១-គោព្រៃ (Bos sauveli )ជាសត្វចតុប្បាទនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
ឈ្មោះគោព្រៃជាន័យដើម និងន័យត្រង់នៃភាសាជាតិខ្មែរតែម្តង ហើយត្រូវបានសត្តវិទូអន្តរជាតិទទួលស្គាល់ និងដាក់នាមដូចៗគ្នា ទោះជាភាសាអង់គ្លេស អេស្ប៉ាញ និងបារាំងគឺប្រើពាក្យតែមួយ «Kouprey» ។ វាមានឈ្មោះវិទ្យាសាស្ត្រ «Bos sauveli» មានប្រវែងដងខ្លួនពី២,១-២,៣ម៉ែត្រ មានកម្ពស់ពី១,៧-១,៩ម៉ែត្រ និងទម្ងន់ពី៧០០-៩០០គីឡូក្រាម ។ គោព្រៃមានរូបរាងស្រដៀងនឹងទន្សោង មានបួរវែងធ្លាក់ចុះដល់ជង្គង់ និងហៀរស្ទើរតែដល់ដីចំពោះគោឈ្មោល ។ ស្នែងគោព្រៃឈ្មោលនិងញី មានលក្ខណៈប្លែកគ្នា ដោយស្នែងឈ្មោលធំជាង ដុះចេញកោងទៅមុខ និងងើបឡើងលើព្រមទាំងមានព្រុយចុងស្នែង ។ ស្នែងញីដុះមកខាងមុខរាងងើបបន្តិច ហើយកួចរមួលឡើងលើ។ ចាប់ពីជើងក្រោមជង្គង់ចុះមកមានពណ៌ស ឬប្រផេះ និងប្រផេះចាស់ នៅពេលមានអាយុច្រើន ។ កាលពីសម័យមុនសង្គ្រាម គោព្រៃត្រូវហាមបរបាញ់តាមរយៈប្រកាសលេខ១៩១ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦០ ។ ក្រោយរបបប៉ុល ពត គោព្រៃក៏ត្រូវហាមបរបាញ់ម្តងទៀត តាមរយៈប្រកាសលេខ៣៥៩ កសក.ប្រក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ គោព្រៃត្រូវហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយបានចុះក្នុងបញ្ជីឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES និងអនុសញ្ញា Convention on Migratory Species ។ ពិភពលោកបានចាត់ទុកគោព្រៃជាប្រភេទសត្វជិតផុតពូជបំផុត (Critical Endangered) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN ។ ក្នុងទសវត្សរ៍ឆ្នាំ៦០ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់និងប្រកាសថា គោព្រៃជានិមិត្តរូបនៃមរតកធម្មជាតិកម្ពុជា។ គោព្រៃក៏ត្រូវចារឹកទុកនៅក្នុងបទចម្រៀងប្រជាប្រិយរបស់ខ្មែរ តាំងពីយូរយារណាស់មកហើយ ជាពិសេសបទចម្រៀងដែលមានលក្ខណៈរៀបរាប់អំពីធម្មជាតិ ប្រដូចភាពសុខសាន្តនៃការរស់នៅរវាងមនុស្ស សត្វ និងធម្មជាតិ គឺតែមួយ។ គោព្រៃជាថនិកសត្វស្លូត រស់នៅជាហ្វូងៗ អាចឃើញមាននៅលាយជាមួយហ្វូងទន្សោង ខ្ទីង ឬ ប្រើស ។ ជាសត្វវាងវៃ រហ័សរហួនឆាប់ភ្ញាក់ផ្អើលជាងប្រភេទសត្វក្នុងត្រកូលគោសាទិស ដូចគ្នាពូកែស្រង់ក្លិន និងគេចវេះចេញពីមនុស្ស ។ មានកម្លាំងខ្លាំងពូកែ ធន់នឹងកម្ដៅថ្ងៃ អត់ធន់នឹងចំណីអាហារដែលមានគុណភាពទាប និងធន់នឹងជំងឺគោឆ្កួត ។
