ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ជំងឺ​លើស​សម្ពាធ​ឈាម អាច​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជ​.​ស៊ង សុ​ភ័ក្ត្រ ឯកទេស​ជំងឺ​បេះដូង សរសៃឈាម នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​គូសបញ្ជាក់​ថា ៖ ជំងឺ​លើស​សម្ពាធ​ឈាម​ជា​បញ្ហា​ចំបង​មួយ​សំរាប់​សុខភាព​សាធារណៈ​របស់​ប្រជាជន​កម្ពុជា ដែល​ជា​ទូទៅ​វា​ជា​មូលហេតុ​ចម្បង​ដែល​តម្រូវ​អោយ​អ្នកជំងឺ​មក​ជួប​គ្រូពេទ្យ​។…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជ​.​ស៊ង សុ​ភ័ក្ត្រ ឯកទេស​ជំងឺ​បេះដូង សរសៃឈាម នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​គូសបញ្ជាក់​ថា ៖ ជំងឺ​លើស​សម្ពាធ​ឈាម​ជា​បញ្ហា​ចំបង​មួយ​សំរាប់​សុខភាព​សាធារណៈ​របស់​ប្រជាជន​កម្ពុជា ដែល​ជា​ទូទៅ​វា​ជា​មូលហេតុ​ចម្បង​ដែល​តម្រូវ​អោយ​អ្នកជំងឺ​មក​ជួប​គ្រូពេទ្យ​។ ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បង្ក​នូវ​ផលវិបាក​ជា​ច្រើន ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល បេះដូង សរសៃឈាម និង​តម្រងនោម​។

ក​) តើ​អ្វី​ទៅ​ជា​ជំងឺ​លើស​សម្ពាធ​ឈាម?
ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​គ្រូពេទ្យ ហើយ​ត្រូវ​បាន​បែងចែក​សម្ពាធ​ឈាម​ទៅ​តាម​ចំណាត់ថ្នាក់ ដូច​តទៅ ៖ សម្ពាធ​ឈាម​នៅ​ពេល Systole (mmHg)

  • សម្ពាធ​ឈាម​ធម្មតា តូច​ជាង ១២០
  • ជិត​លើស​សម្ពាធ​ឈាម ចាប់ពី ១២០-១៣៩
  • លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​១ ចាប់ពី ១៤០-១៥៩
  • លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​២ ធំ​ជាង ១៦០ សម្ពាធ​ឈាម​នៅ​ពេល Diastole (mmHg)
  • សម្ពាធ​ឈាម​ធម្មតា តូច​ជាង​៨០ –
    ជិត​លើស​សម្ពាធ​ឈាម ចាប់ពី ៨០-៨៩
  • លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​១ ចាប់ពី ៩០-៩៩
  • លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​២ ធំ​ជាង ១០០ ។

ខ​) មូលហេតុ​ដែល​បង្ក​អោយ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ៖
ក្នុង​ចំណោម​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​ប្រហែលជា​៩០​ភាគរយ យើង​ពុំ​អាច​រក​ឃើញ​ពី​មូលហេតុ​បង្ក​នៅឡើយ​ទេ (Hypertension artérielle essentielle ou primitive) តែ​មាន​ប្រហែលជា​១០​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ដែល​នៅ​ក្នុង​នោះ​រួម​មាន ៖

  • ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ប្រភេទ AINS, Corticoïdes
  • ជំងឺ Cushing (Maladie de Cushing)
  • ជំងឺ​ដុំ​ក្រពេញ​លើ​តម្រងនោម (Phéochromocytose)
  • ជំងឺ​ដុំ​គីស​ច្រើន​នៅ​តម្រងនោម (Polykystose rénale)
  • ជំងឺ​លើស​សម្ពាធ​ឈាម​ដោយសារ​សរសៃឈាម​តម្រងនោម (Hypertension artérielle rénovasculaire)
  • ជំងឺ​ត្បៀត​សរសៃឈាម​អា​អក (Coartation aortique)
  • ជំងឺ​សរសៃឈាម​អា​អក (Maladie aortique) ។

គ​) រោគ​សញ្ញា​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម ៖
ជា​ទូទៅ​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​មាន​រោគ​សញ្ញា​អ្វី​អោយ​ច្បាស់លាស់​ទេ តែ​ភាគច្រើន​នៃ​រោគ​សញ្ញា ស្តែង​ចេញ​ជា​ផលវិបាក​នៃ​ជំងឺ​នោះ​។

ឃ​) ផលវិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម ។
១) ការ​ប៉ះពាល់​ទៅ​លើ​បេះដូង
​ ៖ ​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​កត្តា​ដែល​បង្ក​អោយ​មាន​កំណកខ្លាញ់​នៅ​ក្នុង​សរសៃឈាម​បេះដូង (athérome) ដែល​អាច​បណ្ដាល​អោយ​មាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង (cardiopathie ischémique)​។

