បច្ចុប្បន្ន កសិករមានការចាប់អារម្មណ៍លើការចិញ្ចឹមកង្កែប ព្រោះអាចរកចំណូលបន្ថែមលើការធ្វើស្រូវនិងដាំដំណាំ ។ បងស្រី សាំង សៀម បានចិញ្ចឹមកង្កែបតាមរបៀបសាមញ្ញក្នុងរណ្តៅក្រាលថង់ប្លាស្ទិក រយៈពេល៤ខែអាចចាប់ធ្វើម្ហូប និងលក់បាន ដោយកង្កែប៥-៦ក្បាល មានទម្ងន់១គីឡូក្រាម ។ សព្វថ្ងៃ នៅលើទីផ្សារកង្កែប១គីឡូក្រាម មានតម្លៃ១០.០០០រៀល ។
បងស្រី សាំង សៀម រស់នៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ គាត់បានចិញ្ចឹមកង្កែបទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ។ របៀបចិញ្ចឹមបង្ហាញជូនដូចខាងក្រោម ៖
១-ការជ្រើសទីកន្លែងចិញ្ចឹម
ជ្រើសរើសកន្លែងនៅលើដីរាបស្មើ ស្រឡះ មិនលិចទឹកនៅពេលមានភ្លៀង ឬខែវស្សា កន្លែងស្ងាត់ ពិសេសឆ្ងាយពីផ្លូវមនុស្សដើរ ដើម្បីឱ្យការចិញ្ចឹមបានល្អ ។
២-ការរៀបចំទីកន្លែង
គាត់កាប់រណ្តៅដែលមានទំហំទទឹង៣ម៉ែត្រ បណ្តោយ៥ម៉ែត្រ ។ រណ្តៅនោះខ័ណ្ឌចែកជា២រណ្តៅសម្រាប់ដាក់ទឹក ជីកជម្រៅ៣តឹក ក្រាលកៅស៊ូប្លាស្ទិកដាក់ទឹក និងដាំស្មៅជុំវិញ រួចដាក់កំប្លោកពីលើ ។ រណ្តៅសម្រាប់កង្កែបក្រាំងមានជម្រៅ១តឹក ក្រាលថង់ប្លាស្ទិក រួចដាក់ភក់ពីលើ និងគ្របគម្របពីលើ ។ នៅជុំវិញរណ្តៅ គាត់បានធ្វើរបងព័ទ្ធជុំវិញពីឫស្សី និងព័ទ្ធកៅស៊ូប្លាស្ទិកពីខាងក្នុង និងខាងក្រៅ ដើម្បីការពារកុំឱ្យកង្កែបលោតចេញ ។ របងមានកម្ពស់១,៥ម៉ែត្រ ។
៣-ការចិញ្ចឹម
ចំពោះកូនកង្កែបដែលគាត់បានដាក់ចិញ្ចឹមមានចំនួន៥៥០ក្បាល (ដើរចាប់តាមស្រែនៅរដូវវស្សា) ។ មានទំហំប៉ុនម្រាមដៃចំនួន៣៩៦ក្បាល និង១៥៤ក្បាលទៀតមានទំហំប៉ុនមេជើង ។
បរិមាណចំណីដែលគាត់បានដាក់ឱ្យកង្កែបស៊ី ទៅតាមដំណាក់កាលលូតលាស់របស់កង្កែប។ នៅអាទិត្យដំបូងចំនួន២គីឡូក្រាម (ឱ្យស៊ីក្នុងមួយថ្ងៃម្តងនៅពេលព្រលប់) ។ ប្រភេទចំណីទាំងនោះមានដូចជា ជន្លេន បាយ កន្ទក់ អាចម៍ត្រីលាយបញ្ចូលគ្នា ។ នៅពេលយប់ គាត់បានដាក់អំពូលភ្លើងនៅក្បែររណ្តៅ ដើម្បីឱ្យសត្វមកលេងភ្លើង ពេលនោះកង្កែបអាចចាប់សត្វល្អិតនោះស៊ីបាន (ប្រភេទសត្វល្អិតមានដូចជា កណ្តូប ចង្រិត) ។ នៅអាទិត្យទី៤ គាត់បន្ថែមចំណីផ្សេងៗជាច្រើន ដូចជា ក្តាម កូនត្រី អាចម៍ត្រី លាយបញ្ចូលគ្នាជាមួយបាយកក កន្ទក់ ជន្លេន ប្រមាណជា៣គីឡូក្រាម ដាក់ឱ្យស៊ីក្នុងមួយថ្ងៃម្តង ។ របៀបដាក់ចំណី គឺគាត់បានក្រាលកម្រាលពីក្រោម ដើម្បីកុំឱ្យចំណីកប់ក្នុងភក់ ។