២-ត្រយង (Pseudibis gigantea) ជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
ឈ្មោះជាភាសាជាតិ «ត្រយង ឬក្ងយក្ស ឬឪលើក» ។ វាមានឈ្មោះវិទ្យាសាស្ត្រ« Pseudi bis gigantea» និងជាភាសាអង់គ្លេសគឺ «Giant Ibis» ។ វាមានពណ៌សម្បុរប្រផេះក្រមៅ ជើងពណ៌ក្រហមព្រលែត ចំពុះរាងកោងខុបចុះ និងប្រវែងដងខ្លួន១០៤សង្ទីម៉ែត្រ ។ ប្រភេទនេះត្រូវការពារដោយប្រកាសលេខ៣៥៩ កសក.ប្រក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ពិភពលោកក៏បានចាត់ទុកត្រយងជាប្រភេទជិតផុតពូជបំផុត (Critical Endangerd) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN ដូចគ្នានឹងគោព្រៃដែរ។ ត្រយង ជាប្រភេទសត្វស្លាបដែលកាលពីដើមឡើយមានរាយបា៉យទូទាំងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបច្ចុប្បន្ននេះមាននៅតែក្នុងភូមិភាគខាងជើងនិងឦសាននៃប្រទេសកម្ពុជាប៉ុណ្ណោះ ។ សត្វត្រយ ងមានចារឹកក្នុងបទចម្រៀងប្រជាប្រិយ និងរឿងនិទានបុរាណខ្មែរ ។ ប្រជារាស្ត្រមានជំនឿថា ជាសត្វមានភាពវាងវៃ កាលបើមានការបរបាញ់ពុំបានសម្រេចនៅកន្លែងណាមួយហើយ វានឹងមិនត្រឡប់មកទីនោះវិញជាលើកទី២ឡើយ ។ គេមានជំនឿប្រើប្រាស់ឈាមរបស់វាសម្រាប់ព្យាបាលជំងឺគ្រុនចាញ់នៅតាមតំបន់ដាច់ស្រយាល ។ ជាប្រភេទសត្វមានប្រជាប្រិយភាព ប្រជាជនមាននិស្ស័យស្រឡាញ់ចូលចិត្តជាពិសេសសម្រែកទៀបភ្លឺរបស់វា ដែលដិតជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាកសិករខ្មែរ ក្នុងអត្ថន័យនៃការឆ្លើយឆ្លងសេចក្តីស្នេហា ក៏ដូចជាការរំឭកពេលវេលាត្រូវចាកចេញទៅធ្វើស្រែចម្ការផងដែរ ។ ចំណីរបស់វាគឺសត្វឥតឆ្អឹងកងដែលរស់នៅក្នុងភក់ដូចជា ៈ ខ្យង ជន្លេន ក្តាម ។ល។ វាចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួត មានតំបន់ដីសើមច្រើន (ត្រពាំង បឹង ទន្លេ) ។ វាមានដំណើរយឺតៗ រកចំណីលើដី និងទំលើដើមឈើដើម្បីសម្រាក និងគេចពួនពីសត្រូវ ។ ជាប្រភេទសត្វទើបតែរកឃើញជាថ្មីឡើងវិញនៅកម្ពុជា បន្ទាប់ពីពិភពលោកបានអះអាងថា ផុតពូជហើយនោះ ។ ចំនួនរកឃើញថ្មីៗនៅខេត្តព្រះវិហារ គឺមិនតិចជាង១០០ក្បាលឡើយ ដែលជារបាយមួយច្រើនជាងគេក្នុងពិភពលោក ។ ប្រទេសកម្ពុជា ជាប្រទេសទីមួយដែលបានផ្តល់រូបថតនៃប្រភេទត្រយងនេះ ក្នុងធម្មជាតិមុនគេលើពិភពលោក ។ ឥឡូវ រូបភាពសត្វនេះត្រូវផ្សព្វផ្សាយទូទាំងពិភពលោកដោយទស្សនាវដ្តី