ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ នាំ​អំណោយ​ជូន​ដល់​ក្រុម​គ្រួសារ​តារាចម្រៀង​នាង សួ​ស វី​ហ្សា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​ស្បៀង​អាហារ​​ទៅ​ផ្ដល់​ជូន​ដល់​សមាជិក​ក្រុម​គ្រួសារ​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស អ្នក​នាង…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​ស្បៀង​អាហារ​​ទៅ​ផ្ដល់​ជូន​ដល់​សមាជិក​ក្រុម​គ្រួសារ​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស អ្នក​នាង សួ​ស វី​ហ្សា ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន ស្ថិត​ក្នុង​បុរី ប៉េង ហួត (​ផ្លូវ​៥៩៨) ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​P១១ ភូមិ​ខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ព្រមទាំង​ប្រជាពលរដ្ឋ​ចំនួន ៩​គ្រួសារ​ទៀត ដែល​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ។

ការ​ចុះ​សាកសួរ​សុខទុក្ខ​នេះ បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ ២០២១ នេះ នឹង​មានការ​ចូលរួម​ពី​លោកស្រី សួ​ស សូលី​ដា អភិបាលរង​ខណ្ឌ ព្រមទាំង​អស់លោក លោកស្រី ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ និង​កង​កម្លាំងប្រដាប់អាវុធ​ផង​ដែរ​។

​តាម​អាជ្ញាធរ​បានអោយ​ដឹង​ថា ទីតាំង​ច​ត្តា​ឡី​ស័ក​របស់​ក្រុម​គ្រួសារ​តារាចម្រៀង​ខាងលើ​នេះ ត្រូវ​បាន​អាជ្ញាធរ​បិទ​ជា​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​អ្នកជំងឺ​ឈ្មោះ សួ​ស ស្រី​ផល ភេទ​ស្រី អាយុ​៣១​ឆ្នាំ ដែល​គេ​ស្គាល់​ថា ជា​អ្នក​នាង សួ​ស វី​ហ្សា តារាចម្រៀង​ដ៏​ល្បីល្បាញ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស មាន​វិជ្ជមាន​នឹង​មេរោគ​កូ​វី​ដ​១៩ ក្រោយ​ពី​ការ​តេស្ត​លើក​ទី​៣​រួច​មក​នោះ​។

អាជ្ញាធរ​បាន​បន្ត​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នក​នាង សួ​ស វី​ហ្សា មាន​ចំនួន​០៨​នាក់ ក្នុង​នោះ​រួម​មាន ស្វាមី កូន និង​សាច់ញាតិ​របស់​អ្នក​នាង ដែល​កំពុង​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុង​លំនៅ​ដ្ឋា​ន ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​ធ្វើតេស្ដ​រក​មេរោគ​កូ​វី​ដ​១៩​ជា​បន្ត និង​ត្រូវ​បានអោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​ទីតាំង​ខាងលើ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជា​បន្ត​ទៀត​។

នៅ​រសៀល​នោះ​ដែរ គណៈ​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ក៏​បាន​ដឹកនាំ​មន្ត្រីរាជការ​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​ក្រុម​គ្រួសារ ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ទៀត ដែល​កំពុង​តែ​ធ្វើ​ចត​ត្តា​ឡី​ស័ក នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ចុះ​ទៅ​ចែក​ស្បៀងអាហារ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ទីតាំង​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​បាន​វិជ្ជមាន​នឹង​មេរោគ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ចំនួន​០៦​ទីតាំង រួម​មាន ៖ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ចំនួន​១​ទីតាំង​,​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ចំនួន​២ ទីតាំង​, សង្កាត់​ស្វាយប៉ាក​ចំនួន​១ ទីតាំង​, សង្កាត់​ប្ញ​ស្សី​កែវ ចំនួន​១ ទីតាំង និង​សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ចំនួន​១ ទីតាំង​ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១០​គ្រួសារ ។

