លោកពូ ហ៊ន ហឿន ជាកសិកររស់នៅភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។ នៅពេលដែលអង្គការសេដាក បានផ្សព្វផ្សាយបច្ចេកទេស ប.វ.ស ដំបូងគាត់ពុំមានការជឿជាក់ទេ បន្ទាប់មកគាត់ក៏បានសាកល្បងធ្វើលើផ្ទៃដី៥អារ ឃើញថាលទ្ធផលបានល្អប្រសើរជាងការធ្វើតាមទម្លាប់មែន ។
គាត់ក៏បានសម្រេចចិត្តអនុវត្តលើផ្ទៃដី៤០អារ បានទទួលទិន្នផល ១ ៦៨០គីឡូក្រាម (ស្មើ៤,២តោនក្នុង១ហិកតា) បើប្រៀបធៀបការធ្វើតាមទម្លាប់នៅលើផ្ទៃដី៤០អារនេះ ទទួលបានតែ២,១តោនប៉ុណ្ណោះ ។
ចំពោះបច្ចេកទេសដែលបានអនុវត្តមាន ៖
-ត្រាំគ្រាប់ស្រូវជាមួយស្លឹកស្ដៅ និងមើមរំដេង (ដើម្បីសម្លាប់មេរោគ) ត្រាំ១យប់ ផ្អាប់២យប់ រួបស្រង់យកគ្រាប់អណ្ដែតចេញ ។
-សាបរង្វើលៗ (ប្រើពូជ២គីឡូក្រាម លើផ្ទៃដី៤អារ) ។
-ភ្ជូររាស់កៀរដីឱ្យស្មើល្អ និងកប់បញ្ចូលនូវជីកំប៉ុស្តទៅក្នុងដី ។
-ស្ទូងសំណាបអាយុ២២ថ្ងៃ ។
-ជ្រើសរើសសំណាបថ្លោសល្អ យកមកស្ទូង និងដកភ្លាមស្ទូងភ្លាម ។
-ស្ទូង១ដើមក្នុង១គុម្ភៗ ដោយទុកចន្លោះ៣តឹក ។
ស្ទូងរាក់ៗ ជាជួរ ដោយប្រើខ្សែទាញ ។
-ថែទាំនៅពេលស្រូវដុះលូតលាស់ និងបែកគុម្ភដូចជា ដកស្មៅ គ្រប់គ្រងទឹកឱ្យមានតិចៗនៅក្នុងស្រែ បន្ថែមជីដោយព្រាចស្លឹកឈើស្រស់ក្នុងស្រែ ។
ចំណាប់អារម្មណ៍របស់កសិករលើការធ្វើស្រែតាមបច្ចេកទេស ប.វ.ស
លោកពូមានប្រសាសន៍ថា ការធ្វើស្រូវនេះគាត់បានផ្លាស់ប្ដូរពីទម្លាប់ចាស់ស្ទើរទាំងស្រុង ដូចជាអាយុសំណាប ពីមុនធ្លាប់ស្ទូងសំណាបអាយុ៣៦ថ្ងៃ សាបសំណាប់ញឹក ដកសំណាបចងជាកណ្ដាប់ កាត់ចុងស្ទូង៣ទៅ៤ដើមក្នុង១គុម្ព ដកស្មៅស្រូវតែម្ដង ប្រើជីគីមី ។ល។ ក្រោយពីបានផ្លាស់ប្ដូរទម្លាប់ទាំងនោះមកឃើញថា ទិន្នផលកើនឡើងទ្វេដង ហើយការចំណាយក៏ធ្លាក់ចុះច្រើន ជាពិសេសលើពូជ និងជីគីមី ។ គាត់នឹងបន្តធ្វើតាមបច្ចេកទេស ប.វ.ស នេះរហូតទៅ ៕
ចែករំលែកព័តមាននេះ