National Geographic Magazine នៃសហរដ្ឋអាមេរិក ។ យើងបានចេញអនុក្រឹត្យបង្កើតតំបន់ព្រៃអភិរក្សធនធានសេនេទិច និងសត្វព្រៃ «ខេត្តព្រះវិហារ» ក៏ជាមូលហេតុនៃការអភិរក្សសត្វត្រយងនេះជាចម្បងដែរ ។ វាជាប្រភេទសត្វជិតផុតពូជបំផុត ដែលអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ជួយផ្តល់ជំនួយការពារ ថែរក្សាប្រភេទសត្វនេះឱ្យខាងតែបាន ម្យ៉ាងទៀតដោយវាមានសោភ័ណភាព និងរូបរាងស្រស់ស្អាត ជាពិសេសទើបតែរកឃើញឡើងវិញថ្មីៗនេះផងនោះ វាជាប្រភពទាក់ទាញទេសចរដ៏សំខាន់មួយ ។
៣-អណ្តើកហ្លួង (Batagur baska) ជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
ឈ្មោះជាភាសាជាតិ «អណ្តើកសរសៃ ឬអណ្តើកហ្លួង» ។ វាមានឈ្មោះវិទ្យាសាស្ត្រ «Batagur baska» និងជាភាសាអង់គ្លេសគឺ «Royal Turtle» ។ វាមានភ្នែកពណ៌ស និងច្រមុះបះឡើង ស្នូករបស់វាមានប្រវែងរហូតដល់៦០សង្ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះ ឬខ្មៅទាំងអស់ ។ ម្រាមជើងមុខធំ មានស្បែកពាសជាប់គ្នាដូចបាតជើងទា មានក្រញាំតែបួន គឺខុសប្លែកពីអណ្តើកផ្សេងទៀត ដែលមានក្រញាំប្រាំ ។ អណ្តើកនេះត្រូវហាមឃាត់មិនឱ្យធ្វើពណិជ្ជកម្មអន្តរជាតិ ដោយបានចុះក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES ។ ពិភពលោកបានចាត់ទុកអណ្តើកនេះ ជាប្រភេទសត្វកំពុងទទួងរងការគំរាមកំហែងជាសកល (Globally Threaten) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN។ កាលពីបុរាណ អណ្តើកនេះមានប្រវត្តិការពារដោយព្រះរាជក្រឹត្យ និងបានចាត់ទុកជាសម្បត្តិរបស់រាជវង្សនៅកម្ពុជាយើង ។ ពងអណ្តើកនេះ ជារឿយៗប្រមូលបានពីខែមករាដល់ខែមីនា ដែលនៅពេលនោះគេយកទៅថ្វាយតែចំពោះរាជវង្សសោយប៉ុណ្ណោះ ដូចនេះទើបប្រជារាស្ត្រឱ្យឈ្មោះថា អណ្តើកហ្លួង រហូតដល់សព្វថ្ងៃនេះ ។ ក្រោយមក ប្រជារាស្ត្រឱ្យតែចាប់បានអណ្តើកនេះ តែងតែយកមកតុបតែងលាបប្រេង ម្សៅ និមន្តព្រះសង្ឃសូត្រធម៌បួងសួងសុំសេចក្តីសុខ ហើយដោះលែងទៅវិញ ។ វាចូលចិត្តរស់នៅតាមតំបន់ពាមសមុទ្រ មានព្រែកតូចៗដែលមានព្រៃកោងកាង ឬមានរុក្ខជាតិផ្សេងទៀតដុះតាមមាត់ទឹក ។ ជាប្រភេទសត្វស៊ីអាហារគ្រប់យ៉ាង មានស្លឹកឈើ ពន្លករុក្ខជាតិ ផ្លែកោងកាង និងសត្វតូចៗផ្សេងទៀត ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ និង៩០ គេជឿថា អណ្តើកនេះបានផុតពូជពីកម្ពុជាទៅហើយ ទើបតែនៅឆ្នាំ១៩៩៥ បានរកឃើញនៅស្រុកស្រែអំបិល ខេត្តកោះកុង ហើយនៅឆ្នាំ២០០២ កន្លងទៅនេះ នាយកដ្ឋានជលផលសហការជាមួយអង្គការ WCS ភ្ញាស់បាន៣២ក្បាល ហើយបានលែងទៅក្នុងធម្មជាតិវិញ ។ វាជាប្រភេទជិតផុតពូជ ដែលអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានា កំពុងមានចំណាប់អារម្មណ៍ជួយផ្តល់ជំនួយការពារថែរក្សាប្រភេទសត្វនេះឱ្យខាងតែបាន និងម្យ៉ាងទៀត គួបផ្សំនឹងទីជម្រកព្រៃកោងកាងដ៏ស្រស់ស្អាត វាជាប្រភពទាក់ទាញទេសចរមួយដ៏គួរឱ្យចាប់អារម្មណ៍ ។
៤-ត្រីគល់រាំង (Catlocarpio Siamensis) ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
ឈ្មោះជាភាសាជាតិ «ត្រីកាហោ ឬត្រីក្បាលឡាន ឬត្រីគល់រាំង» ។ វាមានឈ្មោះវិទ្យាសាស្ត្រ «Catlocarpio Siamensis» និងឈ្មោះជាភាសាអង់គ្លេស «Giant Mekong Barb» ។ វាជាប្រភេទត្រីមានទំហំធំជាងគេនៅកម្ពុជា ។ វាអាចមានទម្ងន់ពី១៥០-៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី២-៣ម៉ែត្រ ។ ជាប្រភេទត្រីមានស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ ។ ពណ៌សម្បុរលើដងខ្លួនទាំងមូល មើលឃើញថា មានពីរពណ៌ដាច់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រមៅថ្លា ។ ដោយឡែក ស្រកាស្ថិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់ ។ ប្រភេទត្រីនេះ ត្រូវការពារដោយក្រឹត្យច្បាប់លេខ៣៣ ក្រ.ច ស្តីពីការគ្រប់គ្រងវិស័យជលផល ក្នុងជំពូក២ មាត្រា១៨ ។ បច្ចុប្បន្ននេះ រដ្ឋបាលជលផលបានណែនាំ និងលើកទឹកចិត្តដល់ស្ថានីយភ្ញាស់ និងបង្កាត់ប្រភេទពូជត្រីនានា ឲ្យធ្វើការស្រាវជ្រាវ ភ្ញាស់ និងបង្កាត់ប្រភេទពូជត្រីនេះ ដើម្បីលែងចូលក្នុងដែនទឹកធម្មជាតិ និងធ្វើវារីវប្បកម្ម ។ ចាប់តាំងពីឆ្នាំ២០០០មក នាយកដ្ឋានជលផល(បច្ចុប្បន្នរដ្ឋបាលជលផល) បានសហការជាមួយគម្រោងគ្រប់គ្រងនេសាទទឹកសាបកម្ពុជា បានធ្វើការលែងត្រីគល់រាំងដែលនេសាទបានដោយដាយ ដោយដាក់សញ្ញាសម្គាល់ដើម្បីតាមដានចរាចរណ៍ និងការលូតលាស់របស់វា ។ ត្រីគល់រាំង ជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។ គេឃើញមានរស់នៅតាមដងទន្លេមេគង្គ ជាពិសេសសម្បូរជាងគេនៅបឹងទន្លេសាប ។ រូបភាពប្រភេទត្រីនេះ ត្រូវបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត ។ គេនិយមយកស្រកាត្រីគល់រាំង មកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរយើង ។ បើប្រៀបធៀបទៅនឹងប្រភេទត្រីក្នុងស្រុកផ្សេងទៀត ត្រីគល់រាំងមានមាឌធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយស្លូតពុំដេញចាប់ប្រភេទត្រីផ្សេងទៀតជាអាហារឡើយ ។ សាច់របស់វាមានរសជាតិឆ្ងាញ់ ប្រជាជននិយមចូលចិត្តបរិភោគ ។ បច្ចុប្បន្ននេះ យើងបាននិងកំពុងជំរុញដល់ស្ថានីយភ្ញាស់បង្កាត់នានា ឱ្យព្យាយាមស្រាវជ្រាវភ្ញាស់ផលិតពូជត្រីនេះ ដើម្បីផ្សព្វផ្សាយឱ្យប្រជាកសិករយកទៅចិញ្ចឹម ព្រោះវាងាយស៊ីចំណីធម្មជាតិ ឆាប់ធំ និងអាចរក្សាពូជរបស់វាបាន ។ ទន្ទឹមនឹងនេះដែរ យើងបានបង្កើតតំបន់ការពារអន្លង់ត្រីជាច្រើននៅតាមទន្លេមេគង្គ ដើម្បីអភិរក្សពូជត្រីដ៏ជិតផុតពូជនេះ ។ វាជាប្រភេទត្រីមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ការផ្សព្វផ្សាយឱ្យប្រជាកសិករចិញ្ចឹម ព្រោះវាងាយស៊ីចំណីធម្មជាតិ និងឆាប់ធំ និងជាប្រភេទជិតផុតពូជ ដែលអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានា កំពុងមានចំណាប់អារម្មណ៍ជួយផ្តល់ជំនួយការពារថែរក្សាប្រភេទត្រីនេះឱ្យខាងតែបាន ។
៥-ដើមត្នោត (Borassu flabellier )ជារុក្ខជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
ឈ្មោះជាភាសាជាតិ «ត្នោត» ។ វាមានឈ្មោះវិទ្យាសាស្ត្រ «Borassu flabellier» និងជាភាសាអង់គ្លេសគឺ «Sugar Palm» ។ ត្នោតជាប្រភេទរុក្ខជាតិ ស្ថិតក្នុងតាលព្រឹក្សខ្ពស់ មានដើមទោល គល់ធំ ដុះត្រង់ឡើងលើ កម្ពស់ពី១០-២៥ម៉ែត្រ ឫសវាមានលក្ខណៈជាឫសយោង និងគ្មានឫសកែវ ។ តួដើមត្នោតមានភាពគគ្រើមពណ៌ក្រមៅ អង្កត់ផ្ចិតពី២០-៦០សង្ទីម៉ែត្រ ដោយប្រែប្រួលទៅតាមគុណភាពដី។ កន្សោមស្លឹកមានរាងដូចផ្លិត ប្រមូលផ្តុំគ្នានៅផ្នែកចុងកំពូលនៃដើម ។ ធាងត្នោតរលោងក្រាស់ មានពណ៌លឿងបៃតងពេលនៅខ្ចី និងលឿងត្នោតពេលមានអាយុចាស់ ព្រមទាំងមានបន្លនៅគែមសងខាងសណ្ឋានដូចជាធ្មេញរណារ។ ត្នោតញីនិងឈ្មោលមានលក្ខណៈខុសប្លែកគ្នា តាមការសម្គាល់លើផ្ការបស់វា ។ ផ្កាត្នោតឈ្មោលមានរាងមូលទ្រវែង ទំហំពី២-៤សង្ទីម៉ែត្រ ប្រវែងពី៣០-៥០សង្ទីម៉ែត្រ ។ រីឯផ្កាត្នោតញីមានសណ្ឋានជាពកមូលៗប្រវែងពី៥០-៧០សង្ទីម៉ែត្រ ដែលអាចផ្តល់ផ្លែចំនួនពី២០-៥០គ្រាប់ ។ ផ្លែត្នោតមានរាងមូលពណ៌ត្នោតក្រមៅ នៅភាគខាងក្រោម និងពណ៌បែតងនៅភាគខាងលើនៃផ្លែ ហើយប្រែពណ៌ទៅជាលឿងទុំក្រមៅពេលវាចាស់ទុំ ។ ផ្លែត្នោតមានអង្កត់ផ្ចិតប្រមាន១៣-២០សង្ទីម៉ែត្រ ដែលប្រែប្រួលទៅតាមគុណភាពដី ការកៀបយកទឹក