៤-ការថែទាំ
គាត់ផ្លាស់ប្តូរទឹកក្នុងរណ្តៅ នៅពេលវាមានក្លិនមិនល្អ និងត្រូវឧស្សាហ៍ប្រមូលកាកសំណល់ចំណីដែលសល់ពីកង្កែបស៊ីចោល ដើម្បីកុំឱ្យកើតជំងឺ ។ ឧស្សាហ៍ចូលបើកជម្រកកង្កែប ដើម្បីពិនិត្យមើលក្រែងមានសត្វល្អិតចង្រៃផ្សេងៗចូលនៅ ។ ករណីបើកង្កែបមានរបួស គាត់យកត្រប់ពុតលំញង ឬត្រប់ខារ១គីឡូក្រាម បុកលាយជាមួយទឹក៣០លីត្រដាក់ឲ្យផឹក ឬហែលលេង២-៣ថ្ងៃ និងត្រូវប្តូរទឹកចេញ បន្ទាប់មកដាក់ទៀតរហូតដល់កង្កែបជា ។ បើកង្កែបកើតព្រូនត្រូវយកក្តាមទៅបុកឱ្យស៊ី ឬលាយជាមួយចំណីឱ្យស៊ីក៏បាន ។
៥-ការប្រមូលផល
ក្រោយការចិញ្ចឹមបានរយៈពេល៤ខែឡើងទៅ កង្កែបធំអាចយកទៅលក់ឬធ្វើជាម្ហូបបរិភោគបាន ។ កង្កែប៥-៦ក្បាល មានទម្ងន់១គីឡូក្រាម ។ ដោយក្នុង១គីឡូក្រាម លក់បានតម្លៃ៤.៥០០រៀល ។ នៅក្នុងឆ្នាំ២០០៦ បន្ទាប់ពីដាក់ចិញ្ចឹម គាត់លក់បាន៣០គីឡូក្រាម (២៣០ក្បាល) ស្មើនឹង១៣៥.០០០រៀល ដោយមិនគិតពីការហូបក្នុងគ្រួសារទេ ។ គាត់ចាប់លក់ជាបន្តបន្ទាប់នៅពេលសង្កេតឃើញកង្កែបធំ ។
យោបល់បន្ថែមរបស់អ្នកនិពន្ធ
កង្កែបជាសត្វមានប្រយោជន៍ណាស់ វាជាមិត្តរបស់កសិករ អាចជួយកសិករក្នុងការកម្ចាត់សត្វល្អិតចង្រៃបំផ្លាញដំណាំបានយា៉ងច្រើន ។ ដូច្នេះ បងប្អូនកសិករគួរចិញ្ចឹមឱ្យបានច្រើន ដោយលែងទៅក្នុងចម្ការ ស្រែខ្លះ ទុកបរិភោគ និងលក់ខ្លះ ។ កុំប្រមូលចាប់ឱ្យអស់ពីស្រែពេក ឬចាប់លក់អស់ពេក ព្រោះអាចធ្វើឱ្យសត្វល្អិតចង្រៃកើតឡើងកាន់តែច្រើន ប្រសិនបើគ្មានការជួយស៊ីបំផ្លាញពីសត្វកង្កែប ។
សរុបមក បច្ចេកទេសសំខាន់ៗក្នុងការចិញ្ចឹមកង្កែបមាន ៖
-ជ្រើសរើសកន្លែងចិញ្ចឹមលើដីស្រឡះ មិនលិចទឹកនៅខែវស្សា
-ជីករណ្តៅទំហំបណ្តោយ៥ម៉ែត្រ ទទឹង៣ម៉ែត្រ ជម្រៅ៣តឹក ដោយក្រាលប្លាស្ទិកពីក្រោម
-ខ័ណ្ឌរណ្តៅជា២ផ្នែកសម្រាប់ដាក់ទឹក និងសម្រាប់កង្កែបក្រាំង
-ផ្តល់ចំណីចម្រុះមាន ជន្លេន បាយ កន្ទក់ អាចម៍ត្រី ទៅតាមដំណាក់កាលលូតលាស់របស់កង្កែប
-ថែទាំផ្លាស់ប្តូរទឹកក្នុងរណ្តៅ ប្រមូលកាកសំណល់ចោល និងព្យាបាលកង្កែបដែលមានរបួស ៕
ចែករំលែកព័តមាននេះ