្រហម ដំឡូង​មី​, សណ្តែកបាយ​, សណ្តែកដី​, សណ្តែកសៀង​, ល្ង​, អំពៅ​, ក្រចៅ​, ថ្នាំជក់ និង​ឈូក អនុវត្ត​បាន​ចំនួន ៨៩ ៨៦៤ ហិ​កតា ស្មើនឹង ១០៥,៥៤% នៃ​ផែនការ ៨៤ ៧៧០ ហិ​កតា លើស​ឆ្នាំ​មុន ១០ ១៩០ ហិ​កតា ។

ឯកឧត្ត​ម វេ​ង សា​ខុន បាន​បញ្ជាក់​ថា ការងារ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​ឆ្នាំ ​២០២១ នេះ​សម្រេច​បាន​ចំនួន ៤៨៦ ៦៤៦ ហិ​កតា ស្នើ​នឹង ៧៤,៩២% នៃ​ផ្ទៃដី​អនុវត្ត​បាន​សរុប​ចំនួន ៦៤៩ ៥៣៩ ហិ​កតា ដោយ​ទទួល​បាន​បរិមាណ​ផល​សរុប​ចំនួន ២ ១៧៥ ១៩៧ តោន ក្នុង​នេះ​ទទួល​បាន​ទិន្នផល​ជា​មធ្យម​ប្រមាណ​ជា ៤,៤៧ តោន​ក្នុង​មួយ​ហិ​កតា ។ «ជា​រួម ការងារ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវប្រាំង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ នៅ​ទូ​ទាំង​ប្រទេស ។ ទន្ទឹម​នឹង​នេះ ក្រសួង​បាន​បន្ត​ជំរុញ​ដល់​កសិករ​ឲ្យ​ត្រៀមលក្ខណៈ​ការងារ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវវស្សា​ដែល​នឹង​ចូល​មក​ដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដូច​ជា​ការ​ពង្រាប​ដីស្រែ ការ​ភ្ជួរ​រាស់​ដី និង​ការ​ត្រៀម​ពូជស្រូវ​ជាដើម​» ។

លោកស្រី​ និមល កសិករ​នៅ​ខេត្តសៀមរាប​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​ ១៩ ​នេះ កម្លាំងធ្វើ​កសិកម្ម នៅ​មូលដ្ឋាន​លោកស្រី មាន​ច្រើន ដោយសារ​តែ​ពលរដ្ឋ​មិន​អាច​ចាក​ចេញពី​ភូមិ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​នៅ​ភ្នំពេញបាន ​។ ដូច្នេះ​ពលរដ្ឋ​ជា​ច្រើន បាន​ចុះ​ធ្វើស្រែ ដាំ​បន្លែ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​កសិផល​កសិករ​ដាំ​ដុះ​បាន​ភាគច្រើន​ចុះថោក គ្មាន​ទីផ្សារ នៅ​ពេល​កម្មវិធី​ជួបជុំ​នានា ដូច​ជា​ពិ​ធិ​ការ និង​បុណ្យ​ទាន​ផ្សេង​ៗ​មិន​អាច​រៀបចំ​បាន ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ ​១៩​ នោះ ​។ កសិករ​នៅ​ខេត្តសៀមរាប​អះអាង​ថា​នៅ​ពេល​កសិផល​ចុះថោក បាន​បង្កើន​ការ​លំបាក​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន ក្នុង​ការ​រក​ប្រាក់​សងបំណុល​ធានា​គារ បាន​ខ្ចី​គេ​មក​ដាំ​ដុះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