ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​បន្ថែម​មុខងារ Chrome Extensions ជា​ច្រើន​ទៀត​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ

3 ឆ្នាំ មុន

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Cato Networks បាន​រក​ឃើញ​កម្មវិធី​បន្ថែម​មុខងារ Chrome Extensions ចំនួន​២៤​ទៀត ដែល​មាន​ផ្ទុកមេរោគ ដែល​អាច​ឱ្យ​ពួក​ជនខិលខូច​លួច​ទាញ​យក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់…

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Cato Networks បាន​រក​ឃើញ​កម្មវិធី​បន្ថែម​មុខងារ Chrome Extensions ចំនួន​២៤​ទៀត ដែល​មាន​ផ្ទុកមេរោគ ដែល​អាច​ឱ្យ​ពួក​ជនខិលខូច​លួច​ទាញ​យក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ ឬ​បើក​គេហទំព័រ​ដទៃ​ទៀត​ដែល​មាន​ផ្ទុកមេរោគ ហើយ​ក្រុមហ៊ុន​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក Etay Maor ដែល​ជា​អ្នក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា កម្មវិធី​បន្ថែម​ទាំងនេះ​អាច​ជា​ហានិភ័យ​សម្រាប់​អ្នក​ប្រើប្រាស់ និង​ក្រុមហ៊ុន​ព្រោះ​ជនអនាមិក​អាច​លួច​យកឈ្មោះ​សម្គាល់​គណនី លេខ​សម្ងាត់ ឬ​ទិន្នន័យ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​សំខាន់​ៗ​ជា​ច្រើន​ទៀត ។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា ទោះបីជា​លោក​ពុំ​បានដឹង​អំពី​ចំនួន​ភាគរយ​របស់​កម្មវិធី​បន្ថែម​មុខងារ Chrome Extensions ដែល​មាន​ផ្ទុកមេរោគ​នោះ​ក្ដី ប៉ុន្តែ​លោក​គិត​ថា​ចំនួន​នោះ​គឺ​វា​មាន​ច្រើន​ជាង​កម្មវិធី Web browser ដទៃ​ទៀត​មាន​ដូច​ជា Safari និង Firefox ដោយសារ​តែ​កម្មវិធី Chrome មាន​ចំនួន​អ្នក​ប្រើប្រាស់​ច្រើន​ជាងគេ​។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ខែកុម្ភៈ​ដើមឆ្នាំ​នេះ​ក្រុមហ៊ុន Google ក៏​បាន​លុប​ចោល​កម្មវិធី​បន្ថែម​មុខងារ​ចំនួន​ប្រមាណ ៥០០ ក្រោយ​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​។ កម្មវិធី​ទាំងនោះ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​ទាញ​យក​ប្រមាណ ១.៧​លាន​ដង មុន​ពេល​ត្រូវ​បាន​លុប​ចោល​នោះ​។

ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​កុំព្យូទ័រ​របស់​លោក​អ្នក​ប្រកបដោយ​សុវត្ថិភាព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើការ​ណែនាំ​ជា​ថ្មី​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទាញ​យក​កម្មវិធី​ណាមួយ សូមកុំ​ទាញ​យក​កម្មវិធី​ណា​ដែល​លោក​អ្នក​មិន​ត្រូវការ​ជា​ចាំបាច់ ហើយ​ជា​ពិសេស​កម្មវិធី​ណា​ដែល​លោក​អ្នក​មិន​ស្គាល់​ប្រភព​ច្បាស់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