ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល បន្តវិធានការបន្ថែម ៣ខែទៀត ចាប់ពីខែមេសា-មិថុនា ដើម្បីស្ដារ និងជំរុញ​កំណើនសេដ្ឋកិច្ច ឆ្លើយតបនឹងវិបត្តិកូវីដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រង​ផលប៉ះពាល់​លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍​នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិ​នៃជំងឺកូវីដ១៩។…

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រង​ផលប៉ះពាល់​លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍​នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិ​នៃជំងឺកូវីដ១៩។ វិធានការបន្ថែមរយៈពេល ៣ខែ ចាប់ពីខែមេសា-មិថុនា​នេះ ជាជុំទី៨ ហើយ គិតចាប់ពីខែមិថុនា ឆ្នាំ២០២០​។​

សេច​​ក្តី​​ប្រកាស ចេញ​ផ្សាយ​​នៅ​ថ្ងៃ​ទី​២៥​ ខែ​​មីនា​​​នេះ​ ​បានលើកនូវវិធានការជុំទី៨ ដែលត្រូវបានរៀបចំឡើង រួមមាន៖ ១.វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផល​ធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍​។ នោះគឺរាជរដ្ឋាភិបាល បន្ត​ផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិក ក្នុង១ខែ សម្រាប់កម្មករ​និយោជិត ម្នាក់ ក្នុងវិស័យកាត់ដេរ។ ចំណែកម្ចាស់រោងចក្រសហគ្រាស ត្រូវបន្ថែម ៣០ដុល្លារ សម្រាប់កម្មករនិយោជិត ម្នាក់។ ជាសរុបកម្មករនិយោជិតម្នាក់ ទទួលបាន ៧០ដុល្លារអាមេរិក បើសិនជារោងចក្រ​សហគ្រាសនោះ បិទ​ទ្វារ​​ លែង​ដំណើរ​ការ​​។ រីឯ​វិស័យ​ទេស​ចរណ៍​ ដូច​ជា​ សណ្ឋាគារ ផ្ទះសំណាក់ ភោជ​នីយ​ដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។

នៅចំណុចនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចបន្តលើកលែង​ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍។ បន្ត​លើកលែង​ការបង់​ភាគទាន​របបសន្តិសុខសង្គម ផ្នែកហានិភ័យ​ការងារ និងផ្នែកថែទាំ​សុខភាព​នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។

ចំណែក​វិធានការ​បន្តជួយវិស័យអាកាសចរណ៍ ក៏ត្រូវបានរាជរដ្ឋាភិបាល លើកឡើងថា បន្ត​លើកលែង​ការបង់ពន្ធ​អប្បបរមា សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះ​បញ្ជីនៅកម្ពុជា។ បន្តពន្យារពេលការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែ​មិថុនា ឆ្នាំ២០២១ ជាមួយនឹងការអនុញ្ញាត​ឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់​ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ​។

រាជរដ្ឋាភិបាល ក៏បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១​។

ក្នុងសេចក្តីប្រកាសដដែលនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសបន្តណែនាំដល់ក្រសួង ស្ថាប័នរដ្ឋ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់អគារទីតាំង​អាជីវកម្ម និងរោងចក្រ ជួយសម្រួល​ដល់ភាគីអ្នកជួល ដោយជៀសវាង​ការបញ្ឈប់​កិច្ចសន្យា ឬការបណ្តេញចេញ ក្នុងករណី ដែល​ភាគីអ្នកជួល​មិនមានលទ្ធភាព​បង់ថ្លៃ​សេវាជួល បានទាន់ពេលវេលា។

រាជរដ្ឋាភិបាល ក៏សូមលើកទឹកចិត្តដល់ភាគីម្ចាស់អាគារទីតាំង​អាជីវកម្ម និងរោងចក្រ ចរចាជាមួយ​នឹង​ភាគីអ្នកជួល លើការពន្យារពេលនៃការបង់ថ្លៃសេវាជួល និងការប្រែប្រួលថ្លៃ​សេវាជួលជាយថាហេតុ​។

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏សូមអំពាវនាវ​ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ​ទាំងអស់ ចូលរួមអនុវត្ត​តាមស្មារតីនៃ​សេចក្តីប្រកាសរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ស្តីពី​លទ្ធផលកិច្ចប្រជុំស្តីពី បញ្ហាអចលនវត្ថុ​នៅកម្ពុជា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១​៕