អំណោយ​ដែល​បាន​ឧបត្ថម្ភ​ជា​ស្បៀងអាហារ​ជូន​ដល់​បងប្អូន​ទាំង​១០​គ្រួសារ អំណោយ​សរុប​រួម​មាន អង្ករ​ចំនួន ១៩០​គីឡូក្រាម​,​មី ០១ កេស ,​ទឹកក្រូច ០១​កេស​, ទឹកស៊ីអ៊ីវ ១០​យួរ​,​ទឹកត្រី​១០​យួរ​,​ភេសជ្ជៈ​១០​យួរ​,​ឃី​ត​១០​កញ្ចប់ (​គ្រឿង​ឧបភោគបរិភោគ​០៧​មុខ​) និង​ត្រីងៀត​១០ គីឡូ​ក្រាម។

ក្នុង​ឱកាស​នោះ លោក ជា ពិសី អភិបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

លោក​អភិបាល​បាន​បន្ត​ទៀត​ថា នៅ​ពេល​នេះ អ្នកជំងឺ សួ​ស វី​ហ្សា និង​អ្នកជំងឺ​ដទៃ​ទៀត បាន​មាន​វិជ្ជមាន​នឹង​មេរោគ​កូ​វី​ដ​១៩​ហើយ ដូច្នេះ​សូម​អោយ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​អ្នកជំងឺ​ទាំងអស់​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​ក្នុងផ្ទះ​ជាមួយ​គ្នា សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត ត្រូវ​តែ​អនុវត្ត​វិធានការ​ដ៏​ខ្ពស់​ខ្ពស់​បំផុត និង​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដែល​ដាក់​ចេញ​ដោយ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា ៣ ការពារ ៣ កុំ និង ២ ចូលរួម អោយ​បានជា​ដាច់ខាត រួម​មាន ៖

៣ ការពារ គឺ​ការ​ពាក់​ម៉ាស់ ការ​លាងដៃ​នឹង​អាកុល​ឬ​ជែ​ល និង​ការ​រក្សា​គម្លាត​សង្គម​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើង​ទៅ និង​៣ កុំ គឺ​កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ឬ​កន្លែង​ម៉ាស៊ីនត្រជាក់ កុំទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉​ពាល់​គ្នា (​គ្រប់​រូបភាព​) និង​ចុង​ក្រោយ​២​ចូលរួម គឺ​ការ​ចូលរួម​ស្កេ​ន ឃ្យូ​អរ​កូដ និង​ការ​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ វិធាន​ទាំង​អស់នេះ​ជា​ឱសថ​ទិព្វ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ ជា​ពិសេស ជា​អាវុធ ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ អោយ​ផុតរលត់​ឆាប់​ៗ​។

លោក​ជា ពិសី ក៏​បាន​ផ្តាំផ្ញើ​អោយ​បងប្អូន​បន្ត​ថែទាំ សុខភាព​រៀង​ៗ​ខ្លួន ប្រសិនជា​មាន​បញ្ហា​អ្វីមួយ សូម​បងប្អូន​ទាក់ទង​មក​កាន់​មន្ត្រី និង​កងកម្លាំង ដែល​កំពុង​ប្រចាំការ​ស្រាប់​។ ស្បៀងអាហារ​ដែល​បាន​នាំ​យក​ចែក​ជូន​ដល់​បងប្អូន​នា​ឱកាស​នេះ វា​បន្តិចបន្ដួច​ប៉ុណ្ណោះ ប៉ុន្តែ​ជា​ទឹកចិត្ត​អាណិត​ស្រលាញ់ និង​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ចំពោះ​បងប្អូន ដោយសារ​បងប្អូន​ទាំងអស់​គឺជា​ជន​រង​គ្រោះ ដូច​ច្នេះ​ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន យើងខ្ញុំ​មិន​ទុក​បងប្អូន​ចោល​ដោយ​ឯកោ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