និងអាយុកាលរបស់ដើម ។ ត្នោតជារុក្ខជាតិប្រជាប្រិយ តំណាងឱ្យសង្គមខ្មែរដែលមានវត្តមាន និងផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីសម័យកំណកំណើតនគរខ្មែរ និងជាអត្តសញ្ញាណដែលប្រជាជនខ្មែរសម្គាល់នូវទេសភាពទឹកដីរបស់ខ្លួន តាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ស្របនឹងពាក្យស្លោកថា «ដើមត្នោតជាជម្រកផ្ទះខ្មែរ» ។ កាលពីឆ្នាំ២០០៣កន្លងទៅនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ មានវិធានការទប់ស្កាត់កុំមានការបំផ្លាញទ្រព្យសម្បត្តិធម្មជាតិដូចជាៈ ព្រៃឈើ និងដើមត្នោតជាដើម ដែលបន្ទាប់មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញនូវសារាចរណែនាំលេខ៤៨១ សរណន. កសក ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ការដឹកជញ្ជូន និងធ្វើអាជីវកម្មដើមត្នោត ។ ក្នុងសង្គមខ្មែរ ដើមត្មោតមានសារសំខាន់ច្រើនយ៉ាងណាស់ដូចជា ឫសត្នោត និងផ្កាត្នោតឈ្មោលជាឱសថបុរាណសម្រាប់កែរោគគ្រុនចាញ់ កាមរោគ ឬរោគស្ពឹកចុងដៃចុងជើង ។ ដើមត្នោតអាចយកមកប្រើប្រាស់នៅក្នុងសំណង់លំនៅឋាន ក្រោលសត្វ ទូក ឬសំណង់ផ្សេងទៀត ។ បច្ចុប្បន្ន ដើមត្នោតបានកែច្នៃជាផលិតផលសិប្បកម្មដ៏មានតម្លៃក្នុងទីផ្សារ ។ ស្លឹកសម្រាប់ប្រក់ និងធ្វើជញ្ជាំងផ្ទះ ត្បាញកន្ទេល មួក ស្មុគ និងពេលខ្លះអាចប្រើប្រាស់ស្លឹកត្នោតសម្រាប់ចារ ឬសរសេរជំនួសស្លឹកទ្រាំងបានទៀតផង ។ ផ្លែត្នោត និងទឹកត្នោត មានឱជារសឈ្ងុយឆ្ងាញ់ពិសា ជាទីពេញនិយមនៃសង្គមខ្មែរ ។ ការផលិតស្ករត្នោតដោយរំងាស់ពីទឹកត្នោត គឺជាប្រពៃណីរបស់ប្រជារាស្ដ្រខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្ន ។
៦.ផ្ការំដូល (Mitrella mesnyi ) ជាផ្កានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
ឈ្មោះជាភាសាជាតិ «រំដួល» ។ វាមានឈ្មោះវិទ្យាសាស្ដ្រ «Mitrella mesnyl» និងជាភាសាអង់គ្លេស «Rumdul» ។ រំដួលជាប្រភេទរុក្ខជាតិមានកម្ពស់ពី៨-១៣ម៉ែត្រ និងមានអង្កត់ផ្ចិតពី២០-៣០សង្ទីម៉ែត្រ ។ ដើមមានសំបកពណ៌ត្នោត-លឿង ស្លឹកជាប្រភេទស្លឹកទោលដុះឆ្លាស់គ្មានខ្នាយស្ទប ទម្រង់បន្ទះស្លឹករាងទ្រវែង មានទំហំ២-៤ x ៦-១០សង្ទីម៉ែត្រ។ ផ្ការំដួលមានពណ៌លឿង-ស មានក្លិនក្រអូបផ្សាយបានឆ្ងាយ ចោលក្លិននៅពេលរសៀល និងពេលប្រលប់។ ផ្លែជាចង្កោម ពេលទុំមានពណ៌ក្រហមក្រមៅអាចបិរភោគបាន ។ រំដួលមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ហើយត្រូវប្រជាជនយើងនិយមយកមកដាំលំអតាមគេហដ្ឋាន និងសួនសាធារណៈ។ ដោយផ្ការំដួលមានក្លិនប្រអូបបែបនេះ ខ្មែរយើងពីបុរាណកាលនិយមប្រើប្រាស់វាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារី ។ ដើមរំដួល ក៏អាចកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងប្រើជាអុសសម្រាប់ដុត ។ នៅរដូវផ្លែរំដួលទុំ ប្រជាជនដែលរស់នៅក្បែរព្រៃ តែងតែបេះផ្លែរំដួលយកមកលក់ដោះស្រាយជីវភាព ។ ដោយសារផ្ការំដួលមានក្លិនដ៏ក្រអូប ជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ ហេតុនេះបានជាគេច្រើនប្រដូចនារីខ្មែរទៅនឹងផ្ការំដួល រហូតដល់មានកវីនិពន្ធខ្មែរខ្លះបានបន្សល់ទុកនូវបទចម្រៀងមួយចំនួនដូចជាៈ រំដួលក្រចេះ និងរំដួលពោធិ៍សាត់ជាដើម ។
៧. ចេកពងមាន់ Banana (Musa aromatica) ជាផ្លែឈើនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
ឈ្មោះជាភាសាជាតិ «ចេកពងមាន់» ។ វាមានឈ្មោះវិទ្យាសាស្ដ្រ «Musa aromatica» និងជាភាសាអង់គ្លេសគឺ «Chichen Egg Banana»។ ចេកត្រូវគេនិយមបរិភោគ និងប្រើប្រាស់ជាទូទៅដោយប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ។ គេអាចបរិភោគផ្លែចេកទុំ ឬកែច្នៃជាតំណាប់ ចេកបន្ទះ ចេកឆាបជាដើម ។ ក្រៅពីនេះ ចេកប្រជាជនកម្ពុជានិយមប្រើប្រាស់ជាសំណែន ឬជំនូនគ្រប់ពិធីផ្សេងៗ ដែលសូម្បីតែសម្រាប់ថ្វាយគោរពបូជាទេវតារាល់ថ្ងៃសីលផងដែរ ។ ក្នុងពាក្យស្លោក «ពេលឈឺយកដំរីទៅបន់ ពេលជំងឺស្រន់ចេកពងមាន់ក៏ស្ដាយ» នោះបញ្ជាក់ថា ចេកត្រូវប្រើប្រាស់ជាទូទៅ ព្រោះមានតម្លៃថោក ហើយផលិតផលនេះមានពោរពេញគ្រប់ទិសទី ។ ចេកពងមាន់ភាគច្រើនត្រូវគេដាំនៅតាមដីសណ្ដទន្លេមេគង្គ ជាពិសេសនៅតំបន់កោះដុះថ្មី ។ ចេកគេដាំនៅកម្ពុជាជាយូរលង់ណាស់មកហើយ ថ្វីដ្បិតតែជាដំណាំដែលមានប្រភពមកពីប្រទេសឥណ្ឌាក៏ដោយ ។ តួយ៉ាងរឿងព្រេងបុរាណខ្មែរ «ចៅស្រទបចេក» ជាភស្ដុតាងស្រាប់ ។ ក្រៅពីបានដាំយកផែ្ល ដើម្បីជាប្រភពចំណូលសម្រាប់គ្រួសាររបស់កសិករនោះ ដំណាំចេកជាដំណាំប្រើបានច្រើនមុខទៀតដូចជាៈ គល់របស់វាជាប្រភពជាតិម្សៅ «អាមីដុង» ពិសេសក្នុងពេលជួបគ្រោះទុរ្ភិក្សម្តងម្កាល ដើមវាអាចហាន់ជាចំណីជ្រូក គោ ក្របី ។ល។ ធ្វើជាខ្សែចំណងផ្សេងៗ ធ្វើជាបាយសីក្នុងពិធីសែនព្រេននានា ស្លឹកប្រើជាសម្ភារវេចខ្ចប់នំចំណី និងត្រយូងប្រើជាបន្លែស្រស់ ឬស្ល ៕
ចែករំលែកព័តមាននេះ