ជំងឺ​នេះ​ក៏​ជា​កត្តា​ធ្វើ​អោយ​សាច់ដុំ​បេះដូង​ឡើង​ក្រាស់ (Hypertrophie ventriculaire gauche) ដែល​ជា​កត្តា​មួយ ធ្វើ​អោយ​សាច់ដុំ​បេះដូង​ត្រូវការ​អុក​ស៊ី​សែន​លើស​ពី​ធម្មតា ដែល​បណ្ដាល​អោយ​មាន​ជំងឺ​បេះដូង​កាន់តែ​ធ្ងន់ធ្ងរ​។
រោគ​សញ្ញា​ដែល​ស្ដែង​ចេញ​មាន​ដូច​ជា ៖

  • ឈឺទ្រូង​ចាក់​មក ក ឬ​ដើមដៃ​ឆ្វេង (Angine de poitrine)
  • ហត់​នៅ​ពេលធ្វើការ​ងារ​ប្រចាំ​ថ្ងៃ រឺ​ក៏​ហត់​នៅ​ពេល​សម្រាក ។

២) ការ​ប៉ះពាល់​ទៅ​លើ​សរសៃឈាម ៖ ជំងឺ​លើស​សម្ពាធ​ឈាម​បង្ក​អោយ​មាន

  • កំណកខ្លាញ់​នៅ​ក្នុង​សរសៃឈាម (arthérome)
  • ការ​រីក​ប៉ោង​ធំ​នៃ​សរសៃឈាម (Anévrysmes)
  • ការ​បែក​នូវ​សរសៃឈាម​ធំ (dissections aortiques)
  • ការ​ស្ទះ​សរសៃឈាម​នៅ​ជើង (artériopathie oblitérante des membres inférieurs) ដែល​ស្ដែង​ចេញ​អោយ​ថមថយ​នៅ​ចំងាយ​ដើរ​របស់​អ្នកជំងឺ (claudication intermittente) ។

៣) ការ​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ ៖ ជំងឺ​លើស​សម្ពាធ​ឈាម អាច​បង្ក​អោយ​មាន​ជា​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ឬ​បែក​សរសៃឈាម​នៅ​ខួរក្បាល (Accident vasculaire cérébral ischémique ou hémorragique) ដែល​រោគ​សញ្ញា ស្ដែង​ចេញ​ដោយ​អ្នកជំងឺ​ទន់ដៃទន់ជើង រឺ​មួយ​ចំហៀង​ខ្លួន និយាយ​មិន​ច្បាស់ ឈឺក្បាល និង​បាត់បង់​ស្មារតី​។

៤) ការ​ប៉ះពាល់​ទៅ​លើ​តម្រងនោម ៖ ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បង្ក​អោយ​មាន​ជំងឺ​ខ្សោយតម្រងនោម ដែល​ធ្វើ​អោយ​មាន​ជាតិ​សាច់​ចេញ​តាម​ទឹកនោម (​ទឹកនោមប្រៃ​) ដោយសារ​តែ​ផល​ប៉ះពាល់​ទៅ​លើ​សរសៃឈាម​តម្រងនោម ហើយ​ធ្វើ​អោយ​លើស​សម្ពាធ​ឈាម​កាន់តែ​ធ្ងន់ធ្ងរ ដែល​រោគ​សញ្ញា​ស្ដែង​ចេញ​មាន​ដូច​ជា ហើមជើង​ទាំង​សងខាង ហើម​មុខ ពិសេស​ត្របកភ្នែក​។

៥) ការ​ប៉ះពាល់​ទៅ​លើ​ភ្នែក​ ៖ ​វា​អាច​ធ្វើ​អោយ​គំហើញ​របស់​ភ្នែក​មានការ​ធ្លាក់​ចុះ ឬ​ធ្ងន់ធ្ងរ​រហូត​ដល់​មើល​ពុំ​ឃើញ​។
ជា​ទូទៅ​ផលវិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​ត្រូវ​បាន​ធើ្វ​ការ​បង្ការ ដោយ​អ្នកជំងឺ​ត្រូវ ៖

  • ពិសារ​ថ្នាំ​តាម​វេជ្ជបញ្ជា
  • មក​តាមដាន តាម​ការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​អោយ​បាន​ជាប់លាប់
  • អនុវត្ត​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ តាម​រយៈ​ការ​ពិសារ​តម​ប្រៃ​ខ្លាញ់ និង​ធ្វើ​លំ​ហាត់ប្រាណ​អោយ​បាន​ទៀងទាត់​។

លោក​វេជ្ជ​.​ស៊ង សុ​ភ័ក្ត្រ ឯកទេស​ជំងឺ​បេះដូង សរសៃឈាម នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ៖ ប្រសិនបើ​លោក​អ្នកមាន​រោគ​សញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀងរាប់​ខាងលើ​នេះ សូម​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ស្វែងរក​ការ​ការពារ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធិ​ភាព ជៀសវាង​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