គន្លឹះ​សំខាន់​ៗជួយ​អ្នកគេចផុតពីអំពើឆបោក និងបទល្មើសផ្សេងៗលើ​បណ្តាញ​អ៊ីនធឺណិត​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំខាន់​ៗជួយ​អ្នកគេចផុតពីអំពើឆបោក និងបទល្មើសផ្សេងៗលើ​បណ្តាញ​អ៊ីនធឺណិត​

1 ខែ មុន

រាជធានីភ្នំពេញ ៖ យោង​តាម នាយកដ្ឋាន​ព័ត៌មានវិទ្យា​បានឱ្យ​ដឹង​ថា កំណើន​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិតនៅកម្ពុជា កាន់តែ​ច្រើន​ឡើងជា​រៀងរាល់ថ្ងៃ ក្នុង​ពេល​ដែល​ចំណេះដឹង ស្តី​ពី​ហានិភ័យ​របស់​ប្រជាពលរដ្ឋ​ហាក់​នៅ​មាន​កម្រិត​។ ជនខិលខូច​បាន​ឆ្លៀតឱកាស កេង​ចំណេញ​ពី​អ្នក​ប្រើប្រាស់…

រាជធានីភ្នំពេញ ៖ យោង​តាម នាយកដ្ឋាន​ព័ត៌មានវិទ្យា​បានឱ្យ​ដឹង​ថា កំណើន​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិតនៅកម្ពុជា កាន់តែ​ច្រើន​ឡើងជា​រៀងរាល់ថ្ងៃ ក្នុង​ពេល​ដែល​ចំណេះដឹង ស្តី​ពី​ហានិភ័យ​របស់​ប្រជាពលរដ្ឋ​ហាក់​នៅ​មាន​កម្រិត​។ ជនខិលខូច​បាន​ឆ្លៀតឱកាស កេង​ចំណេញ​ពី​អ្នក​ប្រើប្រាស់ តាម​រូបភាព​ល្មើសច្បាប់​ផ្សេង​ៗ រួម​មាន​អំពើ​ឆបោក​ប្រាក់ អំពើ​គំរាម ការ​លួច​ទិន្នន័យ​។​ល​។

ដើម្បី​ការពារ​ខ្លួន និង​កាត់​បន្ថយ​ហានិភ័យ​លើ​បណ្តាញ​អ៊ីនធឺណិត ក្រុមការងារ​សូម​លើកយក​នូវ គន្លឹះ​ចំនួន ០៨ ដូច​ខាងក្រោម​៖
១- ត្រូវ​គិត​មុន​ពេល​ដែល​អ្នក​ចុច​លើ​តំណ​ភ្ជាប់​ផ្សេង​ៗ ដែល​តំណ​ភ្ជាប់​ទាំងនោះ​អាច​នាំ​អ្នក​ទៅ​កាន់​គេហទំព័រ​ចម្លង​មេរោគ (Drive-by download) ឬ​បន្លំ​លួច​ព័ត៌មាន (Phishing)​។
២- ដំឡើង និង​ប្រើប្រាស់​តួនាទី​ការពារ​ទី​២ (Two-Factor Authentication / 2FA) ដែល​ជួយ​ការពារ​គណនី​អ៊ីនធឺណិត​របស់​អ្នក ពី​ការ​លួច​ចូល​ទៅ​ប្រើប្រាស់ បើ​ទោះបី​ឈ្មោះ និង​លេខ​សម្ងាត់​គណនី​ត្រូវ​បាន លួច​យក​ដោយ​ប្រការ​ណាមួយ​ក៏​ដោយ​។

៣- ចេះ​ធ្វើការ​វិភាគ និង​សង្ស័យ​សកម្មភាព​ផ្សព្វផ្សាយ លើ​បណ្តាញ​អ៊ីនធឺណិត ដែល​មាន​ភាព​មិន​ប្រក្រតី និង​អាច​អូស​ទាញ​លោក​អ្នក​ធ្លាក់ ក្នុង​ឧបាយកល​ឆបោក​ប្រាក់ ឬ​ធ្នាក់​ឱ្យ​លោក​អ្នកចូលរួម​ប្រព្រឹត្តិ​បទល្មើស​ផ្សេង​ៗ ។
៤- ធ្វើការ​គាំពារ​ព័ត៌មាន​ផ្ទាល់ខ្លួន (Personal Information) តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម (Social Media / Social Network)​។ ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជនខិលខូច ក្នុង​គម្រោងការ​ឆបោក​ផ្សេង​ៗ ។


៥- សូម​ធ្វើ​បច្ចុប្បន្នភាព (Update / Patch) កម្មវិធី និង​ប្រព័ន្ធ​ប្រតិបត្តិការ នៃ​ឧបករណ៍​បច្ចេកវិទ្យា​របស់​អ្នក ដើម្បី​ការពារ​ពី​ការ​ជ្រៀតចូល​ពី​សំណាក់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​។
៦- ធ្វើការ​ត​ភ្ជាប់​ឧបករណ៍​បច្ចេកវិទ្យា​របស់​អ្នក ក្នុង​បណ្តាញ​ណេ​ត​វើក ដែល​មាន​សុវត្ថិភាព​។ កា​រត​ភ្ជាប់​ជាមួយ​បណ្តាញ​ណេ​ត​វើក​សាធារណៈ (Public Wifi) អាច​ធ្វើ​ឱ្យ​អ្នក​ស្ថិត ក្នុង​ហានិភ័យ​នៃ​ការ​ស្កាត់​លួច​ចរាចរណ៍​ទិន្នន័យ ឬ​ការ​ចម្លង​មេរោគ​ជាដើម​។

៧- ធ្វើការ​ស្វែង​យល់​អំពី​បច្ចេកទេស​វិស្វកម្ម​បណ្តាញ​សង្គម (Social Engineering) ដែល​ជា​បច្ចេកទេស​លួងលោម ឬ​បញ្ឆោត ប្រើប្រាស់​ដោយ​ជនខិលខូច​ជា​មធ្យោបាយ សម្រេច​គោលបំណង​ទុច្ចរិត​ផ្សេង​ៗ​។
៨- ធ្វើការ Back-up ទិន្នន័យ​សំខាន់​ៗ ឱ្យ​បាន​ទៀងទាត់ ដើម្បី​ការពារ​ការ​បាត់បង់​ដោយ​ប្រការ​ណាមួយ ជា​ឧទាហរណ៍ ការ​ខូច​អង្គ​ផ្ទុក​ទិន្នន័យ ការ​ចាក់សោរ​ទិន្នន័យ​ដោយ​មេរោគ​ជម្រិត​ទារប្រាក់ (Ransomware) ជាដើម​៕